• Banner Banner Banner Banner Banner Banner
  • ផ្ទុះការរិះគន់ខ្លាំង ពីភាពលម្អៀង លើការកាត់សេចក្តី នៃការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ នៅ PNN
    ប្រដាល់ក្នុងស្រុក 2 months ago 141 Views

    អ្នកស្នេហា​វិស័យប្រដាល់ នៅ​កម្ពុជា បាន​នឹង​កំពុង​ផ្តោត​អារម្មណ៍ ទៅ​លើ​ការ​កាត់​សេចក្តី​របស់​ចៅ​ក្រម នៅ​សង្វៀន PNN ដែល​ពួកគាត់ បាន​បញ្ចេញ​ជា​មតិ​យោបល់​ថា មាន​ភាព​លម្អៀង​ខ្លាំង ហើយបាន​ធ្វើ​ឱ្យ​កីឡាករ ដែល​បាន​ធ្លាក់ចេញពីការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​នេះ មានការ​បាក់​ទឹក​ចិត្ត និង​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត។

    ការ​សម្រេចឱ្យកីឡាករ ធន់ អៀនឡៃ ឈ្នះ​ពិន្ទុ​កីឡាករ​ជម្រើសជាតិប្រដាល់​សកល អ៊ូច ធារិទ្ធ កាលពី​សប្តាហ៍​មុន បាន​បង្កើត​ឱ្យ​មានការ​រិះ​គន់​ម្តង​ហើយ ហើយភាគី អ៊ូច ធារិទ្ធ បាន​ចោទ​ប្រកាន់​ការ​កាត់សេចក្តី​នោះ តែមាន​ភាព​អយុត្តិធម៌ និង​លម្អៀង ទៅ​លើ​ភាគី ធន់ អៀនឡៃ ដែលមាន​ខ្សែធំជាង។

    ជាមួយ​គ្នា​នេះ ការរិះ​គន់នោះ មិនទាន់​ទាំង​បាន​រំសាយ​ពី​អារម្មណ៍​អ្នក​ទស្សនា​ផង គឺ​កាល​ពី​ថ្ងៃអាទិត្យ ម្សិលមិញ ការ​ដាក់ពិន្ទុ​របស់​ក្រុម​ចៅ​ក្រម នៅ​សង្វៀន PNN ដដែល​នេះ បាន​បង្កើត​ឱ្យ​មានការរិះ​គន់ កាន់​តែ​ខ្លាំង បន្ទាប់ពី​អ្នកទាំង​នោះ បាន​សម្រេច​ឱ្យ វ៉ាន់ វឿន ចាញ់​កីឡាករ អេលីត ចំតរើន ដោយ​ពិន្ទុ​មិនឯក​កច្ឆន្ទ ៣-២។

    ចំពោះ​ការ​កាត់​សេចក្តីនេះ ​ត្រូវបាន​អ្នក​ទស្សនា​ភាគ​ច្រើន បាន​ហៅ​ថា ជាការ​កាត់​សេចក្តី ខុស​ពី​ស្ថាន​ភាព​ប្រកួតជាក់ស្តែង ហើយ​សូម្បី​តែ​លោក ហេរ៉ូ ដែល​ជាពិធី​ករ សម្រាប់ការ​ប្រកួត​នេះ ក៏​បាន​សម្តែង​ការ​រិះ​គន់ ទៅ​លើ​ការ​សម្រេច​នេះ​ដែរ ព្រោះ​លោក​បាន​មើលឃើញ​ថា វ៉ាន់ វឿន សមជា​អ្នក​ឈ្នះ គឺ​មិន​មែន អេលីត ចម្រើន នោះ​ទេ។

    ទាក់ទង​នឹង​ការ​កាត់សេចក្តី​នេះ ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម ២​សម័យ​កាល វ៉ាន់ វឿន ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក្រោយ​ការ​ប្រកួត​​ថា៖​ «ខ្ញុំ​ចាញ់​មិន​អស់​ចិត្ត​ទេ ​ព្រោះ​ខ្ញុំ​វ៉ៃ ​បាន​ល្អ​ ចូល​គោល​ដៅពេញៗ ​តែ​គេ​មិន​ឱ្យ​​ឈ្នះទេ​។ បើ​គេ​ផ្អៀង​ទៅ​ខាង​ណា​ហើយ​ គឺ​ទោះបី​ជា យើង​​វ៉ៃ​យ៉ាង​មិច ​ក៏គេ​​មិន​បាន​ឈ្នះ​ដែរ ​លើក​លេង​តែ​វ៉ៃ​ឱ្យ​​សន្លប់​»​។​

