ការទទួលបានជ័យជម្នះជាប់ៗគ្នា ចំនួន១២លើករបស់ អ្នកលេងស្នៀតជើង គង់ សំបូរ របស់ក្លិបគោព្រៃ បាននឹងកំពុងធ្វើឱ្យបេក្ខភាព៣នាក់ទៀត អេលីត មករា, រឿន ប៊ុនរួន និង រិន សារ័ត្ន មានការបារម្ភទៅលើសមត្ថភាពរបស់ គង់ សំបូង ខណៈអ្នកទាំង៤នេះ ត្រូវបានដាក់ឱ្យប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ។
បើទោះបីជា គង់ សំបូរ ធ្លាប់បានចាញ់ផ្ទួនៗ សម្រាប់ការប្រកួតដណ្តើមប្រាក់លាន នៅសង្វៀនថោននេះ សម្រាប់ការចូលរួម៥លើកកន្លងមក ប៉ុន្តែវត្តមានរបស់ គង់ សំបូរ នៅពេលនេះ វាបានក្លាយជារឿងផ្សេង ព្រោះបេក្ខភាព ដែលជាដៃគូប្រជែង សុទ្ធតែបារម្ភទៅលើស្នៀតទាត់ធ្ងន់របស់គេ។
«ខ្ញុំញញើតក្បាច់ទាត់របស់ គង់ សំបូរ គឺលំបាកប្រកួត ប៉ុន្តែធានាវ៉ៃឱ្យល្អ និងសង្ឃឹមឈ្នះ ៨០ ភាគរយ។ ចំពោះវត្តមានបេក្ខភាព២នាក់ទៀត មានកីឡាករ រិន សារ័ត្ន និង សេក គឹមរួន ខ្ញុំមិនព្រួយទេ អាចទប់ទល់បាន»។នេះជាការបញ្ជាក់របស់អ្នកលេងកណ្តាប់ដៃ អេលីត មករា សម្រាប់ការត្រៀមខ្លួនប្រកួតដណ្តើមប្រាក់លាន លើកនេះ ព្រោះ មករា ក៏ទើបសន្លប់ក្រោមដៃ គង់ សំបូរ ផងដែរ។
ចំណែក រឿន ប៊ុនរួច ដែលគេស្គាល់ថាជា សេក គឹមរួន នោះ បាននិយាយថា៖ «ខ្ញុំហ្វឹកហាត់ពេញល្អ ប៉ុន្តែសម្រាប់ការជួបគ្នាលើកនេះ ខ្ញុំបារម្ភខ្លាំង ប្រសិនចាប់ឆ្នោតប៉ះ គង់ សំបូរ តែបើជួប រិន សារ័ត្ន និង អេលីត មករា មិនសូវបារម្ភទេ»។ រីឯ រិន សារ័ត្ន ក៏មានសង្ឃឹម ៥០ទៅ៦០ភាគរយដែរ ព្រោះគេមើលឃើញថា ការប្រកួតនេះ មានការលំបាក ជាពិសេសវត្តមានរបស់ គង់ សំបូរ ព្រោះទាំង សេក គឹមរួន និង រិន សារ័ត្ន សុទ្ធតែទើបចាញ់ក្រោមដៃ គង់ សំបូរ ដូចគ្នា។
តាមស្ថិតិប្រកួតចំនួន១២លើក ចុងក្រោយនេះ គង់ សំបូរ ធ្វើបានល្អណាស់ ដោយអ្នកលេងមានរហ័សនាម «រន្ទះជើង ព្យុះសមុទ្រ» រូបនេះ បានទាត់ឱ្យ តាញ់ មករា សន្លប់ក្នុងទឹកទី២ រួចបានឈ្នះពិន្ទុលើ សោម ពិសិដ្ឋ, សេក គឹមរួន, អេលីត ភក្ដី, ថៃ រ៉េត, សូត្រ ខេវិន ហើយបានឈ្នះ រិន សារ័ត្ន នៅទឹកទី៤ ឈ្នះ អេលីត សម្ភស្ស នៅទឹកទី១ ឈ្នះ មាស សុជាតិ និង នៅ ដារ៉ូ ទឹកទី៣ដូចគ្នា ព្រមទាំងបានឈ្នះ អេលីត មករា ទឹកទី៤ និងស្មើពិន្ទុជាមួយ រិទ្ធ ប៊ុនម៉ៅក្នុងការប្រកួតបែបម៉ាស់ហ្វៃ។
ទាក់ទងនឹងការប្រកួតនេះ គង់ សំបូរ បាននិយាយថា៖ «នៅក្នុងចំណោមបេក្ខភាព៣នាក់ទៀត ដែលត្រូវចាប់ឆ្នោតប្រកួតគ្នានេះ ខ្ញុំធ្លាប់ចាញ់ និងធ្លាប់ឈ្នះភាគច្រើន ចំណែកការប្រកួតលើកនេះ ខ្ញុំមានទំនុកចិត្តឈ្នះខ្ពស់ គឺខ្ញុំរំពឹងឈ្នះ ៩០ ភាគរយ ប៉ុន្តែវាអាចលំបាកបន្តិចដែរ ព្រោះកណ្តាប់ដៃ និងស្នៀតរបស់ពួកគាត់ទាំង ៣ គឺធ្ងន់ៗ និងរឹងមាំដូចគ្នា បើមិនប្រយ័ត្នក៏អាចចាញ់បានដែរ»៕
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស