• Banner Banner Banner Banner Banner Banner
  • លោក វ៉ាត់ ចំរើន ថា យើងមិនអាចលះបង់ ការចូលរួមកីឡាអូឡាំពិក បានឡើយ
    កីឡាផ្សេងៗ 3 months ago 152 Views

    នាយក​បេសកកម្ម​កីឡាអូឡាំពិកតំណាងឱ្យ​កម្ពុជា​ លោក វ៉ាត់ ចំរើន បានអះអាង​ថា កម្ពុជា មិនអាច​បោះ​បង់ការ​ប្រកួតកីឡា​អូឡាំពិក បានឡើយ គឺ​យើង​ត្រូវតែ​ចូល​រួម ព្រោះនេះជា​កាតព្វកិច្ច និងជា​មោទនភាព ព្រមទាំង​បង្ហាញ​ទង់ជាតិ​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ ក្នុងនាម​កម្ពុជា ជាសមាជិកចលនាអូឡាំពិកពិភពលោក។

    លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ ​«អ្វី​ដែល​យើងទាំងអស់គ្នាមាន​មោទនភាព គឺ​បេសកកម្ម (កីឡអូឡាំពិក) លើកនេះ វាខុសពី​បេសកកម្មលើក​មុនៗ ហេតុនេះ​ទោះបីជាមានការបារម្ភពីគ្រួសារ ឬមិត្តភក្តិ តែប្រតិភូ​កីឡា​យើង​ទាំងអស់ នៅតែមានឆន្ទៈមោះមុត ក្នុងការចូលរួម ហើយត្រូវចូលរួមឱ្យ​បាន ដើម្បីតំណាងឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា តំណាងទង់ជាតិកម្ពុជា ក្នុងពិធីបើកកីឡាអូឡាំពិក ៤ឆ្នាំម្ដង ក្នុងនាមកម្ពុជា ជាសមាជិកចលនាអូឡាំពិកអន្ដរជាតិ ដែលមិនអាចលះបង់ការចូលរួមនេះបានឡើយ»។

    លោក វ៉ាត់ ចំរើន លើក​ឡើងបែបនេះ នៅពេល​លោក​បាន​ដឹកនាំ​ក្រុមប្រតិភូ និង​ក្រុមអត្តពលិក​កម្ពុជា ទៅដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃអង្គារ​នេះ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​ជប៉ុន ដើម្បីចូល​រួមការ​ប្រកួត​កីឡា​អូឡាំពិក ឆ្នាំ​២០២០នេះ ដែល​ត្រូវ​ធ្វើ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ។

    អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖​ «ការប្រកួតឈ្នះចាញ់ គឺជារឿងមួយ តែ​លោក Pierre De Coubertin បានថ្លែងហើយថា កីឡាអូឡាំពិកសំខាន់ជាងគេ គឺការចូលរួម ព្រោះការចូលរួម គឺជាការដែលធ្វើឱ្យ​ពិភពលោកមានមិត្តភាព សាមគ្គីភាព និងសន្ដិភាព ដែលកម្ពុជាយើងបានដាក់ទ្រឹស្ដីក្នុងបាវចនា នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ថា កីឡារស់ក្នុងសន្ដិភាព អ៊ីចឹង​យើងទៅនេះ ទៅដើម្បីសន្ដិភាព ទៅដើម្បីលើកទឹកចិត្តម្ចាស់ផ្ទះ ទៅដើម្បីបំពេញកាតព្វ​កិច្ចជាសមាជិកចលនាអូឡាំពិកពិភពលោក»។

    លោក​វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «អ្វីដែលយើងចង់បានត្រឡប់មកវិញ គឺកិត្តិយសសេចក្ដីថ្លៃថ្នូរ ដែលកីឡាករ កីឡាការិនីរបស់យើង ខិតខំប្រឹងក្នុងការប្រកួត ហើយប្រកួតដោយមោទនភាព គោរពគោលការណ៍ Fair Play គោរពបទបញ្ជាការប្រកួត និងប្រកួតដោយក្រមសីលធម៌ល្អ»។

    «ទោះបីជា កីឡាករ កីឡាការិនីរបស់យើងមានចំនួនតិចមែន ប៉ុន្ដែយើងនឹងនាំត្រឡប់មកវិញនូវកិត្ដិយស មិនឱ្យ​យើងពាក់ព័ន្ធទៅនឹងសារធាតុដូប៉ា ឬរំលោភបទបញ្ជាការប្រកួតទេ។ នេះហើយជាការអបអរសាទរមួយ ដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានយកចិត្តទុកដាក់ណាស់ ចំពោះវិស័យ​កីឡា»។ លោក ចំរើន បាន​បញ្ជាក់បន្ថែម។

    គួរបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកម្ពុជា ដែលចេញដំណើរទៅប្រកួតកីឡាអូឡាំពិក កាលពី​ព្រឹក​ថ្ងៃអង្គារនេះ មាន ៨នាក់ ក្រោមការ​ដឹកនាំ​របស់​លោក វ៉ាត់ ចំរើន ដោយ​ក្នុងនោះមាន​អត្តពលិក ៣នាក់ប៉ុណ្ណោះ ដែលទទួលបានសិទ្ធិអនុគ្រោះ ឱ្យចូលរួមការ​ប្រកួតកីឡាអូឡាំពិក​លើកនេះ គឺមាន​កីឡាករ​ហែលទឹក ហែម ប៊ុច កីឡាការិនី ឃឿន ប៊ុនពេជ្រមរកត និងកីឡាករ​អត្តពកម្ម ប៉ែន សុគង់ ក្រៅពី​នោះ​ជា​អ្នក​ដឹកនាំ និង​គ្រូ​បង្វឹក៕

  • Loading...
  • Recent Posts