• Banner Banner Banner Banner Banner Banner
  • កីឡាការិនី ទូច ចាន់វត្តី ប្តេជ្ញាសងសឹក វី ស្រីស្រស់ តែ ស្រីស្រស់ ថា ចង់វ៉ៃស្រីស្អាតម្នាក់នេះឱ្យសន្លប់
    ប្រដាល់ក្នុងស្រុក 2 months ago 118 Views

    កីឡាការិនី​ជម្រើសជាតិ​ប្រដាល់ឃីកបុកស៊ីង ដែលមាន​ឆោមលោម​ស្រស់​ស្អាត​មិន​ចាញ់​​តារា ទូច ចាន់វត្តី មានការ​ជឿជាក់ថា ការ​ខំប្រឹង​ប្រែង​ហ្វឹក​ហាត់ កន្លងមកនេះ នឹងអាច​ជួយឱ្យ​​នាង សម្រេច​ការ​សង​សឹក​ទៅលើ​កីឡាការិនី​ជម្រើសជាតិប្រដាល់​សកល  វី ស្រីស្រស់ នៅពេលអ្នកទាំង​​២ ត្រូវ​បានដាក់ឱ្យ​​ប្រកួត​ Mas Fight មានរយៈ​ពេល​​៩នាទីពេញ ជា​លើក​ដំបូង នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃ​អាទិត្យ​នេះ។

    កីឡាការិនីវ័យ​ក្មេង​ដ៏​ស្រស់សោភា ទូច ចាន់វត្តី បាន​ទទួល​ស្គាល់ថា វី  ស្រីស្រស់ មានកណ្តាប់ដៃ​ល្អ  ហើយ​ការ​ខកខាន​ប្រកួត​​ចូល​១​ឆ្នាំ​ពេញ កន្លងកនេះ វាអាច​នឹងធ្វើ​ឱ្យ​រូប​នាង ជួបការ​​លំបាកក្នុងការ​ប្រកួតផងដែរ ប៉ុន្តែ  ចាន់វត្តី បាន​ប្តេជ្ញាចិត្ត​ថា នឹងខំប្រឹង​យក​ឈ្នះ ស្រីស្រស់ឱ្យ​បាន ដើម្បី​សងសឹក ចំពោះការ​ចាញ់ កីឡាការិនី វី ស្រីស្រស់ កាល​​នាង បានឡើង​​ប្រកួតថ្មីថ្មោង កន្លងមក។

    កីឡាការិនី ទូច​ ចាន់វត្តី បាន​និយាយ​ថា៖« ​ការ​ប្រកួត​លើក​ទី​១ ​របស់ខ្ញុំ គឺ​បានចាញ់ វី ស្រីស្រស់ នេះ​ឯង  ដោយសារ​គាត់ល្អ​ដៃ ព្រោះ​គាត់ហាត់ប្រដាល់​សកល ហើយការ​ប្រកួតលើកនេះ អាច​មានការពិបាក​ដែរ ដោយសារ​ខ្ញុំ​ខាន​ឡើង​ប្រកួតចូល​១ឆ្នាំ​ហើយ ហេតុនេះ​ខ្លាច​វ៉ៃ​ទៅ​វា​គាំង»។

    ទោះ​យ៉ាងណាស្រីស្អាត  ដែល​​មក​ចាប់អាជីព​ប្រដាល់តាម​បង​ប្រុស ទូច ដេវីត រូបនេះ ​បន្ថែម​ថា៖​«លោកគ្រូ​ បានបង្វឹក​ខ្ញុំ​ខ្លាំង ព្រោះ​យើង​ត្រូវតៀម​ចេញ​ទៅប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​វៀតណាម ផង ហេតុ​នេះ​ខ្ញុំ​ប្តេជ្ញាចិត្ត​ថា នឹងសងសឹក វី ស្រីស្រស់ ឱ្យបាន ព្រោះ​ខ្ញុំ​ខំហាត់ពេញ និងខំវ៉ៃអស់ពី​សមត្ថភាព។ ម្យ៉ាងទៀតបងប្រុស​ខ្ញុំ ក៏ទើប​ឈ្នះបាន​ប្រាក់លាននៅ​សង្វៀនថោន នេះដែរ អ៊ីចឹង​សម្រាប់ខ្ញុំ ដែល​ត្រូវ​ប្រកួតនៅសង្វៀនថោន​នេះដែរ គឺ​ខ្ញុំ​នឹង​ប្រឹង​ប្រែងឱ្យអស់ពីសមត្ថភាព ដើម្បី​ទទួលបាន​ជោគ​ជ័យ»។

