• Banner Banner Banner Banner Banner Banner
  • ថ្នាក់ដឹកនាំសហព័ន្ធល្បុក្កតោរំពឹងបទ «អ្នកចម្បាំង» ក្លាយជាមេដែក ស្រូបទាញយុវជន
    កីឡាផ្សេងៗ 8 months ago 340 Views

    «អ្នក​ចម្បាំង» ជាឈ្មោះបទ​ចម្រៀង​មួយ​បទ ដែល​ទើប​ត្រូវ​បាន​និពន្ធ​ឡើង​ក្រោម​ការ​សហការ​រវាង​សហព័ន្ធ​កីឡា​គុនល្បុក្កតោកម្ពុជា ជាមួយ​ផលិត​កម្មរាម ដើម្បី​ផ្សព្វផ្សាយ​ពី​កីឡា​គុនល្បុក្កតោ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ថ្នាក់ដឹកនាំ​សហព័ន្ធ​រំពឹង​បទ​ចម្រៀង ដែលគ្រោង​ប្រ​គ​ល់​ជូន​គណៈកម្មាធិការរៀបចំការ​ប្រកួត​កីឡា​ស៊ីហ្គេម​ និង​អាស៊ាន​ប៉ារ៉ាហ្គេម ក្នុងពេល​ឆាប់ៗ​នេះ នឹង​ក្លាយ​ជាមេ​ដែក​ក្នុង​ការ​ស្រូប​ទាញ​យុវជន​ឲ្យ​ចូល​រួម​ហ្វឹក​ហាត់​គុនល្បុក្កតោ កាន់តែច្រើន។

    លោក អ៊ួ តារា អគ្គលេខាធិការរង នៃ​សហព័ន្ធកីឡា​គុន​ល្បុក្កតោកម្ពុជា រំពឹង​បទ​ចម្រៀង ដែល​ជាស្នាដៃ​និពន្ធ​រួម​គ្នា​រវាង​សហព័ន្ធ​កីឡាគុនល្បុក្កតោ ជាមួយ​ផលិត​កម្មរាម នឹង​ក្លាយ​ជា​ចលករ​ក្នុង​ការ​ផ្សព្វ​ផ្សាយ និង​ជា​មេដែក​ក្នុង​ការ​ស្រូប​ទាញ​យុវជន​ឲ្យ​ចូល​រួម​ហ្វឹក​ហាត់​កីឡា​គុនល្បុក្ក​​តោ​​កាន់​តែច្រើន ព្រោះ​បទ​ចម្រៀង​មួយនេះ បាន​បង្ហាញ​ពី​អត្ថន័យ និង​គុណតម្លៃ​នៃ​គុនល្បុក្កតោ ដោយបាន​បង្កប់​នូវប្រវត្តិសាស្ត្រ​ដ៏យូរ​លង់​តាំង​ពីសម័យ​បុព្វ​បុរស​ខ្មែរ ដែល​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

     

    «តាមរយៈបទ​អ្នក​ចម្បាំង​នេះ យើងរំពឹងថា នឹងអាចជំរុញទឹកចិត្ត ឬកៀរគរ មហាជន និង​យុវជ​ន​ឱ្យ​ចូល​រួម​ក្នុង​ចលនាគាំទ្រ គុនល្បុក្កតោ ដើម្បី​ឱ្យ​មរតក​ដូន​តា​មួយ​នេះ ពេញ​និយម​នៅ​ក្នុង​ប្រទេស និង​សាយភាយ​ទៅក្រៅប្រទេស ឱ្យ​ស័ក្តិសម​ជាមរតករបស់មហានគរ ហើយ​ជា​ពិសេស ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ​២០២៣»។ នេះ​ជា​ការ​បង្ហាញ​ក្តី​រំពឹង​របស់​លោក អ៊ួ តារា។

     

