• Banner Banner Banner Banner Banner Banner
  • ទោះខ្ចីបទពិសោធមែនពិត តែ ឡៅ ស៊ីណាត ថា រ៉ា រ៉ង អាចឈ្នះប្រាក់លាន បើគេដាច់ចិត្តវ៉ៃ
    ប្រដាល់ក្នុងស្រុក 3 weeks ago 54 Views

    អតីត​កីឡាករជើងខ្លាំង ឡៅ ស៊ីណាត ដែលបាន​វិវឌ្ឍ​ខ្លួន​ទៅជា​គ្រូ​បង្វឹកទៅហើយ​នោះ បានអះអាង​ថា សិស្ស​របស់ខ្លួន រ៉ា រ៉ង អាច​នឹង​មានឱកាស ឈាន​ទៅ​រកការ​ឈ្នះ​ប្រាក់លាន បើ​សិនជា​រូប​គេ​ដាច់​ចិត្ត​វ៉ៃ ដោយគ្មានការ​ភ័យ​ខ្លាច ទៅ​លើ​ដៃគូជា​រៀមច្បង វៀត ​ប៊ុន​ឌឿន​, ពុទ្ធ សំបូរ ​និង ​សេក​ ចៅ​ជូត ​ក្នុងការ​ប្រកួត​បែប​ម៉ារ៉ាតុង ​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម​ នៅលើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យ​នេះ។​

    បើទោះបីជា រ៉ា រ៉ង មាន​បទពិសោធ​ប្រកួត​នៅ​ខ្ចីជាង​គេ ហើយនៅមិនទាន់​ដឹង​ថា នឹង​ត្រូវចាប់​ឆ្នោត​ប៉ះ​អ្នកណា​ នៅក្នុង​វគ្គជម្រុះ​៣​ទឹក ប៉ុន្តែ​បារម្ភ​តែ​ទៅ​លើ​ទឹក​ចិត្តប្រកួត​របស់ រ៉ា រ៉ង ប៉ុណ្ណោះ ខណៈ​សមត្ថ​ភាពវិជ្ជាគុន និង​ការ​ត្រៀមខ្លួន បាន​ល្អ​ហើយ។ « ​រ៉ា ​រ៉ង ​ទើប​ឡើង​ប្រ​កួត​​បាន​​មួយ​ឆ្នាំទេ ​តែ​​វា​មាន​បច្ចេកទេស​ប្រ​កួត​ល្អ ​​ពិសេស​ក្បាច់​ជង្គង់ ​ព្រម​ទាំង​ប្រកួត​ស៊ូ​ណាស់​ ហើយ​​កន្លង​មក ​វា​ប្រ​កួត​ចាញ់​តែ​ជើង​ខ្លាំង​ ពេជ្រ​ សម្បត្តិ​ ម្នាក់ទេ ​ក្រៅ​ពី​នេះ​ឈ្នះ​ទាំង​អស់​»។​

    គ្រូជំនួយ​របស់ រ៉ា រ៉ង រូបនេះ បាន​​បន្ថែម​ថា៖ ​«រ៉ា រ៉ង ​​ឡើង​ប្រកួត ​នៅ​មាន​លក្ខណៈ​​ខ្លាច​ៗ​គេ​ និង​ភ័យ​ផង ​ប៉ុន្តែ​បើ​វា​ចិត្ត​ដាច់​វ៉ៃ​វិញ ​ខ្ញុំ​គិត​ថា ​មាន​ប្រៀប​ឈ្នះ​ច្រើន​ណាស់​ ​ព្រោះ​កម្លាំង​ក៏​ល្អ​ដែរ​។​ ខ្ញុំ​គិត​ថា​ មាន​ទំនុក​ចិត្ត​ឈ្នះ​ ៧០ ​ភាគរយ​ ហើយ​នៅ​ក្នុង​ចំណោម​បេក្ខភាព ៣​ នាក់ទៀត​មាន​តែ ​សេក ​ចៅ​ជួត ​ទេ​ជា​ឧបសគ្គ​ ចំណែក ​វៀត ​ប៊ុន​ឌឿន ​ធ្លាក់​ចុះ​ហើយ​មិន​អី​ទេ​​»​។​

    ​កីឡា​វ័យ​​២០ឆ្នាំ ​រ៉ា ​រ៉ង ​ម្នាក់​នេះ​ ដែល​ធ្លាប់​​ប្រកួត​បាន ​២៨ ​ដង ​ឈ្នះ​ ២៧ ​និង​​ចាញ់​តែ​ម្តងនោះ ​គត់​ គឺ​ចាញ់​កីឡាករ ​ពេជ្រ​ សម្បត្តិ​។​ បាន​និយាយ​ថា​៖ ​​«​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​ នៅ​សង្វៀន​ថោន ជា​លើក​ដំបូង​នេះ​ ខ្ញុំ​មិន​ហ៊ាន​សង្ឃឹម​ទេ​ ​ព្រោះ​បងៗ​ទាំង​​៣ ​សុទ្ធ​តែជា​ជើង​ចាស់ ​និង​ខ្លាំងៗ ​អ៊ីចឹង​​ខ្ញុំ​សង្ឃឹម​ត្រឹម ​៥០ ​ភាគ​រយ​ប៉ុណ្ណោះ​»​។​

    ចំណែក​ ​ឡុង ​សុវណ្ណឌឿង ដែល​ជា​បង្វឹក វៀត ប៊ុនឌឿន នៅពេលនេះ បានប្រាប់​​​ថា ​វៀត ​ប៊ុន​ឌឿន ​មាន​​កម្លាំង​ធ្លាក់​ចុះ​ជាង​មុន​​បន្តិច​ ​ហើយ​ក៏តែ​ចាញ់​ ​សេក ​ចៅ​ជូត ​​ផងដែរ​។ រីឯ​​លោក​ សេក ​គឹម​ស៊ន ​គ្រូ​បង្វឹក ​សេក ​ចៅ​ជូត បាន​​និយាយ​ថា​៖ ​«ខ្ញុំ​រំពឹង​ឈ្នះ​ ព្រោះ​ ចៅ​ជូត​ ហាត់​បាន​ល្អ ​ហើយ​ដៃ​គូ​ទាំង ​៣ ​នាក់​នេះ ​ខ្ញុំ​គិត​ថា ​អាច​យក​ឈ្នះ​បាន​ គឺ​ខ្ញុំ​សង្ឃឹម​ថា​ ចៅ​ជូត​ ឈ្នះ​ប្រាក់​លាន​តែ​ម្តង​»​៕

  • Loading...
  • Recent Posts