• Banner Banner Banner Banner Banner Banner
  • ព្រះមហាក្សត្រ ស្នើសុំអង្គការយូណេស្កូ ដាក់បញ្ចូលគុនល្បុក្កតោ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក
    កីឡាផ្សេងៗ 3 weeks ago 51 Views

    ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ស្នើ​សុំ​​លោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃ​អង្គការ​យូណេស្កូ ឱ្យ​ដាក់​បញ្ចូល​កីឡា​គុន​ល្បុក្កតោ ក្បាច់​គុន​បុរាណ​ខ្មែរ ទៅ​ក្នុង​បញ្ជី​​​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌ពិភព​លោក។

    សំណើនេះ ត្រូវបាន​ធ្វើ​ឡើង នៅ​ពេល ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី​ស្តេច​គង់ បំពេញ​ព្រះរាជកិច្ច នៅ​ទីក្រុង​ប៉ារីស នៃ​សាធារណ​រដ្ឋ​បារាំង កាលពី​ថ្ងៃ​សៅរ៍  ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ហើយ​ពេល​នេះ ព្រះអង្គ បាន​ស្តេច​យាងនិវត្តន៍​ពី​សាធារណ​រដ្ឋ​បារាំង មក​ដល់​មាតុ​​ប្រទេស​​វិញ​​ហើយ។

           ជាមួយ​គ្នា​នោះ ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី ក៏​បាន​ស្នើ​សុំ​អង្គការ​យូណេ​ស្កូ ដាក់​បញ្ចូល «រមណីយ​ដ្ឋាន​បុរាណ​វិទ្យា​កោះកេរ្តិ៍» របស់​កម្ពុជា​ ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​​វប្បធម៌​ពិភព​លោក ផងនេះ។ នេះ​បើតាម​ព័ត៌​មាន​ផ្លូវការ ដែលបាន​បង្ហោះ​នៅ​លើ​ផេច​ហ្វេស​ប៊ុក​របស់​ព្រះបរម្យ​រាជ​វាំង (Royal du Cambodge) កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា នោះ​​ដែរ។

    តាម​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​លើ​ផេច​ហ្វេសប៊ុក​ Royal du Cambodge នេះ បាន​បញ្ជាក់​ថា៖​ «ព្រះមហា​ក្សត្រ ស្នើ​សុំ​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល «គុន​ល្បុក្កតោ ក្បាច់​គុន​បុរាណ​ខ្មែរ» និង «រមណីយ​ដ្ឋាន​បុរាណ​វិទ្យា​កោះកេរ្តិ៍» របស់កម្ពុជា ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​ពិភព​លោក ក្នុង​ឱកាស​ស្តេច​គង់​បំពេញ​ព្រះរាជកិច្ច នៅ​ទី​ក្រុង​ប៉ារីស នៃ​សាធារណ​រដ្ឋ​បារាំង»។

    ផេច​ហ្វេស​ប៊ុក​ដដែល​នេះ បាន​បញ្ជាក់​បន្ថែម​ថា ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី  សព្វ​ព្រះរាជ​ហឫទ័យ ជម្រាប​ជូន​អំពី​គោល​បំណង​របស់​កម្ពុជា ដែល​កំពុង​រៀបចំ​ឯកសារ ស្នើសុំ​ដាក់​បញ្ចូល «គុន​ល្បុក្កតោ ក្បាច់​គុន​បុរាណ​ខ្មែរ» ក្នុង​ប្រភេទ​បេតិក​ភណ្ឌវប្បធម៌​អរូបី និង «រមណីយដ្ឋាន​បុរាណ​វិទ្យា​កោះកេរ្តិ៍» របស់​កម្ពុជា ក្នុងប្រភេទ​បេតិកភណ្ឌ​ពិភពលោក ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភព​លោក របស់​អង្គការ​យូណេស្កូ ក្នុង​ព្រះរាជ​​សវនការ ​ដ៏​ឧត្តុង្គ​ឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃ​អង្គការ​យូណេស្កូ កាល​ពី​​​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​នោះ៕

  • Loading...
  • Recent Posts