ក្រុមកញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានចាប់ដំណើរការប្រកួតកីឡាអុកចត្រង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកថ្ងៃពុធ និងគ្រោងបញ្ចប់នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
គោលបំណងធំនៃការប្រកួតថ្នាក់ជាតិប្រចាំឆ្នាំនេះ គឺដើម្បីផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី បានបង្ហាញសមត្ថភាព តាមរយៈការប្រកួតនេះ បន្ទាប់ពីពួកគេបានហ្វឹកហាត់ពេញ១ឆ្នាំ ហើយអ្វីដែលសំខាន់នេះ គឺដើម្បីជ្រើសរើសអ្នកមានសមត្ថភាព និងទេពកោសល្យ ដាក់បញ្ចូលក្នុងក្រុមជម្រើសជាតិ។
យ៉ាងណាក៏ដោយកីឡាករជើងចាស់ លោក គ្រួច ចន្ថារិទ្ធ ដែលបានវិវឌ្ឍខ្លួនទៅជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ទៅហើយនោះ បានប្រាប់ នៅក្នុងកំឡុងពេលប្រកួត កាលពីថ្ងៃពុធថា ការជ្រើសរើសកីឡាករ ដាក់បញ្ជូលនៅក្នុងក្រុមជម្រើសជាតិ មិនសំដៅតែទៅលើសមត្ថភាពមួយមុខនោះទេ។
លោក គ្រួច ចន្ថារិទ្ធ ដែលជាអនុប្រធានបច្ចេកទេសប្រចាំការប្រកួតថ្នាក់ជាតិនេះដែរ បានប្រាប់ថា៖ «យើងមិនប្រាកដថា យើងជ្រើសរើសអ្នកជាប់ចំណាត់ថ្នាក់លេខ១ លេខ២ ឬលេខ៣ ប្រចាំឆ្នាំនេះ ឱ្យចូលជម្រើសជាតិ នោះទេ ព្រោះលក្ខខណ្ឌជ្រើសរើសរបស់យើង គឺអ្នកនោះ ត្រូវមានសក្តានុពល និងមានសមត្ថភាពខ្ពស់ ពូកែលេងហើយ ត្រូវមានអត្តចរិតល្អទៀត ទើបយើងយក ប៉ុន្តែបើមានសមត្ថភាពហើយ តែមានអត្តចរិតមិនល្អ អត់ចេះគោរពចាស់ទុំ គឺសហព័ន្ធ អត់យកចូលក្រុមជម្រើសជាតិទេ ព្រោះអ្នកជាប់ជម្រើសជាតិ ជាកីឡាករតំណាងឱ្យជាតិ»។
ជាមួយគ្នានេះ នៅក្នុងពិធីបើកការប្រកួត កាលពីព្រឹកថ្ងៃពុធនោះ លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោក សេក សុភ័ក្ត្រ អគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង់កម្ពុជា បានទទូចសុំឱ្យអត្តពលិកចូលរួមទាំងអស់ ត្រូវប្រកួតគ្នា ដោយឈរលើនៅគោលការណ៍ Fair play និងប្រកបដោយសេចក្តីថ្លៃថ្នូ ដើម្បីសហព័ន្ធ អាចជ្រើសរើសអ្នកមានសមត្ថភាព ដ៏ពិតប្រាកដ សម្រាប់អ្នកចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ។
ក្រុមអត្តពលិកចំនួន៦៦នាក់ ដែលសុទ្ធតែជាបុរស បានចូលរួមការប្រកួតកីឡាអុកចត្រង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១នេះ ដោយអ្នកទាំងនេះ ត្រូវបានបែកចែកការប្រកួតជា១៦ពូល។ ពូលនីមួយៗ ត្រូវប្រកួតជម្រុះវិលជុំសន្សំពិន្ទុ ហើយអ្នកបានលេខ១ និងលេខ២ ប្រចាំពូលទាំង១៦ សរុប៣២នាក់ នឹងត្រូវឡើងទៅប្រកួតវគ្គខ្វែង តាមរូបមន្តចាញ់ធ្លាក់ៗ រហូតរកឃើញម្ចាស់ជើងឯក ប្រចាំឆ្នាំនេះតែម្តង៕
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus