• Banner Banner Banner Banner Banner Banner
  • កោះកុងអេហ្វស៊ី លើកពានសម្តេចហ៊ុនសែន ថ្នាក់ខេត្ត ជាលើកដំបូង
    បាល់ទាត់ក្នុងស្រុក 1 month ago 88 Views

    ក្រុមកោះកុងអេហ្វស៊ី បាន​កត់ត្រា​នូវជ័យជម្នះ​ដ៏​មាន​ន័យ គឺ​ការ​ជម្នះ​ការ​លំបាក និង​ហានិភ័យ​នៃ​ជំងឺ​កូវីដ​១៩ រហូត​អាច​ឈ្នះ​ពាន​ថ្នាក់​ខេត្ត ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ឆ្នាំ​២០២១ ជា​លើក​ដំបូង បន្ទាប់ពី​ពួកគេ បាន​យក​ឈ្នះ​លើ​ក្រុម​ខេត្តត្បូងឃ្មុំ ៣-០ ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃសៅរ៍។

    តាម​រយៈការ​ប្រកួត នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែរ​វ៉េ​ នោះ ក្រុម​​ទើប​រៀបចំ​រចនា​ដឹកនាំ​ថ្មី កោះកុងអេហ្វស៊ី ធ្វើ​បាន​យ៉ាងល្អ ដើម្បី​យក​ឈ្នះ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ ខេត្តត្បូងឃ្មុំ ដោយ​ក្នុង​នោះ​កីឡាករ ប៉ែន បញ្ញាវឌ្ឍ ជា​អ្នក​រក​បាន​គ្រាប់បាល់​បើក​ឆាក នៅនាទីទី​៣៨ មុនពេល វិសាល ជៀន បាន​បន្ថែម​គ្រាប់បាល់​ទី​២ នៅនាទីទី​៨១ ហើយ​អតីត​កីឡាករ​របស់ក្រុមអង្គរថាយហ្គឺរ ពៅ ភារិទ្ធ ជាអ្នក​រកបាន​គ្រាប់បាល់ទី​៣ ចុង​ក្រោយ តាម​រយៈការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ បាន​សម្រេច នៅនាទីទី ៩០+៣។

    គ្រប់គ្នា នៅ​ក្នុង​ក្រុមកោះកុងអេហ្វស៊ី បាន​បង្ហាញ​ការ​រំភើប​ខ្លាំង សម្រាប់ការ​ឈ្នះបានជើងឯកនេះ ព្រោះ​វា​ជា​ប្រវត្តិសាស្រ្ត​របស់​ខេត្តកោះកុង ដែល​បាន​លើក​ពាន​មួយ​នេះ ប៉ុន្តែ​ជ័យជម្នះ​របស់ពួកគេ បាន​ធ្វើ​ឱ្យ​ក្រុម​ខេត្តត្បូងឃ្មុំ មានការ​ខក​ចិត្តខ្លាំង ហើយ​កីឡាករ​របស់ក្រុម​មនេះ មួយ​ចំនួន ក៏​បាន​សម្រក់ទឹក​ភ្នែក បង្ហាញ​ការ​ខូច​ចិត្ត ជាមួយ​ការ​ចាញ់​នេះ​ផងដែរ ខណៈ​ក្រុម​ខេត្តបន្ទាយមានជ័យ បាន​ទទួល​លេខ​៣ ដោយ​ស្វ័យប្រវត្តិ។

    តាម​រយៈ​ការ​ឈ្នះ​ពាន​ថ្នាក់ខេត្តនេះ ក្រុមកោះកុងអេហ្វស៊ី ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១៥​លាន​រៀល ហើយជាមួយគ្នា​នេះ គ្រូ​បង្គោល​លោក ហុក សុជីវ័ន និង​អ្នក​ចាំទី​ ខេនដេត សុធាវឌ្ឍនា របស់​ក្រុមនេះ ក៏​ទទួល​ពានពាន ក្នុង​នាមជា​គ្រូ​បង្វឹក​ល្អ និង​អ្នក​ចាំទី​ល្អ ប្រចាំ​ព្រឹត្តិការណ៍នេះ ផងដែរ ដោយ​អ្នកទាំង​២ ទទួលបាន​ប្រាក់រង្វាន់បន្ថែម ក្នុង​ម្នាក់ៗ​ចំនួន​១,៥​លាន​រៀល។

    ចំណែក​ក្រុមលេខ​២ ខេត្តត្បូងឃ្មុំ ទទួលបាន​ប្រាក់រង្វាន់ ៧,៥​លាន​រៀល ហើយ​ក្រុម​លេខ​៣ ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​ប្រាក់រង្វាន់​ចំនួន​៥​លាន​រៀល។ ជាមួយ​គ្នា​នេះ ក្រុមកោះកុងអេហ្វស៊ី ខេត្តត្បូង​ឃ្មុំ និងក្រុមខេត្ត​បន្ទាយមានជ័យ នឹង​ត្រូវឡើង​ទៅ​ប្រកួតពាន​រង្វាន់​សម្តេចហ៊ុនសែន ថ្នាក់ជាតិ​ ជាមួយ​បណ្តា​ក្រុមទាំង​១៣ ដែលកំពុង​លេខ នៅលីគកំពូល​កម្ពុជា ជា​បន្ត​ទៀត។

    សម្រាប់ដឹកនាំ​ក្រុមកោះកុងអេហ្វស៊ី ឱ្យ​ឈ្នះ​ពាន ជា​លើក​ដំបូង​នេះ គ្រូ​បង្គោល លោក ហុក សុជីវ័ន បាន​សរសរ​បង្ហោះ នៅលើ​ហ្វេសប៊ុក​របស់​លោក​ថា៖​ «ជាដំបូង ខ្ញុំបាទ​សូម​ថ្លែង​ឣំណរ​គុណ ដល់ សម្តេច ពិជ័យសេនា  លោកជំទាវឣភិបាលខេត្ត និង​ថ្នាក់​ដឹកនាំ​ខេត្ត​ទាំងឣស់ ជា​ពិសេសបង​ប្រធានក្លិប បងឣនុប្រធានក្លិប ដែលតែងតែ​ជំរុញ នឹង​លើក​ទឹក​ចិត្ត​គ្រប់​ពេល​វេលា ដល់​ក្រុម​កីឡាបាល់​ទាត់​កោះកុង​ឣេហ្វស៊ី តាំងពី​ដើម​រហូត​រៀងមក។ ឣរគុណ​ក្រុម​ការងារ កីឡាករ ដែលតែងតែ​តស៊ូ​ជម្នះ​គ្រប់​ឧបសគ្គ ទោះ​ត្រូវ​ឆ្លង​កាត់​នូវ​ជំងឺ​ដ៏កាច​សាហាវ កូវីដ១៩ ក៏ដោយ ក៏មិនរុញរា ខាំមាត់សង្កត់ចិត្ត ដើរ​ឆ្លង​កាត់​វា​ រហូត​មក​ដល់​ថ្ងៃនេះ យើង​អាច​ធ្វើវា​បាន​ហើយ ​កោះកុង »។

    អតីត​គ្រូ​បង្គោល​ក្រុមវិសាខា លោក ហុក សុជីវ័ន បាន​បន្ថែម​ថា៖​ «ឣរ​គុណ​នូវ​កម្លាំង​ចិត្ត​របស់​ឣ្នកគាំទ្រ ដែល​តែង​តែ​នៅ​ពីក្រោយ​ពួកយើង​រហូត​មក យើង​នឹង​ដើរ​រួមគ្នា​បន្ត​ទៀត សម្រាប់ កោះ​កុង ។ យើងនៅមានភារៈកិច្ចបន្តទៀត ទាំងឆ្នាំនេះ និង​ឆ្នាំក្រោយ​ច្រើន​ទៀត សូម​ប្អូន​ៗ ថែរក្សាសុខភាពឱ្យ​បាន​ល្អ ៣កុំ ៣ការពារ តាមការណែនាំរបស់​រាជរដ្ឋា​ភិបាល និង​ក្រសួង​សុខភិបាល​ឱ្យ​បានខ្ជាប់ខ្ជួន។ គោរព​ជូន​ពរ​ថ្នាក់​ដឹក​នាំ​ទាំងឣស់ ក្រុម​ការងារ កីឡាករ និង​ឣ្នក​គាំទ្រ​ទាំងឣស់ សូមឱ្យ​មានសុខភាពល្អ ជោគជ័យគ្រប់ភារៈ​កិច្ច»៕

  • Loading...
  • Recent Posts