• Banner Banner Banner Banner Banner Banner
  • បឺត សង្ឃឹម និង អេលីត ចំរើន ប្រកាសផ្តាច់មនោសញ្ចេតនានឹងគ្នា ដើម្បីវ៉ៃដណ្តើមខ្សែក្រវាត់ និងលុយ១ម៉ឺនដុល្លារ នៅវគ្គផ្តាច់ព្រ័ត្រ
    ប្រដាល់ក្នុងស្រុក 1 month ago 101 Views

    កីឡាករ​ជម្រើសជាតិ​ឃីកបុក​ស៊ីង បឺត សង្ឃឹម និង​ជម្រើសជាតិ​ប្រដាល់គុនខ្មែរ អេលីត ចំរើន សុទ្ធតែបានអះអាង​​ពីការ​ផ្តាច់​មនោសញ្ចេតនា ក្នុងនាមជា​មិត្តភក្តិ ដែល​ហ្វឹកហាត់នៅ​ស្តាតចាស់ជាមួយ​គ្នា ដើម្បី​ធ្វើ​យ៉ាង​ណា វ៉ៃ​គ្នា​ឱ្យអស់ពី​សមត្ថ​ភាព​រៀងៗ​ខ្លួន ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើមខ្សែ​ក្រវាត់ និងប្រាក់រេង្វាន់​លេខ​១ ចំនួន​១ម៉ឺន​ដុល្លារ នៅ​លើ​សង្វៀន PNN ថ្ងៃ​អាទិត្យ​នេះ។

    ជាមួយ​គ្នា​នេះ ទាំង បឺត សង្ឃឹម និង អេលីត ចំរើន សុទ្ធតែ​បានអះអាង ពីការ​ហ្វឹកហាត់ពេញ​ដូចគ្នា ត្រៀមការ​ប្រកួត​ដ៏ធំនេះ ប៉ុន្តែ​ពួក​គេ ហាក់មិន​ហ៊ាន​បង្ហាញ​ពីការ​ជឿជាក់​ខ្លាំង មុនការ​ប្រកួត​ចាប់​ផ្តើម​ប៉ុន្មាន​ឡើយ។

    ​បឺត សង្ឃឹម បាន​និយាយ​ថា៖​ «ខ្ញុំ​បុក​ហាត់ខ្លាំង ហើយ​ខ្ញុំ​មើល​ឃើញ​ថា អាវុធ្វេង​របស់​ អេលីត ចំរើន ​ធ្ងន់ គឺគាត់ទាត់​ធ្ងន់ ហើយ​ភាគ​រយ គាត់​ទាត់​ឆ្វេង ម៉ាត់​ឆ្វេង និង​ទាត់ឆ្វេង កែង​ឆ្វេង អ៊ីចឹង​ជាយុទ្ធសាស្រ្ត​ ខ្ញុំ​ត្រូវពញ្ញាក់​ ឬកាត់​ចង្វាក់​គាត់​ឱ្យបានច្រើន ប៉ុន្តែ​ការ​ហ្វឹកហាត់​ខ្លាំង​ដូច​គ្នា ហើយ​នៅក្នុងកម្ម​វិធី​ធំបែបនេះ ខ្ញុំ​គិត​ថា អាច​ឈ្នះ​ចាញ់​គ្នា​ ដោយពិន្ទុ​ច្រើនជាង ចំណែក​ការ​សន្លប់ គឺ​លុះត្រា​តែ​មានករណី​ភ្លាត់ស្នៀត»។

