• Banner Banner Banner Banner Banner Banner
  • សោម វិឆ័យ បញ្ជាក់ពីភាពស្អាតស្អំ ក្រោយមានការិះគន់ សន្លប់លឿនពេក ក្រោមជង្គង់ វេង សុភ័ក្រ
    បាល់ទាត់អន្តរជាតិ 9 months ago 200 Views

    កីឡាករ សោម វិឆ័យ បានបន្សល់​ទុក នៅ​ភាពមន្ទិលសង្ស័យមួយ បន្ទាប់ពី​រូបគេ បាន​សន្លប់យ៉ាងផុយស្រួយ ត្រឹម​ពាក់កណ្តាល​ទឹកទី១ ក្រោមក្បាច់ជង្គង់​របស់ វេង សុភ័ក្រ សម្រាប់​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​ប្រាក់លាន ទម្ងន់​៦០គីឡូក្រាម នៅលើ​សង្វៀនថោន កាល​ពី​​ថ្ងៃអាទិត្យ។

    បើទោះបីជា សោម វិឆ័យ បានប្រកួត​យ៉ាងស្វិតស្វាញ និងបានយក​ឈ្នះ​បេក្ខភាព វៀត ប៊ុនឌឿន នៅក្នុងការ​ប្រកួតវគ្គជម្រុះ​៣ទឹក ប៉ុន្តែ​ការ​ខ្លាច​រអា មិនហ៊ាន​ចូលវាយប្តូរជាមួយ វេង សុភ័ក្រ នៅវគ្គ​ផ្តាច់ព្រ័ត្រ និងការឈាន​ទៅ​សន្លប់យ៉ាងលឿន ត្រឹមពាក់កណ្តាល​ទឹកទី​១ ក្រោយទទួលរងការបុកជង្គង់​ចំនួន​២​លើក​ចុងក្រោយរបស់ សុភ័ក្រ នោះ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​​មួយចំនួនកើត​ចិត្តសង្ស័យ​ទៅ​លើ សោម ថា វាយមិនអស់ពី​សមត្ថភាព ឬ​​ធ្វើ​ជា​ចាញ់​ ដោយ​សន្លប់តែ​ម្តង ដើម្បី​កុំឱ្យឈឺ​​ខ្លួនជាងនេះ។

    យ៉ាងណាក៏​ដោយ ជុំវិញការ​ចោទប្រកាន់នេះ សោម វិឆ័យ បាន​​បញ្ជាក់ក្រោយការ​ប្រកួត​​ថា៖ ​«ខ្ញុំបានប្រឹងប្រែងប្រកួត​អស់ពីសមត្ថភាព​ហើយ គឺ​មិន​ធ្វើពុធ​ជា​ចាញ់​នោះទេ ព្រោះ​បងឃើញ​ហើយ​ជង្គង់​​របស់​​ វេង សុភ័ក្រ ​ល្អ ហើយគាត់រឹង។ ​ម្យ៉ាងទៀត ខ្ញុំបាក់​តាំង​ពី​ប្រកួត​​ជុំទី​១ ជា​មួយ វៀត ប៊ុនធឿន មកម្ល៉េះ គឺខូចជើង ខូច​ដៃ ហើយ​ពេលចុះពី​លើសង្វៀនមកវិញ ខ្ញុំ​មិនសូវស្រួល​ខ្លួននោះទេ»។

    ជាមួយគ្នានេះ ក៏មាន​អ្នកទស្សនា​មួយចំនួន បាន​កើតចិត្តអាណិត​អាសូរ​ដល់ សោម វិឆ័យ ផង​ដែរ ព្រោះ​ការប្រកួតនេះ រូបគេត្រឹមជាអ្នកឡើងប្រកួតជំនួស អេ អាំម៉ារីនភូថង ប៉ុណ្ណោះ ប៉ុន្តែនៅតែ​អាច​យក​ឈ្នះអ្នកលេងកែង​ វៀត ប៊ុនឌឿន ដើម្បី​ឡើងមកជួប​ជើងខ្លាំង វេង សុភ័ក្រ ដែលបានផ្តួល ឡុង ជិន ក្នុងទឹក​ទី​​២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទៀត ខណៈការ​សន្លប់នេះ ត្រូវបានគេ​មើលឃើញថា វេង សុភ័ក្រ បុកចូល​ធ្ងន់។

    សម្រាប់ការ​ផ្តល់​ជាកម្លាំង​ចិត្តនេះ សោម វិឆ័យ បាននិយាយទៅកាន់ដល់អ្នក​គាំទ្រ​របស់​ខ្លួន​ថា៖​ «​ខ្ញុំសូម​អរគុណដល់​ពុក​ម៉ែបងប្អូន ទោះ​ខ្ញុំធ្វើបានល្អ ឬមិនបានល្អ នៅតែ​ស្រឡាញ់ ចូលចិត្ត និងគាំទ្រ​ដល់ខ្ញុំ​»។

    គួរបញ្ជាក់ថា នេះជា​លើកទី​៤​ហើយ ដែល សោម វិឆ័យ បានចាញ់ វេង សុភ័ក្រ ប៉ុន្តែ​រូបគេ​ក៏ទទួល​ប្រាក់រង្វាន់ចំនួន១,៨លានរៀល ក្នុងនាមជា​អ្នកបាន​លេខ​២ ផងដែរ ចំណែក​ម្ចាស់ជើងឯក វេង សុភ័ក្រ ទទួលបាន​ប្រាក់រង្វាន់ចំនួន ៣,៤ លានរៀល ហើយក៏ជា​ការ​​ឈ្នះ​ប្រាក់លាន លើកទី​៤ ពីកម្មវិធីនេះរបស់គេ​ផងដែរ ខណៈការ​ប្រកួតលើកនេះ វេង សុភ័ក្រ បាន​ឡើងប្រកួតជំនួយ ឈុត សេរីវ៉ាន់ថង ដែល​មិនអាចឡើងប្រកួត តាមកាលកំណត់​ដូច  អេ អាំម៉ារីនភូថង ដែរ ដោយសារ​អ្នក​ទាំង២នេះ ទើបចាក់​វ៉ាក់សាំងកូវីដ​១៩ ជំរុញ​លើកទី​​៣ (ដូសទី​៣) ដូចគ្នា៕

  • Loading...
  • Recent Posts