    បើ​តាម​លោក អ៊ួ តារា ការ​តាក់តែងបទចម្រៀង​អ្នក​ចម្បាំង​នេះ គឺ​វា​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ក្នុងការ​ផ្សព្វផ្សាយ​ពីព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម នា​ឆ្នាំ​២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តាមគម្រោងសហព័ន្ធគុនល្បុក្កតោ និង​ផលិត​កម្មរាម នឹងប្រគល់ MV បទចម្រៀងនេះ ជូនគណៈកម្មាធិការរៀបចំការ​ប្រកួត​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ដើម្បី​យក​ទៅ​ផ្សព្វ​ផ្សាយ​ក្នុងពេលឆាប់ៗខាងមុខនេះ។ ្កប់នូវប្រវត្តិសាស្ត្រដ៏យូរលង់ចាថិសាស្ត្រ្សលស

     

    ពាក់ព័ន្ធនឹងការផលិតបទចម្រៀងនេះ លោក អ៊ួ តារា បានបញ្ជាក់ដូច្នេះថា៖​​«បទអ្នកចម្បាំង កើត​ចេញ​ពី​កិច្ច​សហការ​រវាង​ផលិតកម្មរាម និង​​សហព័ន្ធ​គុន​ល្បុក្កតោ​កម្ពុជា ហើយ​​គោល​បំណង ​នៃ​ការ​ផលិត គឺ​ស្រប​ទៅនឹងគោល​បំណង ​នៃ​ការ​ផលិត និង​​ស្រប​ទៅតាម​​គោល​​នយោបាយ​​របស់​​រា​ជ​រដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ​ជា​​ប្រមុខ ក្នុង​ការ​​ជំរុញ​ការ​ផ្សព្វផ្សាយ​​វិស័យ​កីឡា​​គ្រប់​​មធ្យោបាយ ដើម្បី​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​​២០២៣»។

    លោកបន្ថែមថា៖ «បទអ្នកចម្បាំង គឺបានបញ្ចូលគ្នារវាងសិល្បៈសម័យ និងបុរាណ ហើយបាន​លេចជាទស្សនីយភាពថ្មីមួយ ដែលមិនធ្លាប់​មាន​ពីមុន​មក ដោយ​មាន​ជា​ទម្រង់​ស្នៀត​គុនល្បុក្កតោ និង​ទម្រង់​យុទ្ធវិធី​ទ័ព​សម័យអង្គរ និង​ខ្លឹមសារចម្រៀង ឧទ្ទិស​ស្នាដៃ​ដល់​បុព្វបុរស​ទំនៀម​ទម្លាប់ ប្រពៃណី​អ្នក​ហាត់​គុន​ជំនឿសាសនា និង​ការ​ជំរុញ​ស្មារតី​ដល់​យុវជន​ឱ្យ​មាន​ស្មារតី​ជា​អ្នក​ប្រយុទ្ធ ក្នុង​ការ​ថែ​រក្សា​មរតកដ៏​វិសេស​វិសាល​មួយនេះ»។

     

    បទចម្រៀង «អ្នក​ចម្បាំង» ត្រូវ​បាន​សហព័ន្ធកីឡា​គុនល្បុក្កតោកម្ពុជា​យក​ទៅ​ចាក់​ក្នុង​ការ​បង្ហាញ​ទស្សនីយភាព​គុនល្បុក្កតោ​ដ៏​អស្ចារ្យ​ ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​វិមាន​កីឡ​ដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ កាល​ពីថ្ងៃទី​១៨ ធ្នូ ក្រោម​អធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃកម្ពុជា។ ​ជាមួយ​វត្ត​មាន​អ្នក​ចម្បាំង​បាន​ជួយ​ឲ្យ​ការ​សម្តែង​ទស្សនីយ​ភាព គុនល្បុក្កតោ​កាន់​តែ​មាន​ភាព​ទាក់ទាញ និង​ទទួល​បាន​ការ​ចាប់​អារម្មកាន់​តែ​ខ្លាំង​ពី​មហាជន៕

     

  • Loading...
  • Recent Posts