    តាម​រយៈការ​ប្រកួត កាល​ពី​ថ្ងៃអាទិត្យ​នោះ វ៉ាន់ វឿន ដែល​ធ្លាប់​សន្លប់ ក្រោម​ទម្ងន់ជើង អេលីត ចំរើន ពេល​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់មាស និង​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ ក្នុង​ទឹកទី​៤ នៅ​សង្វៀន PNN នេះ កាលពី​ឆ្នាំ​២០២០ បាន​វាយ​ចំ​គោលដៅ​ច្រើន ហើយ​កែង​របស់​គេ ក៏បាន​ធ្វើ​ឱ្យ អេលីត ចំរើន បែក​ឈាម ហូរមិនដាច់​ផងដែរ។

    នៅ​មុន​ពលប្រកាស​លទ្ធផល វ៉ាន់ វឿន មានការ​ជឿជាក់​ថា រូបគេ នឹងត្រូវ​ប្រកាស​ឱ្យ​ឈ្នះ ចំណែក អេលីត ចំរើន បានបង្ហាញ​ទឹក​មុខ អស់សង្ឃឹម ដែល​បានបង្ហាញ​ឱ្យ​ឃើញ​ថា រូបគេ បាន​ដឹង​រួច​ទៅ​ហើយ ចំពោះ​លទ្ធផលនៃ​ការ​ប្រកួតនេះ ប៉ុន្តែ​ចុង​ក្រោយ អ្នក​ដែល​មិន​រំពឹង​ថា ឈ្នះ បែរ​ជា​ត្រូវ​ប្រកាស​ឱ្យ​ឈ្នះ​ទៅ​វិញ។

    ​លោក​ស្រី​ មឿង​ សុខា ​អ្នក​គ្រប់​គ្រង​ក្លិប​ឃ្លាំង​មឿង​ខេត្ត​ពោធិ៍​សាត់ ​ដែលជា​អ្នក​​មើល​ការ​ខុស​ត្រូវលើ​កីឡាករ ​វ៉ាន់ ​រឿន បាន​​និយាយ ​ក្រោយ​ប្រ​កួត​​ថា​៖ «​គណៈកម្មការ​គ្នា​វា ​ទាំង​អស់ ​ហើយ​សូម្បី​តែ​កីឡាករ ​អេលីត ​ចំរើន ​ក៏​ដឹង​ខ្លួន​ឯង​ថា ​ចាញ់​ដែរ​ ព្រោះ​បែក​ផង ​ដួល​ច្រើន​ផង​ និង​វ៉ៃ​ល្មើស ​ត្រូវ​កន្លែង​ហាម​ឃាត់​ផង​ គឺចាញ់​ប្រៀប​ វ៉ាន់ ​វឿន ​ដាច់តែ​ម្តង ​ប៉ុន្តែ​​កោត​​ឱ្យ​​ឈ្នះ​ទៅ​កើត»​។

    យ៉ាង​ណា​ក៏​ដោយ មិនមានការ​ប្តឹង​តវ៉ា ជា​ផ្លូវការ ទៅ​លើការ​កាត់សេចក្តី​នេះ​ទេ ព្រោះ​សមាមី​ខ្លួន និង​អ្នក​គ្រប់​គ្រង​ក្លិប​ប្រដាល់ នៅ​កម្ពុជា បាន​ដឹង​រួច​ទៅ​ហើយ​ថា ទោះ​ប្តឹង​តវ៉ា ក៏​គ្មាន​ដំដោះ​ស្រាយ បាន​សមរម្យ ពី​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ នោះ​ដែរ ហើយ​តាម​លទ្ធផល​នេះ អេលីត ចំរើន ត្រូវ​ឡើង​ទៅ​ជួប ធន់ អៀនឡៃ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ ប៊ុន សុធា ត្រូវ​ប្រឈមជាមួយ បឺត សង្ឃឹម៕

  • Loading...
  • Recent Posts