• Banner Banner Banner Banner Banner Banner
  • ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ប្រកាសបើកឡើងវិញ តែអ្នកចូលរួម ត្រូវបំពេញលក្ខខណ្ឌចាំបាច់
    កីឡាផ្សេងៗ 4 weeks ago 68 Views

    គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានប្រកាស​រៀបចំ​ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ ​លើក​ទី​២៦ ឆ្នាំ​២០២១ នៅលើ​ទឹក​ដី​ខេត្ត​សៀម​រាប ឡើង​វិញ ដោយ​គ្រោងនឹង​រៀបចំការ​ប្រកួត​ជា​ថ្មី នៅថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១​នេះ បន្ទាប់​ពីស្ថានភាព​ជំងឺ​​កូ​វីដ ​១៩ មាន​ភាព​ធូរស្រាល ហើយ​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា ក៏បាន​ប្រកាស​បើក​​ទូលាយ ក្នុង​សកម្មភាព​អាជីវកម្ម​ផ្សេងៗ និង​សកម្មភាព​កីឡា​មហាជន​នានា​ឡើងវិញ កាល​ពីពេល​ថ្មីៗ​នេះ​។​

    យ៉ាងណា​ក៏​ដោយ សម្រាប់បើក ឬ​រៀបចំ​​ឱ្យមានទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរ​ជាតិ​អង្គរ ​លើក​ទី​២៦ ឆ្នាំ​២០២១ ឡើង​វិញ​នេះ NOCC និង​គណៈកម្មការ​រៀបចំ បានកំណត់​លក្ខខណ្ឌ​ចាំបាច់មួយចំនួន ដែលអ្នក​ចូល​រួម​ត្រូវតែ​អនុវត្ត ដើម្បីការពារ​ឱ្យ​បាន ពីការ​ឆ្លង​ជំងឺ​កូវីដ​១៩។

    លោក វ៉ា​ត់ ចំរើន អគ្គលេខា​ធិ​ការ​ NOCC បាន​ថ្លែងប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា​៖ «ក្រោយពី​យើង​ទទួល​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​នោះ ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរ​ជាតិ​​អង្គរ​នេះ ​នឹង​គ្រោង​ធ្វើ​វិញ នៅ​ថ្ងៃទី ​១៩ ខែ ធ្នូ ឆ្នាំ ​២០២១ ប៉ុន្តែ​ត្រូវធ្វើ​ក្នុង​លក្ខណៈ​ដោយ​ប្រុងប្រយ័ត្ន និង​គោរព​តាម​គោលការណ៍​ក្រសួង​សុខា​​ភិ​បាល​ អ៊ីចឹង​អ្វីៗ​ត្រូវបាន​កាត់បន្ថយ ដូចជា​កម្មវិធី​ជប់លៀង​កម្មវិធី​ជួបជុំគ្នា ហើយ​​កម្មវិធី មិនចាំបាច់​មួយចំនួនទៀត ក៏ត្រូវបាន​លុបចោលផងដែរ»​។

    អ្នកជំនាញកីឡា​រូបនេះ បានបបន្ថែម​ថា៖ ​«ចំណែក​អត្ត​ព​លិ​ករ​ត់​ប្រណាំង ​ត្រូវបាន​ត្រួតពិនិត្យ​ឱ្យ​ប្រាកដថា បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​រួចរាល់​។ មិនតែប៉ុណ្ណោះ យើង​ត្រូវ​រៀបចំ​ធ្វើតេស្ត មុននឹង​ចូល​ទីលាន​រត់ប្រណាំង ហើយ​រក្សា​គម្លាត ​១,៥០ ​ម៉ែត្រ​ពីគ្នា ដោយ​តម្រង់​ជួរ​វែង តែ​រត់តាម​ក្រុម​ចម្ងាយ​ផ្លូវ​ដែល​បានកំណត់​»​។

    ជាមួយ​គ្នា​នេះ ចំនួន​អ្នក​ចូល​រួម និងអ្នក​ដែលត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួម នៅក្នុង​ព្រឹត្តិការណ៍​នេះ ក៏​ត្រូវបានកំណត់​ផងដែរ គឺ​មិនអាច​មានចំនួន​ច្រើន ដល់​ថ្នាក់ម៉ឺន​នាក់​ ដូច​ការ​រៀបចំកន្លងមក​នោះទេ ​ហើយ​នៅមុនពេល​ចេញ​ដំណើរ ពេល​ចេញដំណើរ ក្នុងការ​ប្រកួតនេះ ក៏ត្រូវ​កំណត់​លក្ខខណ្ឌ​ច្បាស់លាស់​ផងដែរ។

    លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ថា​៖ «​អ្នកចូលរួម​រត់ប្រណាំង ត្រូវបាន​កំណត់​យកតែ​ប្រជាពលរដ្ឋ​កម្ពុជា និង​ជនបរទេស ដែល​កំពុងតែ​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន គឺ​មិន​អនុញ្ញាតឱ្យ​ជនបរទេស​មក​ថ្មី​ទេ គឺ​ទាំង​អ្នករត់​ជនជាតិ​កម្ពុជា និង​ជន​​បរទេស រក្សា​ចំនួន​តែ ​២ ៥០០ ​នាក់​ប៉ុណ្ណោះ​។ បន្ថែម​ពីលើ​នេះ យើង​តម្រូវឱ្យ​ពាក់​ម៉ាស់ គឺ​មុន​ចេញដំណើរ ត្រូវ​ពាក់​ម៉ាស់​រហូតដល់​រយៈ​ចម្ងាយ ​២០០ ​ម៉ែត្រ ទើប​អនុញ្ញាតឱ្យ​ដោះ​ម៉ាស់​ចេញ​វិញ​។ ជាមួយគ្នានេះ ការថែទាំ​សុខភាព និង​ប្រព័ន្ធ​រក្សា​សុវត្ថិ​ភាព ត្រូវ​រៀបចំ​ឱ្យមាន​សុវត្ថិ​​ភាពល្អ គឺ​ធានាបាន មិនអាច​ឆ្លង​កូ​វីដ ​១៩»​។​

    សម្រាប់​កន្លែង​ចុះឈ្មោះ ​នៅ​កម្ពុជា អាចមក​​ចុះឈ្មោះផ្ទាល់​តាម​អាសយដ្ឋាន ផ្ទះ​លេខ ​79CE0, ​ផ្លូវ​លេខ​ ១៥៥ សង្កាត់​ទួល​​ទំពូង​​១ ខណ្ឌចំការមន ឬ​តាម​ទូរស័ព្ទ​ទំនាក់ទំនង ០២៣ ២១៣ ៥២៥/០១៥ ២១៣ ៥២៥/០៦៩ ២១៣ ៥២៥ និង​តាម​គេហទំព័រ WWW.cambodia-event_org ឬ ចុះឈ្មោះ​តាម​អ៊ី​មែ​ល reg@cambodia-event.org

     

  • Loading...
  • Recent Posts