    យ៉ាងណា​ក៏​ដោយ ការ​ប្តេជ្ញា​ចិត្ត​ចង់​សម្រេច​ការ​សងសឹក​របស់ ទូច ចាន់វត្តី ត្រូវបានគេ​មើល​ឃើញ​ថា អាច​នឹងពិបាកខ្លាំង ព្រោះ វី ស្រីស្រស់ ក៏ចង់​ផ្តួល ចាន់វត្តី ឱ្យ​សន្លប់ ដើម្បី​ទទួលបាន​ប្រាក់រង្វាន់បន្ថែម ពីការ​ប្រកួតនេះផងដែរ គឺ​ ស្រីស្រស់ មិនចង់​ឱ្យ​ការ​ប្រកួត​នេះ បញ្ចប់ក្នុងលទ្ធផលស្មើតាម​ច្បាប់​របស់ Mas Fight គឺ​បើ​គ្មាន​អ្នកសន្លប់ក្នុងការ​​ប្រកួត​៩​នាទី ត្រូវកំណត់​ឱ្យស្មើ​គ្នា​នោះ​ទេ។

    កីឡាការិនី វី​ ស្រីស្រស់ បាន​​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយថា​៖ «​ខ្ញុំ​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នៅ​ស្តាត​ថ្មី​មរតក​តេជោ​​ តែ​ខ្ញុំ​​ខកខាន​ឡើង​សង្វៀន​ប្រកួត​​យូរ​ដែរ​ហើយ​ ប៉ុន្តែ​ការ​ប៉ះ ទូច ​ចាន់វត្តី ​នេះ​ ខ្ញុំ​ធ្លាប់​ស្គាល់​ និង​មិន​ញញើត​ទេ»​។

    កីឡាការិនី វី ស្រីស្រស់ ​បាន​បន្ថែម​ថា​៖ «ទូច ចាន់វត្តី ក៏​ធ្លាប់​ប្រដាល់​សកល​ដែរ ប៉ុន្តែ​នៅ​​ក្នុង​ចំណោម​កីឡាការិនី​ជម្រើស​ជាតិ​ប្រដាល់​សកល ​ខ្ញុំ​ប្រកួត​ចាញ់​តែ​ នូវ ​ស្រីពៅ ​ម្នាក់​ប៉ុណ្ណោះ​ ក្រៅ​ពី​នេះ​គ្មាន​បញ្ហា​ទេ។​ ចំណែក​ការ​ប្រកួត​ក្នុង​ម៉ាសហ្វៃ​នេះ ​ខ្ញុំ​សង្ឃឹម​ផ្តួល​យក​ឈ្នះ ហើយ​​ចំពោះ​រឿង​​ខ្ញុំ​ចាញ់​ គឺ​​គ្មាន​ទេ»​។​

    តាមប្រវត្តិ ទទួលបានពី​​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ​បាន​ឱ្យ​​ដឹង​ថា​ ​កីឡាការិនី​ វី​ ស្រីស្រស់​ និង ទូច ចាន់វត្តី មាន​អាយុ ១៨ ​ឆ្នាំ​ មាន​កម្ពស់ ១,៦០ ​ម៉ែត្រ និង​ទម្ងន់​ ៥៤ គីឡូក្រាម​ដូច​គ្នា។ ចំណែក​​បទពិសោធ​ប្រកួតវិញ វី ស្រីស្រស់ ធ្លាប់​ប្រកួត​ ៦ ​ដង ឈ្នះ​ ៥ និង​ចាញ់​ ១ ​ដង រីឯ ចាន់វត្តី ប្រកួត ៥ ​ដង ឈ្នះ​ ៤ និង​ចាញ់​ ១ ដង ហើយការមក​ជួប​គ្នា​ក្នុង​ការ​ប្រកួត​ Mas Fight របស់ស្រី​ស្អាត​ទាំង២​នេះ ត្រូវបាន​អ្នក​គ្រប់គ្រង​សង្វៀន​ថោន ជឿជាក់ថា នឹង​មានការ​​គាំ​ទ្រ​ខ្លាំង ជា​មិន​ខាន ព្រោះការ​ប្រកួត​រវាងកីឡាការិនី នូវ ​ស្រីពៅ​ និង​កីឡាការិនី​មក​ពី​​ចិន នៅ​​សង្វៀននេះ កន្លងមក ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំងបំផុត  ដោយាន​អ្នក​ចូល​ទស្សនា​តាម​ផេច​ហ្វេសប៊ុក ​​ពេល​ប្រកួត​បញ្ចប់​​រហូតដល់​ជាង​ ២០០​K៕

     

  • Loading...
  • Recent Posts