គណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានឯកភាពគ្នា តាមរយៈការបោះឆ្នោតលើកដៃ ឱ្យលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្តធ្វើជាប្រធានសហព័ន្ធ នៅក្នុងអាណត្តិទី៧ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ហើយសហព័ន្ធនេះ ក៏បានបន្ថែមសមាជិកថ្មីចំនួន៦នាក់ទៀត ផងដែរ។
ឆ្លើយតបទៅនឹងការផ្តល់ទំនុកចិត្ត និងគាំទ្រឱ្យលោកបន្តធ្វើជាប្រធានសហព័ន្ធ ក្នុងអាណត្តិថ្មីនេះ អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃលោកគៀត ច័ន្ទថារិទ្ធ បានអះអាង និងប្តេជ្ញាចិត្តថា លោកនឹងប្រឹងប្រែងឱ្យបានខ្លាំងថែមទៀត ដើម្បីដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន ជាពិសេសអាចឈានទៅរកការទទួលបានជោគជ័យ នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងថា៖ «អាណត្តិទី៧នេះ ជាអាណត្តិយុទ្ធសាស្រ្តដ៏សំខាន់បំផុត ហេតុនេះជាការឆ្លើយតបទៅនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំមកលើរូបខ្ញុំ គឺខ្ញុំបាទនឹងខិតខំយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវ ស្វែងយល់ពីវិស័យនេះថែមទៀត ទាំងក្នុង និងក្រៅប្រទេស ជាពិសេស នឹងខិតខំរៀនសូត្របទពិសោធរបស់រៀមច្បងនានា ដើម្បីពាំនាំយកចំណេះដឹង និងបទពិសោធទាំងនោះ មកបម្រើដល់ការដឹកនាំ គ្រប់គ្រង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ជាពិសេសទទួលបានជោគជ័យ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ជូនព្រះរាជណាចក្រកម្ពុជា»។
នៅក្នុងមហាសន្និតបាត កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបន្ថែមបេក្ខភាព នៅក្នុងគណៈកម្មាធិការប្រតិបត្តិថ្មីទី៧នេះ ចំនួន៦នាក់ រួមមានលោក គឹម រស្មី លោក គុយ វ៉ាត លោក ហេង សុខជាតិ លោក ប៉ាន់ ស៊ីវ៉ាន់ថា លោក ស៊ុន រតនា និងកញ្ញា លាង ចន្នី ខណៈលោក ដួង វណ្ណា និងលោក សុខ វិសាល បានលាឈប់ពីតួនាទី ជាអនុប្រធានសហព័ន្ធ ក្នុងអាណត្តិថ្មីនេះ។
តាមលទ្ធផលជាផ្លូវការនៃការបោះឆ្នោតនោះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្តជាប់ជាប្រធានសហព័ន្ធ និងលោកឧត្តមសេនីយ៍ឯកបណ្ឌិត ដួង ហេង បន្តធ្វើជាអនុប្រធានទី១ ចំណែកលោក តែ សុខហេង លោកឧត្តមសេនីយ៍ឯក ពុំ វិត្យា លោកឧត្តមសេនីយ៍ឯក គឹម រស្មី លោកឧត្តមសេនីយ៍ទោ លី សេងឃុង លោក គុយ វ៉ាត និងលោក ចាន់ ពិសិដ្ឋ ជាអនុប្រធាន។
ចំពោះលោក ស៊ុន សុទ្ធារិទ្ធ បន្តធ្វើជាអគ្គលេខាធិការ លោកឧត្តមសេនីយ៍ទោ ព្រុំ ឌុចបូរ៉ានឿន ជាអគ្គហេរញ្ញិក លោក ហេង សុខជាតិ ជាអគ្គលេខាធិការរង លោក ប៉ាន់ ស៊ីវ៉ានថា ជាអគ្គហេរញ្ញិករង លោក រស់ ជាតិ សមាជិកទទួលបន្ទុកបច្ចេកទេស លោកវេជ្ជបណ្ឌិត អម សុផាណា សមាជិកទទួលបន្ទុកសុខភាព លោក ស៊ុន រតនា សមាជិកទទួលបន្ទុកអាជ្ញាកណ្តាល កញ្ញា លាង ចន្នី សមាជិកតំណាងកីឡាការិនី និងលោក អ៊ឹង ប៊ុនឃាង សមាជិកតំណាងកីឡាករ។
ជាមួយលទ្ធផល ដែលបានកើតឡើង តាមរយៈការបោះឆ្នោតនោះ បានទទួលការគាំទ្រពេញទំហឹងពីលោក វ៉ាត់ ចំរើន តំណាងឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងឱ្យក្រសួងអប់រំ យុវជន និងកីឡា គឺមានន័យថា មហាសន្និបាតបញ្ចប់អាណត្តិទី៦ និងបន្តទៅអាណត្តិទី៧ របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ត្រូវបានធ្វើឡើង ស្របទៅតាមគោលការណ៍ច្បាប់កីឡារបស់កម្ពុជា ដោយមិនមានការជំទាស់ពីភាគីណាមួយនោះទេ៕
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស