• Banner Banner Banner Banner Banner Banner
  • អ៊ូច ធារិទ្ធ ញញើតកណ្តាប់ដៃ លាភ រដ្ឋា ប៉ុន្តែនិយាយថា នឹងវ៉ៃ ធន់ អៀនឡៃ ឱ្យសន្លប់ បើសិនចាប់ឆ្នោតប៉ះគ្នា
    ប្រដាល់ក្នុងស្រុក 2 months ago 98 Views

    កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា អ៊ូច ធា​រិ​ទ្ធ បាន​អះអាងថា ការ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ប្រាក់​លាន នៅលើ​សង្វៀន​ថោ​ន នា​ថ្ងៃអាទិត្យ​នេះ រូបគេ​មានការ​បារម្ភ និងញញើត​តែទៅ​លើ​​​អ្នកលេង​​កណ្តាប់ដៃ លាភ រដ្ឋា ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បើសិនចាប់​ឆ្នោត​ប៉ះគូ​សត្រូវ​ចាស់ ធន់ អៀន​ឡៃ គឺ​រូបគេ​នឹង​វ៉ៃ​ឱ្យ​សន្លប់ ចំណែកបេក្ខភាព​ម្នាក់​ទៀតគឺ គង់ ហូ​វ មិន​ស្ថិត​នៅ​ក្នុងការ​ចាប់អារម្មណ៍​របស់​អ្នកទាំង​៣នេះ​ទេ។

    តាម​ពិត​សិស្សគណ​ក្លិប​អាណាចក្រគុន​ខ្មែរ អ៊ូច ធា​រិ​ទ្ធ ធ្លាប់​បាន​ឈ្នះ លាភ រដ្ឋា ចំនួន​៥​លើក​មក​ហើយ ប៉ុន្តែ​ការ​ចាញ់ លាភ រដ្ឋា វិញ សម្រាប់ការ​​ជួបគ្នា​លើក​ទី​៦ កន្លង​មកនេះ បាន​ធ្វើ​ឱ្យ ធារិទ្ធ មានការចាប់អារម្មណ៍​ខ្លាំង​ទៅ​លើកណ្តាប់ដៃ​ និង​ភាព​រឹងមាំ​របស់ លាភ រដ្ឋា ដោយគេ​គិត​ថា អាច​សន្លប់បាន បើសិន​ហ៊ានតែ​ប្រហែស​នោះ។

    កីឡាករ អ៊ូច ធា​រិ​ទ្ធ បាន​និយាយថា​៖ «​នៅក្នុងចំណោម​អ្នក​ទាំង​៣​នាក់នេះ ​ខ្ញុំ​គិតថា លាភ រដ្ឋា ជា​ឧបសគ្គ​ធំ​ចំពោះ​ខ្ញុំ ព្រោះ​ឥឡូវ​គាត់​មាន​កណ្តាប់ដៃ​ធ្ងន់ និង​មាន​កម្លាំង​នៅ​ល្អ វាយ​ចេញ​លឿន ហើយ​មិន​ងាយស្រុតចុះ​នោះទេ​ អ៊ីចឹង​បើ​យើង​ទប់​ជាប់ អាច​សន្លប់​ក្រោម​កណ្តាប់ដៃ​បាន​​។​ តែ​ទោះបីជា​យ៉ាងណា ខ្ញុំ​នឹង​ព្យាយាម​គេច និង​វាយបក​យកឈ្នះ​ត្រឹម​ពិន្ទុ ហើយ​ខ្ញុំ​គិតថា ខ្ញុំ​អាចធ្វើ​បាន»។

    ចំណែក លាភ រដ្ឋា ក៏​បារម្ភ​ទៅលើ​សមត្ថភាព​របស់ អ៊ូច ធា​រិ​ទ្ធ ផងដែរ ដោយ​និយាយ​ថា៖​«​នៅក្នុង​ចំណោម​អ្នក​ប្រដាល់​ទាំង​ ៣ ​នេះ ខ្ញុំ​លំបាក​ប្រកួត​ជាមួយ អ៊ូច ធា​រិ​ទ្ធ ព្រោះ​គាត់​ប្រើ​ស្នៀត​​បាន​គ្រប់ផ្នែក និង​មាន​បច្ចេកទេស​វាយ​គេច​លឿន លំបាក​វាយ​ឱ្យ​ចូលដល់​គោលដៅ​ណាស់ តែ​ក្រៅពី អ៊ូច ធា​រិ​ទ្ធ ខ្ញុំ​មិនសូវ​ព្រួយបារម្ភ ពី​រឿង​ចាញ់នោះ​ទេ​»​។​

    ដោយឡែក​បេក្ខភាព ធន់ អៀនឡៃ ក៏មាន​សមត្ថ​ភាព​ខ្លាំង មិនអាច​មើល​រំលង​បាន​នោះដែរ ព្រោះ អៀនឡៃ ក៏ធ្លាប់ប្រកួតឈ្នះ និងចាញ់ ជាមួយ លាភ រដ្ឋា ផង​ដែរ ជាពិសេស​រូបគេ​បាន​ទម្លាក់ អ៊ូ ធារិទ្ធ នៅ​ក្នុងការ​ប្រកួត​វគ្គ​៨​នាក់​ចុង​ក្រោយ សម្រាប់ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ នៅលើ​សង្វៀន PNN ផង​ដែរ។

    តែ​ទោះបីជា​យ៉ាង​ណា អ៊ូច ធារិទ្ធ បាន​ហៅការ​កាត់សេចក្តីនោះ​ថា ជាការ​សម្រេច​ដោយ​លម្អៀង និងមិន​យុត្តិធម៌​ចំពោះ​រូបគេ ហើយការ​ប្រកួត​នេះ បើសិនជា​រូបគេ ចាប់​ឆ្នោត​ប៉ះ ធន់ អៀនឡៃ នឹង​វ៉ៃ​ឱ្យ​សន្លប់តែ​ម្តង។  ធារិទ្ធ បាន​បញ្ជាក់​ថា៖​«ធន់ អៀន​ឡៃ ដែល​ធ្លាប់​ឈ្នះ​ពិន្ទុ​ខ្ញុំ ដោយ​អយុត្តិធម៌​នោះ ខ្ញុំ​គ្មាន​ញញើត ឬ​ខ្លាច​អ្វី​បន្តិច​ទេ គឺ​ចង់​ប៉ះគ្នា​តាំងពី​វគ្គ​ដំបូង ដើម្បី​ផ្តួល​ឱ្យ​សន្លប់​តែម្តង​»​។​

    ចំណែក​លោក ធន់ សុភា គ្រូ​បង្វឹក ធន់ អៀន​ឡៃ បានចាត់ទុក អ៊ូ ធារិទ្ធ និង លាភ រដ្ឋា ជា​ឧបសគ្គ​ធំ​ ចំពោះ ​ធន់ អៀន​ឡៃ សម្រាប់ការ​ប្រកួត​ដណ្តើម​ប្រាក់លាន លើកនេះ ដោយ​បានបញ្ជាក់​ថា៖ «​អ្នក​ទាំង​២​នេះ មាន​បទពិសោធ​ល្អ ជា​កីឡាករ​ចាស់វស្សា គឺ​ពិតជា​លំបាក​ឈ្នះ​ណាស់​ ប៉ុន្តែ​ខ្ញុំ​នៅតែ​មានជំនឿថា ធន់ អៀន​ឡៃ មានប្រៀប​ឈ្នះ​ច្រើន គឺ​ ៧០ ​ភាគរយ​»​៕

  • Loading...
  • Recent Posts