• សុខ រិទ្ធ ជឿថា អាចយកឈ្នះ យ៉ន ពិសី ដើម្បីទទួលបានឱកាសទៅសងសឹក សែន រ៉ាដេត
    ប្រដាល់ក្នុងស្រុក 2 weeks ago 100 Views

    អ្នក​ប្រដាល់​មក​ពីជាយ​ដែន សុខ រិទ្ធ ដែល​កំពុង​ហ្វឹកហាត់ នៅក្នុងក្រុម​​​ជម្រើស​ជាតិ​ប្រដាល់​ឃីក​បុកស៊ីង បាននឹងកំពុង​​ផ្តោត​ខ្លាំងទី​លើ​ការ​ជួប​កីឡាករ យ៉ន ពិសី ក្នុងការ​ប្រកួត​ Mas Fight មាន​៩នាទីពេញ នៅ​លើ​សង្វៀន ថោន នា​ថ្ងៃអាទិត្យ​នេះ ខណៈ​បេក្ខភាព​វ៉ៃ​ម៉ារ៉ាតុងដណ្តើម​ប្រាក់លាន នៅ​សប្តាហ៍នេះ សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី វ័យ​ក្មេង ដែល​ស្រេក​ឃ្លាន​ការ​ឈ្នះ។

    ចំពោះ​អត្ថន័យ​នៃ​ការ​ជួបគ្នា​រវាង  សុខ រិទ្ធ និង យ៉ន ពិសី លើក​នេះ វាមិនត្រឹមតែ​ជា​ការ​ប្រកួត ដណ្តើម​យកជ័យជម្នះ តាម​រយៈការ​ផ្តួល​គ្នា​ឱ្យ​សន្លប់ ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​លើក​ចិត្តបន្ថែម​ពីកម្ម​វិធី​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ទទួល​បានជ័យជម្នះ នឹង​ទទួលបានឱកាស ប្រកួត​​សងសឹក​ជាមួយ​ជើង​ខ្លាំង សែន រ៉ាដេត ព្រោះ​អ្នកទាំង​២នេះ សុទ្ធតែ​ធ្លាប់​ចាញ់ សែន រ៉ាដេត ដូច​គ្នា។

    យ៉ាង​ណាក៏​​ដោយ សុខ រិទ្ធ ពិតជា​​ចង់​ឈ្នះ យ៉ន ពិសី ខ្លាំងណាស់ ព្រោះក្រៅ​ពីបាន​ទៅ​ប្រកួតសង​​សឹក សែន រ៉ាដេត គឺ​ជ័យជម្នះ​នេះ ក៏​អាច​នឹង​ស្តារ​មុខមាត់​របស់​គេ​ ឡើង​វិញ​បាន​ដែរ ព្រោះ​២​ប្រកួត​ចុងក្រោយ​នេះ សុខ រិទ្ធ បាន​ចាញ់ រិន ​ដាវីដ ​និង​ចាញ់ ​សែន​ រ៉ាដេត ​យ៉ាង​គ្រាំគ្រា​។ ​​​សុខ ​រិទ្ធ ​បាន​ស្នើ​សុំ​ប្រកួត​សងសឹក​វិញ ប៉ុន្តែ​​គណៈកម្មការ​ផ្គូផ្គង​​របស់​សង្វៀន​ថោន​បាន​ដាក់​ឱ្យ​ ​ជួប ​យ៉ន ​ពិសី សិន គឺ​បើ​ឈ្នះ​ទើបអាច​បាន​សងសឹក សែន រ៉ាដេត។

    ទាក់​ទងការ​ប្រកួតនេះ សុខ​ រិទ្ធ​ ​ប្រាប់​ប្រព័ន្ធផ្សព្វ​ផ្សាយ​​ថា​៖​ «​​ការ​ប្រកួត​លើក​​នេះ​ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​​បាន​ល្អ ​គឺ​ប្រកួត​យក​ឈ្នះ​ យ៉ន ពិសី ឱ្យ​​បាន ​ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​សងសឹក​ជាមួយ ​សែន ​រ៉ាដេត​ ​នៅ​ថ្ងៃ​ក្រោយ​។ តែ​ទោះបីជា​យ៉ាង​ណា​ ខ្ញុំ​មិន​ហ៊ាន​អះអាង​ពី​ការ​ឈ្នះ​លើ​ យ៉ន ​ពិសី​ ប៉ុន្មាន​ភាគរយ​​នោះ​ទេ តែ​ខ្ញុំនឹង​ខំ​​ប្រកួត​ឱ្យ​បាន​​ល្អ​ និង​អស់​ពី​សមត្ថភាព​ ​ព្រោះខ្ញុំ​បាន​ហ្វឹកហាត់​ត្រៀម​គ្រប់គ្រាន់​ហើយ»។​

