• Banner Banner Banner Banner Banner Banner
  • អ្នកគ្រប់គ្រងក្លិបអង្គរថាយហ្គឺរ ថា វាមិនស្រួលទេ ពេលកីឡាករចាកចេញច្រើន តែយើងមិនប្តូរគោលដៅ ប្រជែងរកជើងឯក
    បាល់ទាត់អន្តរជាតិ 2 months ago 123 Views

    អ្នកគ្រប់គ្រងទូទៅរបស់អង្គរថាយហ្គឺរ លោក Yusuke Shinoda បាន​អះអាង​ថា វាមិនដែល​ងាយស្រួល​នោះ​ទេ នៅពេល​កីឡាករជា​ច្រើន បាន​ចាកចេញ​ជាបន្ត​បន្ទាប់គ្នា នៅ​ចុង​បញ្ចបនៃ​រដូវ​កាល ប៉ុន្តែចក្ខុ​វិស័យ និង​គោលដៅ​របស់​ក្លិប ក្នុងការ​ប្រជែង​យក​តំណែង​ជា​ជើង​ឯក ​គឺ​មិន​ប្រែ​ប្រួល​នោះ​ទេ»។

    ការ​លើកឡើងបែប​នេះ​របស់បុរសជនជាតិជប៉ុន លោក Yusuke Shinoda ក៏​ព្រោះ​តែ​កីឡាករ​ក្នុង​ស្រុក​មានគុណភាព​លេង​ល្អៗ រួមមាន​ខ្សែ​ការពារ ឈង់ ប៊ុនណាត ខ្សែ​បម្រើ​ជា​ប្រធាន​ក្រុម ឡុង ភារ៉ាត និងខ្សែ​បម្រើ ឡុង ម៉េងហាវ សុទ្ធតែ​បានសម្រេច​ចាក​ចេញ​​ពី អង្គរថាយហ្គឺរ បន្ទាប់ពី​ក្លិប​មួយនេះ បាន​ចែក​ផ្លូវជាមួយ​កីឡាករ​បរទេស Maksim Taleyko, Kosuke Uchida និង Ata Inia ​រួមទាំង​គ្រូ​បង្គោលលោក Oriol Segura ដែល​បាន​ដឹកនាំ​ក្រុមនេះ តាំងពី​ឆ្នាំ​២០១៧ មក​នោះ។

    តាម​រយៈ​ក្លិប​អង្គរថាយហ្គឺរ​ផ្ទាល់ លោក Yusuke Shinoda បាននិយាយ កាលពី​ថ្ងៃ​ចន្ទ​ថា៖​«រៀង​រាល់​ចុង​បញ្ចប់​នៃ​រដូវ​កាល គឺ​មិន​ដែល​ងាយ​ស្រួល​សម្រាប់​យើង និង​អ្នក​គាំទ្រ​ឡើយ ដែល​មាន​កីឡាករ​ជា​ច្រើន​ចាក​ចេញ។ មូល​ហេតុ​នោះ វា​ជា​ការ​សម្រេច​ចិត្ត​របស់​យើង និង​ជា​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​ខ្លួន​ឯង​ផ្ទាល់​ ដែល​ពួកគេ​ចង់​ទទួល​បាន​ការ​ប្រកួត​ប្រជែង​ថ្មី​ជាមួយ នឹង​កម្រិត​ដ៏​ខ្លាំង​មួយ​ទៀត ទោះ​បីជា​យើង​ចង់ រក្សា​ទុក​ពួកគេ ដើម្បី​ប្រកួត​ប្រជែង​សម្រាប់​រដូវ​កាល​ក្រោយ​ក៏ដោយ តែ​វា​ជា​ពេល​វេលា​ដ៏​ល្អ ​ដែល​កីឡាករ​របស់​យើង​ក្ដោប​យក​ឱកាស​ល្អៗ​ដទៃ​ទៀត»។

    «តែ​ទោះជាយ៉ាងណា​ក៏ដោយ ចក្ខុ​វិស័យ និង​គោលដៅ​របស់​ក្លិប គឺ​ក្លាយ​ជា​ជើង​ឯក ដែល​វា​​មិន​ប្រែ​ប្រួល​នោះ​ទេ។ ទោះបីជា​កីឡាករ​ល្អៗ​របស់​យើង​ចាក​ចេញ​ទៅ​ក៏ដោយ យើង​នៅ​តែ​ផ្ដោត​លើ​ការងារ​របស់​ពួក​យើង ការ​ចុះ​ហត្ថលេខា​យក​កីឡាករ​ល្អៗ​ថ្មីៗ និង​ចង់​ផ្ដល់​ឱកាស​ដល់​កីឡាករ​វ័យ​ក្មេង ​ដែល​មាន​ទេពកោសល្យ​របស់​យើង​ផង​ដែរ»។

    លោក Yusuke Shinoda បាន​បន្ថែម​ថា៖​ «តាម​ដែល​ខ្ញុំ​ចាំ បន្ទាប់​ពី​រដូវ​កាល ឆ្នាំ​២០២០ បាន​បញ្ចប់ គ្រប់​គ្នា​បាន​ភ្ញាក់​ផ្អើល និង​មិន​រំពឹង​ពី​ការ​រីកចម្រើន​របស់​យើង​ក្នុង​រដូវ​កាល ២០២១ នោះ​ទេ ប៉ុន្តែ​ឆ្នាំ​២០២១ គឺ​ជា​រដូវ​កាល​ដ៏​ល្អ​បំផុត​របស់​យើង ចាប់​តាំង​ពី​ក្រុម​យើងចាប់​ផ្តើម ក្នុង​ឆ្នាំ២០១៥មក ហេតុ​នេះពួក​យើង ក្នុង​នាម​ជា​ក្រុម​មួយ នឹង​ព្យាយាម​បង្កើត​ពេល​វេលា​រីករាយ សម្រាប់​អ្នក​រាល់​គ្នា ក្នុងឆ្នាំ២០២២។ អរគុណ​អ្នក​ទាំង​អស់គ្នា។ ពាក្យ​សម្ដី​របស់​អ្នក​ទាំង​អស់​គ្នា ​បាន​ធ្វើឱ្យ​យើង​រឹងម៉ាំ និង​តែង​ធ្វើ​ឱ្យ​យើង​មាន​កម្លាំង​ចិត្ត»៕

  • Loading...
  • Recent Posts