អ្នកប្រដាល់វាយមកដកថយ មានរហ័ស្សនាម «មនុស្សយន្ត» ឯម សុធី បានបង្កើតឱ្យមានភាពកាឡប់ចាក់ សម្រាប់ការឈ្នះតំណែងជើងឯករបស់គេ នៅក្នុងការប្រកួតដណ្តើមប្រាក់លាន នៅលើសង្វៀនថោន កាលពីថ្ងៃអាទិត្យ ប៉ុន្តែជ័យជម្នះ ក៏មានការរួមផ្សំពីការបង្កើតកំហុសរបស់ ឈុត សេរីវ៉ាន់ថង ទៅលើអ្នកលេងកាំភ្លើងភ្លោះ វ៉ាន់ វឿន ផងដែរ។
តាមរយៈការប្រកួតដណ្តើមប្រាក់លានលើកនេះ វ៉ាន់ វឿន ត្រូវបានគេចាត់ទុកថា ជាកីឡាករ ដែលមានលំដាប់ ឬសមត្ថភាពក្រោមគេ នៅក្នុងចំណោមបេក្ខភាពទាំង៤នាក់ ដែលឡើងប្រកួតលើកនេះ ប៉ុន្តែតាមរយៈការប្រកួតជាក់ស្តែង ឯម សុធី បានបង្កើតឱ្យមានព្យុះភ្លៀង តាមរយៈទម្ងន់ជើងទាត់ចេញដ៏ធ្ងន់របស់គេ ដើម្បីក្រសោបបានប្រាក់លាន ជាមួយការប្រកួតទាំង២លើក មិនដល់ទឹកពេញផង។
នៅក្នុងការប្រកួតជម្រុះ៣ទឹកដំបូង ឯម សុធី បានប្រើពេលតិចជាង៣នាទី នៅក្នុងទឹកទី១ ដើម្បីទាត់ឱ្យអ្នកប្រដាល់សកលជម្រើសជាតិ ទូច ដេវីត ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ បន្ទាប់ពី សុធី បានទាត់ឱ្យ ដេវីត មានបញ្ហាជើងឆ្វេង ហើយត្រូវបានអាជ្ញាកណ្តាលរាប់ចំនួន២លើកមកនោះ។
ចំណែកការឡើងទៅជួប វ៉ាន់ វឿន នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ឯម សុធី បានប្រើក្បាច់ដដែលនេះ ដើម្បីទាត់ឱ្យ វ៉ាន់ វឿន ខូចជើងក្រោមដូចគ្នា និងបានសម្រេចចិត្តបោះបង់ចោលការប្រកួត នៅក្នុងទឹកទី១ បន្ទាប់ពី វ៉ាន់ វឿន បានទទួលរងការទាត់ធ្ងន់ៗ និងត្រូវបានអាជ្ញាកណ្តាលរាប់ ជាលើកទី២នោះ។
សម្រាប់ការឈ្នះបានប្រាក់លានចំនួន ៣,៤លានរៀល ដោយប្រើការប្រកួតសរុបមិនដល់២ទឹកពេញនេះ ឯម សុធី បាននិយាយថា៖ «សម្រាប់ការប្រកួតនេះ ខ្ញុំមានការបារម្ភ ព្រោះខ្ញុំមានសមត្ថភាពរាងខ្សោយជាងគេ ហើយខ្ញុំក៏បានខកខានប្រកួតយូរដែរ ដោយសារមានរបួសជើង ប៉ុន្តែចំពោះខ្ញុំ បើមកវ៉ៃហើយ គឺត្រូវតែដាក់ចិត្ត និងតាំងចិត្តប្រកួត ហេតុនេះពេលប្រកួត ខ្ញុំមិនគិតច្រើនពេកទេ ដឹងតែចូលវ៉ៃ គឺបើគាត់មិនសន្លប់ យើងនៅតែបន្តវ៉ៃទៀត រហូតដល់ចប់ទឹក»។
យ៉ាងណាក៏ដោយ ការទាត់ វ៉ាន់ វឿន ឱ្យខូចជើង នៅក្នុងវគ្គផ្តាច់ព្រ័ត្ររបស់ ឯម សុធី ត្រូវបានគេមើលឃើញថា អាចបណ្តាលមកពីការបង្កើតកំហុសរបស់ ឈុត សេរីវ៉ាន់ថង ផងដែរ ព្រោះនៅវគ្គជម្រុះ៣ទឹកនោះ សេរីវ៉ាន់ថង បានទាត់ជើងក្រោមរបស់ វ៉ាន់ វឿន ស្ទើរមានបញ្ហាទៅហើយ ហើយនៅទឹកទី៣ វ៉ាន់ថង បានជ្រុលវាយកែងពីក្រោយបណ្តាលឱ្យ វ៉ាន់ វឿន សន្លប់ធំតែម្តង។
ករណីនេះ អាជ្ញាកណ្តាល និងចៅក្រម បានសម្រេចផ្តល់ការពិន័យទៅលើ ឈុត សេរីវ៉ាន់ថង ថាបានប្រព្រឹត្តខុសទៅនឹងបទបញ្ជានៃការប្រកួត (វាយថែមពីក្រោយ) ហើយបានផ្តល់ជ័យជម្នះទៅឱ្យអ្នកសន្លប់ វ៉ាន់ វឿន ហេតុនេះ មុនឡើងទៅជួប ឯម សុធី នៅវគ្គផ្តាច់ព្រ័ត្រ បានទ្រមខ្លួនរួចទៅហើយ។
យ៉ាងណាក៏ដោយ នៅក្រោយការប្រកួតនេះ ឈុត សេរីវ៉ាន់ថង បាននិយាយសូមទោសជាសាធារណៈទៅកាន់ វ៉ាន់ វឿន ហើយរូបគេក៏បានសរសេរបង្ហោះសូមទោស ទៅលើកំហុសអចេតនា ដែលបានបង្កទៅលើ វ៉ាន់ វឿន នេះ នៅលើហ្វេសប៊ុកផ្លូវការរបស់គេ ផងដែរ។
ឈុត សេរីវ៉ាន់ថង បានសរសេរថា៖ «ខ្ញុំបាទ ឈុត សេរីវ៉ាន់ថង សូមទោសដល់កីឡាករ វ៉ាន់ វឿន ដែលខ្ញុំមានកំហុសដោយអចេតនាក្នុងការប្រកួត ហើយក៏សូមទោសដល់ថ្នាក់ដឹងនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោកគ្រូៗ ព្រមទាំងបងប្អូនដែលស្នេហាវិស័យកីឡាប្រដាល់ទាំងអស់ចំពោះកំហុសអចេតនាមួយនេះ ហើយនេះក៏ជាលើកទី១ហើយសម្រាប់ខ្ញុំ ហើយខ្ញុំនឹងខិតខំប្រឹងប្រែងកៃខៃនៅចំណុចដែលខ្វះនេះ»៕
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស