• Banner Banner Banner Banner Banner Banner
  • ធន់ អៀនឡៃ មិនពេញចិត្តខ្លួនឯង ទោះឈ្នះបានប្រាក់លាន ខណៈអ្នកចាញ់ ម៉ឺន ដា ថា ដូចវ៉ៃ ១ទល់២នាក់
    ប្រដាល់ក្នុងស្រុក 1 month ago 125 Views

    កីឡាករជើង​ខ្លាំង ធន់ អៀនឡៃ បានសារភាព​ថា រូបគេ​មិន​ពេញ​ចិត្ត​ចំពោះ​ខ្លួន​ឯង ហើយ​ក៏​អត់សប្បាយចិត្ត បើ​ទោះបីជា​រូបគេ ​បាន​ក្លាយ​ជាម្ចាស់​​ប្រាក់លាន ចំនួន ៣,៤​លានរៀល ពីការ​ប្រកួត​ដណ្តើម​ប្រាក់លាន នៅលើ​សង្វៀន​ថោន កាលពី​ថ្ងៃអាទិត្យ ក៏​ដោយ ខណៈ​អ្នក​ចាញ់ ម៉ឺន ដា ក៏​មិន​អស់​ចិត្ត​ផងដែរ ដោយបានចាត់ទុកការ​ប្រកួតផ្តាច់ព្រ័ត្រ​ជាមួយ ធន់ អៀនឡៃ ដូច​វ៉ៃ ១​ទល់​នឹង​២​នាក់។

    ការបង្ហាញ​អារម្មណ៍​មិនសប្បាយ​ចិត្ត ស្របពេល​ដែល​ខ្លួន​ក្លាយជា​ម្ចាស់​ជើងឯក​បែបនេះ ក៏​ព្រោះតែ ធន់ អៀនឡៃ យល់​ថា ការ​ឈ្នះ លាភ រដ្ឋា នៅ​ក្នុងការ​ប្រកួត​ជុំ​ទី​១ ត្រឹម​ដើម​ទឹក​ទី​១ ដោយសារ​គណៈកម្មការ​សម្រេច​ឱ្យ​ឈ្នះ ព្រោះ លាភ រដ្ឋា បាន​ជ្រុល​ជើង​ទាត់ត្រូវ​ប្រដាប់ការពារ បណ្តាល​ឱ្យ​ខ្លួន​ងើប​លែង​រួច​នោះ ថាជាជ័យជម្នះ ដែល​គ្មាន​តម្លៃ និងធ្វើ​ឱ្យ​អ្នកគាំ​ទ្រមិនពេញ​ចិត្ត ប៉ុន្តែ អៀនឡៃ បាន​បញ្ជាក់ថា ការ​ទាត់​មួយ​ជើង​ចំប្រដាប់ការពារ​ពងស្វាស​របស់ លាភ រដ្ឋា ពិតជា​ធ្វើ​ឱ្យ​រូបគេ ឈឺ​ចុក​ខ្លាំងរហូត​ដល់ក្អួត ហើយ​មិនអាចក្រោក​ឈរ​ប្រកួត​ទៀត​បាន។

    ធន់ អៀនឡៃ បាន​និយាយ​ ក្រោយ​ការ​ប្រកួត​ថា៖ ​«ទោះ​បីជា​ខ្ញុំ​បាន​លេខ​១ ក៏ពិត​មែន ប៉ុន្តែ​ខ្ញុំ​អត់​សប្បាយ​ចិត្ត​ជាមួយលទ្ធផលបែប​ហ្នឹង​នោះ​ទេ ព្រោះ​ខ្ញុំ​ធ្វើ​អ៊ីចឹង សម្រាប់​មហាជន គេ​អត់​គាំ​ទ្រ​យើងទេ។ តែ​ទោះ​បីជាយ៉ាង​ណា ចំពោះ​បង​ប្អូនមួយ​ចំនួន នឹង​យល់ ព្រោះ​ចំណុច​មួយ​ហ្នឹង(ពងស្វាស) កុំ​ថា​ឡើយ​ទាត់​ត្រូវ​ឡើង​ធ្លាក់ក្អួត​ដូច​ខ្ញុំ គឺ​ទាត់ត្រូវ​តែ​បន្ត​ក៏​ចុក​ដែរ។ សម្រាប់​ការ​​ប្រកួត​នេះ ខ្ញុំ​អត់​សូវ​ពេញ​ចិត្តនឹង​ខ្លួនឯង​ដែរ តែ​ការ​ទាត់ត្រូវ​នេះ ចុក​ខ្លាំងពេក គឺ​ពេល​​ទៅ​ដល់​បន្ទប់ពេទ្យ​ហើយ នៅតែ​ក្អួត​ទៀត ប្រឹង​ងើប​ឡើងវិញ អត់រួច»។

    យ៉ាង​ណា​ក៏ដោយ សម្រាប់ការ​ឡើង​ទៅជួប ម៉ឺន ដា នៅវគ្គ​ផ្តាច់​ព្រ័ត្រ ធន់ អៀនឡៃ បាន​វាយ​លុក​យ៉ាង​ខ្លាំង ជាមួយ​កម្លាំង​ពេញ​ខ្លួន ហើយ​ការ​ចូល​ចាប់បុក​ជង្គង់​ចូលពេញៗ តាំង​ពី​ពោះ​ទឹល ដើម​ទ្រូង រហូត​ដល់​ផ្ទៃ​មុខនោះ បាន​ធ្វើ​ឱ្យ ម៉ឺន ដា គ្រាំគ្រា និង​ធ្លាក់កម្លាំងយ៉ាង​ខ្លាំង ហើយ​បាន​សម្រេច​ចុះ​ចាញ់ មិន​ឡើង​ប្រកួតទឹកទី​៣ ចុង​ក្រោយ បន្ត​ទៀត​នោះទេ។ ជាមួយការ​ផ្តួល ម៉ឺន ដា នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មួយចំនួន រិះគន់ដល់ ធន់ អៀនឡៃ ថា បាន​ធ្វើ​ពុត ជា​មិនអាច​ឡើង​ប្រកួតបន្ត​ជាមួយ លាភ រដ្ឋា ដើម្បី​ទុក​កម្លាំង សម្រាប់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ។

    យ៉ាង​ណា​ក៏​ដោយ ចំពោះ​បញ្ហា​នេះ ធន់ អៀនឡៃ បានបញ្ជាក់ថា៖​«ដូច​បងប្អូន ដឹង​ហើយ​ថា ទម្លាប់ខ្ញុំ អត់​ចេះ​លំលំ​ទេ តែ​ខ្ញុំ​វ៉ៃ គឺ​ដឹង​តែ​វ៉ៃ​ហើយ។ ទោះ​​ចាញ់​ឬ​ឈ្នះ ក៏​ខ្ញុំ​វ៉ៃ​ដែរ ចំណែក​បងប្អូន​ថា​យ៉ាង​ម៉េច មិន​ដឹងទេ តែ​សម្រាប់ខ្ញុំ វ៉ៃ​បាន គឺ​ខ្ញុំ​បុក​ហើយ ប៉ុន្តែ​បុក​មិញនេះ បើ​សិន​គាត់ (ម៉ឺន ដា) ​ឈរ​ដល់​ទឹក​ទី​៣ ខ្ញុំ​យ៉ាប់ ព្រោះ​ជំងឺ​រើ​ឡើង វា​ចុក​ខ្លាំង​មែន​ទែន។ ​បើ​គាត់​អាច​ឈរ​ដល់​ទឹក​៣ ខ្ញុំ​អាច​សុំ​ឈប់មុន​គាត់​វិញ ព្រោះ​ចុក​ម្តងៗ ឈឺ​ឡើង​ចង់​ដាច់​ខ្យល់ទៅ​ហើយ ប៉ះមិន​បានទេ តែ​ខ្ញុំ​ព្យាយាម​វ៉ៃ ធ្វើ​ធម្មតា ដើម្បី​កុំ​ឱ្យ​គាត់​ដឹង»។

    ចំណែក ម៉ឺន ដា ដែល​ទើប​បាន​វិល​មក​ប្រកួត នៅលើ​សង្វៀន​ក្នុងស្រុក​លើកនេះ ក្រោយ​ខក​ខាន ដោយ​ចេញ​ទៅប្រកួតតែ​នៅសង្វៀន​ប្រទេស​ថៃ ចូល​៤​ឆ្នាំ​នោះ ក៏មិន​អស់ចិត្ត ចំពោះ​ការ​ចាញ់ ធន់ អៀនឡៃ ផងដែរ។ ម៉ឺន ដា ដែល​បាន​យក​ឈ្នះ​លើកីឡាករ សូដា លីម៉ូ ដោយពិន្ទុ​ទាំង​វេទនា ព្រោះមាន​ប្រៀប ត្រង់​បាន​ទាត់​ចូល​កញ្ចឹង​ក បណ្តាល​ឱ្យ លីម៉ូ ដួល​សន្លប់មួយ​ភាំង នៅ​ក្នុងទឹក​ទី​២ និង​ត្រូវអាជ្ញាកណ្តាល​រាប់​នោះ បាន​ចាត់ទុកការ​ប្រកួត​ជាមួយ ធន់ អៀនឡៃ ដូច​ការ​ប្រកួត​ ១វ៉ៃ​ទល់​នឹង​២​នាក់។

    ម៉ឺន ដា បាន​និយាយ​ ក្រោយ​ការ​ប្រកួត​ថា៖ ​«​ការ​ប្រកួតនេះ ដូចជា​ការ​ចាប់​ផ្តើម​ថ្មីឡើង​វិញ សម្រាប់​ខ្ញុំ។ នៅ​​ជុំ​ទី​១ ខ្ញុំ​គិត​ថា ទឹក​ទី​២ គេ (សូដា លីម៉ូ) សន្លប់ហើយ ពេល​ខ្ញុំ​ទាត់​ចូល​កញ្ចឹងក តែ​ពេលចូលទឹក​ទី​៣ គាត់​ដូច​រស់​ឡើង​វិញ ធ្វើ​ឱ្យ​ខ្ញុំអស់តែ​ម្តង ហេតុនេះ​​ពេល​ប្រកួត​ជុំ​ទី​២ជាមួយ ធន់ អៀនឡៃ គឺ​ដូច១វ៉ៃទល់នឹង​២នាក់ ដែល​ខ្ញុំ​ខ្លាច​បំផុត ព្រោះ​គាត់អត់ហត់​សោះ មក​​វ៉ៃ​​ជាមួយ​ខ្ញុំ​ហត់ស្រាប់ ដល់​អ៊ីចឹង ខ្ញុំ​ពិបាក គឺ​គ្មានកម្លាំងទេ ទន់តែ​ម្តង»។

    ទោះ​យ៉ាង​ណា ម៉ឺន ដា បាន​ទទួល​ស្គាល់​ថា៖​ « ធន់ អៀនឡៃ ក៏មិនចង់​ឈ្នះ​ដោយ​បែប​នេះ​ដែរ តែ​ធ្វើ​ម៉េច​ បើកាលៈ​ទេសៈ វាបែប​ហ្នឹង គឺ​មិញ​នេះ ១វ៉ៃ​ទល់​នឹង​២ ហត់​ខ្លាំង​ណាស់!

    គេ​អត់បាន​វ៉ៃ​សោះ ខ្ញុំវ៉ៃ​ឡើង​២​ដង»៕

  • Loading...
  • Recent Posts