    យ៉ាងណា​ក៏ដោយ  ភាគីកីឡាករ យ៉ន ពិសី ក៏​រំពឹងទទួលបាន​ជ័យជម្នះ ក្នុងការ​ប្រកួតនេះ​ផងដែរ។ ចំណែក​លោក​ ឡុង​ សាលវ័ន្ត ​គ្រូ​បង្វឹក​ យ៉ន​ ពិសី​ បាន​និយាយ​ថា​៖ «​ពិសី​​ ​ហាត់​បាន​ល្អ ​ហើយ​ការ​វ៉ៃ​តាម​របៀប​ Mas Fight ​នេះ​ ពិសី ​មាន​ទំនុក​ចិត្ត​ខ្ពស់ ​ព្រោះ​របៀប​វ៉ៃ​របស់​វា ​សម្រុក​ខ្លាំង ​អ៊ីចឹង​​អាច​មាន​ឱកាស​ផ្តួល​ សុខ​ រិទ្ធ​ ឱ្យ​សន្លប់​បាន​ ក្នុង​នាទី​ណា​មួយ​»។

    លោក ​ជួប ​វុត្ថា ​អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​ថោន​បាន​និយាយ​ថា​៖​ «អ្នក​ទាំង​ ២ ​សុទ្ធ​តែ​ធ្លាប់​ចាញ់​ សែន​ រ៉ាដេត​ អ៊ីចឹង​អ្នក​ណា​ឈ្នះ​ក្នុង​ជំនួប​នេះ​ នឹង​បាន​ឡើង​ទៅ​ប្រកួត​សងសឹក​ជាមួយ​ ​សែន​ រ៉ាដេត​ នៅ​សង្វៀន​ថោន​នេះ​ ដែល​ត្រៀម​ចាំ​រួច​រាល់»​​។

    យ៉ាង​ណា​មិញ សម្រាប់បេក្ខភាព​​ត្រូវ​ប្រកួតម៉ារ៉ាតុងដណ្តើម​ប្រាក់លាន ចំនួន ៣,៤​លាន​រៀល នៅ​ថ្ងៃអាទិត្យ សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី វ័យក្មេង កំពុង​សាង​បានភាព​ល្បី ដោយក្នុង​នោះ​មាន ពុទ្ធ ម៉ាណូយ, ឡុង ខេត្ត, សឿន ថៃសាន់ និង សូដា លីម៉ូ។

    រវាង​អ្នកទាំង​​៤​នេះ នឹង​ត្រូវ​ធ្វើការ​ចាប់​ឆ្នោត នៅមុនការ​ប្រកួតជម្រុះ​៣​ទឹក រួច​ទើប​យក​អ្នក​ឈ្នះ​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ។ ទោះ​យ៉ាង​ណា សម្រាប់អ្នកទាំង​៤នេះ មានសមត្ថភាព​ប្រហាក់​ប្រហែល​គ្នា គ្រាន់តែ សូដា លីម៉ូ ហាក់ខ្ចី​ជាងគេ​បន្តិច តែ​អ្វី​ដែល​គួរឱ្យកត់សម្គាល់​នេះ ពួក​គេ សុទ្ធជា​អ្នកប្រយុទ្ធ​វ៉ៃ​មិន​រាថយ ពិសេស ឡុង ខេត្ត និង សឿន ថៃសាន់ ដែលនិយម​វាយ​​សម្រុក​ទៅ​លើ​ដៃ​គូប្រកួត ហើយ​បើទប់មិនជាប់ អ្នក​នោះ​អាច​នឹង​សន្លប់​បាន៕​

  • Loading...
  • Recent Posts