    នោពេល​សួរ​ថា តើ បឺត សង្ឃឹម នឹង​នៅតែមានមនោសញ្ចេត​នា ចំពោះ អេលីត ចំរើន ទៀត ឬ​យ៉ាងណា? បឺត សង្ឃឹម បាន​ឆ្លើយ​តប​ថា៖​ «កម្មវិធីនេះ​ធំ ​លុយក៏​​ច្រើន អ៊ីចឹង​មនោ​សញ្ចេតនា យើងទុក​មួយ​ឡែក​សិន។ សំខាន់ យើងត្រូវ​វ៉ៃ​ដណ្តើម​យក​លុយ និ​ង​ខ្សែ​ក្រវាត់​សិន ព្រោះ​យើងមិនអាច​គិត​ពី​មនោសញ្ចេតនា​បាន​នោះ​ទេ គឺ​ចាំ​យើង​វ៉ៃ​ចប់ ចាំ​រាប់អានគ្នា​ទៀត ហើយ​បើសិន ​ខ្ញុំ​មាន​វាសនា​បានប្រាក់រង្វាន់នេះ ខ្ញុំ​នឹង​យក​ទៅ​ទិញ​ដី នៅតាម​ខេត្តទុក ចំណែក​​ប្រាក់​មួយ​​ចំនួន​ទៀត ខ្ញុំ​យក​ទៅឱ្យ​ប្រពន្ធ ទុកឱ្យ​គាត់​​រកស៊ី»។

    តាម​ប្រវត្តិ បឺត សង្ឃឹម និង អេលីត ចំរើន ធ្លាប់បានជួបគ្នា​ម្តង តាំងពី​ពួកគេ នៅ​ទម្ងន់​៥១​គីឡូក្រាម ដោយកាលនោះ អេលីត ចំរើន ជា​អ្នក​ឈ្នះ ប៉ុន្តែ​សម្រាប់ការ​វិលមកជួបគ្នា​លើកនេះ អេលីត ចំរើន បានចាត់ទុក បឺត សង្ឃឹម ជា​កីឡាករ​ ដែលសម្បូរ​ទាំង​បច្ចេក​ទេស និង​ទិច​និកប្រកួត គឺ​មិន​ងាយស្រួលនឹង​ប្រកួត​ជាមួយនោះ​ឡើយ។

    អេលីត ចំរើន បាន​និយាយថា៖​ «មួយ​រយៈពេលចុងក្រោយ​នេះ ខ្ញុំ​មិន​បាន​ឡើង​ប្រកួត​សង្វៀន​ផ្សេង​នោះទេ ព្រោះ​ខ្ញុំ​ទុក​ពេល​ហ្វឹកហាត់ឱ្យបាន​ពេញ ត្រៀមការ​ប្រកួតនេះ ហើយ​​ដោយសារ បឺត សង្ឃឹម ជា​កីឡាករ មាន​បច្ចេកទេសច្រើន និងទិច​និក​ប្រកួត​ច្រើន ដែល​ពិបាក​នឹង​ប្រកួតជា​មួយ​នោះ គឺ​លោកគ្រូ ក៏​បាន​បន្ថែម​នៅ​បច្ចេកទេស​ថ្មីៗ​ខ្លះ​ផងដែរ មក​ដល់​រូប​ខ្ញុំ»។

    កីឡាករ​ជំនាញ​ខាង​ជើង​ឆ្វេង អេលីត ចំរើន បានអះអាង​ថា ការ​ប្រកួតនេះ នឹង​គ្មាន​ឡើយ​មនោសញ្ចេត​នា។ ចំរើន បាន​​បញ្ជាក់​ថា៖​ «ការ​ប្រកួត​នេះ យើង​ត្រូវ​ផ្តាច់​មិត្ត​ភាព​សិន ព្រោះ​យើង​វ៉ៃ​ផ្តាច់​ព្រ័ត្រខ្សែ​ក្រវាត់ លុយ​ធំ អ៊ីចឹង​បើ​យើង​យោគ​យល់​គ្នា​ទៅ​វិញ​ទៅមក ក៏ពិបាក​ដែរ ហេតុនេះ​មានតែ​យើង​ផ្តាច់​មនោសញ្ចេតនា​សិន ដើម្បី​វ៉ៃ​យក​លុយ១ម៉ឺន​រៀង​ៗខ្លួន ថាតើ​អ្នក​ណា នឹង​ទទួលបាន ដោយ​យើង​នឹង​ខំប្រឹងធ្វើ​ឱ្យអស់​ពី​សមត្ថភាព​រៀងៗ​ខ្លួន»៕

     

  • Loading...
  • Recent Posts