• ឥទ្ធិពលរបស់ ចាន់ វឌ្ឍនាកា បានអូសទាញយុវជនខេត្តកែប ឱ្យខំប្រឹងអភិវឌ្ឍខ្លួន រហូតក្លាយជាកីឡាករអាជីព
    បាល់ទាត់ក្នុងស្រុក 1 week ago 104 Views

    ប្រជា​ប្រិយ​ភាព និង​ភាព​ល្បី​ល្បាញ ដែលកើត​ចេញ​ពីការ​បង្ហាញ​ទម្រង់លេង​យ៉ាង​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា ពេលរូបគេ​រកបាន​២​គ្រាប់ ដើម្បី​ជួយ​ឱ្យ​​​ក្រុម​ជម្រើសជាតិ​កម្ពុជា ​យក​ឈ្នះ​ក្រុមមម៉ាកាវ  ​៣-០ ក្នុង​ការ​ប្រកួត​ជា​បឋម​ប្រចាំ​ទ្វីប​អាស៊ី នៃ​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក FIFA World Cup 2018 នៅ​កីឡដ្ឋាន​ជាតិ​ស្តាត​ចាស់ កាលពី​ឆ្នាំ​២០១៥​នោះ ត្រូវ​បាន​​យុវជន​មក​ពី​ខេត្តកែប​ម្នាក់ ចាត់​ទុក​ថា ​ជា​និមិត្ត​រូប  និង​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​ធេង ក្នុងការ​អូ​សទាញ​រូបគេ​ឱ្យចាប់​ចិត្តខ្លាំង លើការ​លេង​បាល់​ទាត់។

    បើ​ទោះបីជា​ពេល​នោះ​យុវជន ជឿន ណាចារ ចូល​ចិត្ត​លេង​បាល់​ទាត់ ដើម្បី​គ្រាន់​តែ​ការ​សប្បាយជាមួយមិត្ត​ភាព​ ប៉ុន្តែ​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​​របស់​ខ្សែ​​ប្រយុទ្ធ ចាន់ វឌ្ឍនាកា នាពេល​នោះ បាន​ដិតដាម​នៅ​ក្នុង​ចិត្ត​ ជឿន ណាចារ រហូត ហើយ​យុវជន​រូបនេះ បាន​ប្រើ​ការ​ស្រមើស្រម័យនោះ ដើម្បីជា​កម្លាំង​ចិត្ត ជំរុញ​ខ្លួន​ឯង ឱ្យ​ខំ​ប្រឹង​ប្រែង​លេង​បាល់​ទាត់កាន់តែ​ខ្លាំង ក៏ព្រោះតែ​ ណាចារ ចង់​មាន​ភាព​ល្បី​ល្បាញ​ដូច ចាន់ វឌ្ឍនាកា ដែលជា​និមិត្ត​រូប (idol) របស់​ខ្លួន។

    រំឭក​ទៅដល់​រឿងរ៉ាវនោះកីឡាករ​ពាក់​លេខ​២៧ ជឿន ណាចារ បាន​ប្រព័ន្ធ​ផ្សពផ្សាយ កាលពី​ពេល​ថ្មីៗ​នេះ​ថា៖​«កាល​នៅតូច ខ្ញុំចូលចិត្តមើលបាល់ខ្មែរ មើលជម្រើសជាតិ។ ខ្ញុំឃើញគាត់ (ចាន់ វឌ្ឍនាកា) លេង​ល្អ បញ្ចប់ទីល្អ រហ័សរហួន។ គាត់លេងល្អ ចំណែក​បង ប្រាក់ មុន្នីឧត្តម ក៏លេងល្អដែរ ហើយ​ចាប់ពី​នោះ​មក ខ្ញុំចង់លេងបាល់ដូចគាត់ និងបានចាត់ទុក​បង ចាន់ វឌ្ឍនាកា ជា idol»។

    មិន​យូរប៉ុន្មាន យុវជន ជឿន ណាចារ ដែល​បាន​ជួប​និមិត្ត​រូប​របស់​ខ្លួន ចាន់ វឌ្ឍនាកា ដោយ​ផ្ទាល់ នៅ​ក្នុងកម្ម​វិធី​មួយ ក្នុង​ខេត្តកំពត កាលពី​៥​ឆ្នាំ​មុន បានលេង​មុខ​ នៅ​ក្នុងការ​ប្រកួត​ថ្នាក់​ខេត្ត​ពាន​រង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ​២០១៩ ដោយ​រូបគេ​លេងតំណាងឱ្យក្រុម​ខេត្តកែប និង​រកបាន​១​គ្រាប់​ផងដែរ។​

    បើ​ទោះបីជា ការ​បង្ហាញ​ខ្លួន កាលពី​ឆ្នាំ​២០១៩​នោះ ជឿន ណាចារ មិនទទួល​បានការ​ចាប់​អារម្មណ៍ ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​២ ក្នុងការ​ប្រកួត​​ពាន​រង្វាន់​សម្តេច ហ៊ុន សែន កាលពី​ឆ្នាំ​២០២០ កន្លង​មកនេះ ជឿន ណាចារ បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់ម្នាក់​របស់​ក្រុមខេត្តកែប ដើម្បី​ជួយ​ឱ្យក្រុមមួយនេះ ទទួលបានចំណាត់​ថ្នាក់​លេខ​៣ នៅ​ក្នុងការ​ប្រកួតកម្រិត​ខេត្ត និងបាន​ឡើងមក​លេង​នៅ​ថ្នាក់ជាតិ ប៉ុន្តែ​​ខេត្តកែប បាន​ធ្លាក់ នៅ​ត្រឹម​វគ្គ​ជម្រុះ​១៦ក្រុម​ដំបូង។

    ជាមួយការ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ និង​រក​បាន​៦​គ្រាប់​ជូនក្រុម​ខេត្តកែប នា​ការ​ប្រកួត កាល​ពីឆ្នាំ​២០២០​នោះ ជឿន ណាចារ ​ត្រូវ​បាន​ខាងសមាគម​កីឡាបាល់​ទាត់​​កង​យោធពលខេមរភូមិន្ទ (ទ័ព) មានការ​ចាប់អារម្មណ៍ ដោយបាន​នាំ​យក​យុវជន​វ័យ​១៩​ឆ្នាំ​រូបនេះ មក​ហ្វឹក​ហាត់ នៅកីឡដ្ឋាន​ស្តាតចាស់ ក្នុងនាមជា​កីឡាករ​ស្ថិត​នៅ​ក្រុម​យុវជន​របស់ទ័ព ហើយ​នៅ​ក្នុងអំឡុង​ពេល​នោះ ណាចារ ក៏​ត្រូវបាន​ដាក់​ឱ្យ​លេងជាមួយ​ក្រុម​ធំ​របស់ទ័ព បានប៉ុន្មាន​លើក ផងដែរ។

    យ៉ាងណាមិញ សម្រាប់​ការ​ប្រកួត នៅរដូវ​កាល​ឆ្នាំ​២០២១​នេះ ជឿន ណាចារ បាន​វិវឌ្ឍខ្លួនទៅ​ជា​កីឡាករ​អាជីព​​របស់​ក្រុមកង​យោធពល​ខេមរភូមិន្ទ ទៅ​ហើយ ដោយ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ណាចារ ត្រូវ​បាន​អ្នក​ចាត់ការ​ក្រុម លោក Lee Tae Hoon ដាក់​ឱ្យ​នៅ​ក្នុងជម្រើស​ដំបូង ក្នុង​ការ​ប្រកួតលីគកំពូល​កម្ពុជា ហើយ​នៅ​ក្នុងជំនួប​រវាងក្រុមទ័ព និង​បឹងកេត កាលពី​ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា កន្លង​មក​នេះ ជឿន ណាចារ បាន​លេងប្រឈម​ជាមួយ ចាន់ វឌ្ឍនាកា ជា​លើក​ដំបូង និង​បាន​ប្តូរ​ឯកសណ្ឋាន​គ្នា នៅ​ក្រោយការ​ប្រកួត​បាន​បញ្ចប់​ផងដែរ ដោយ​ ចាន់ វឌ្ឍនាកា ស៊ុត​២គ្រាប់ ជួយ​ឱ្យបឹងកេត ឈ្នះ​ក្រុមទ័ព ២-០៕

  • Loading...
  • Recent Posts