• សហព័ន្ធប្រដាល់គុនខ្មែរ អាចនឹងត្រូវព្យួរ និងគ្មានឱកាសបានប្រកួតអន្តរជាតិ បើសិននៅតែបង្កើតបញ្ហាដដែលៗ
    ប្រដាល់ក្នុងស្រុក 3 weeks ago 457 Views

    សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ដែល​មាន​លោក​ តែម ម៉ឺន ជា​ប្រធាន ​ត្រូវបាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) ធ្វើ​ការ​ព្រមាន​ ជា​លើក​ដំបូង ជុំ​វិញ​ភាពមិន​ប្រក្រតី​ទាក់​ទង​ទៅនឹង​ការ​កាត់​សេចក្តីការ​ប្រកួត​រវាង ឃីម បូរ៉ា និង ម៉ឺន មេឃា នៅ​លើ​សង្វៀន CNC កន្លង​មក​នេះ។

    តាម​ខ្លឹម​សារ នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ កាល​ពី​ថ្ងៃចន្ទ​ម្សិល​មិញ​ NOCC បាន​យល់​ឃើញ​ទៅ​លើ​ភាព​អសកម្ម​របស់សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ​ចំណុច​​ចំនួន​៣ ទី​១ អាជ្ញាកណ្ដាល-ចៅ​ក្រម​ជា​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​វិនិច្ឆ័យ​ការ​ប្រកួត​ដោយ​មិន​គោរព​តាម​គោលការណ៍​លេង​ដោយ​យុត្តិធម៌ (Fair-Play) មិន​គោរព​តាម​បទ​បញ្ជា​ការ​ប្រកួត គ្មាន​ក្រម​សីលធម៌ និង​ស្មារតី​ជា​មន្ត្រី​យុត្តិធម៌​កីឡា ធ្វើ​ឱ្យ​មហា​ជន​បាត់​បង់​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​គ្រប់​គ្រង​កីឡា និង​ប៉ះ​ពាល់​ដល់​គុណ​តម្លៃ​នៃ​កីឡា​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា។

    ចំណែក​ទី​២ កន្លង​មក​ការ​ប្រកួត​លើ​សង្វៀន​ឯកជន ការ​វិនិច្ឆ័យ​លទ្ធផល​ការ​ប្រកួត​តែងតែ​មាន​បញ្ហា​អយុត្តិធម៌​ជា​ញឹក​ញាប់​របស់​សហ​ព័ន្ធ​កីឡា​គុនខ្មែរ ហើយ​នៅ​តែ​មិន​អាច​កែ​សម្រួល ឬ​កែ​ទម្រង់​បាន ដែល​ធ្វើ​ឱ្យ​មហា​ជន និង​ថ្នាក់​ដឹកនាំ​មាន​ប្រតិកម្ម ជា​ញឹក​ញាប់​ជា​ច្រើន​លើក​ច្រើន​សារ។

    ចំពោះ​ចំណុច​ទី​៣ បើ​ទោះបីការ​ប្រកួត​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​​អាជីវ​កម្ម មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ចលនា​អូឡាំពិក ហើយ​ការ​ប្រកួត​ជា​ការ​ដណ្ដើម​លាភ​សក្ការៈ​ជា​លុយ ផ្ទុយ​នឹង​ស្មារតី និង​ធម្មនុញ្ញ​អូឡាំពិក ប៉ុន្តែ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ជា​សមាជិក​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ស្ថិត​ក្រោម​ឆ័ត្រ​នៃ​លក្ខន្តិកៈ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា។

    យោង​ទៅតាម​ការ​យល់​ឃើញ​ទាំង​៣ចំណុច​នេះ គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា បាន​ប្រកាស​ដាក់​ការ​ព្រមាន ​លើក​ដំបូង​ដល់​សហ​ព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ​ឱ្យ​ធ្វើ​ការ​កែ​ទម្រង់ និង​ដាក់​ចេញ​នូវ​បទ​ប្បញ្ញត្តិ ដោយ​ដាក់​ពិន័យ​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញា​កណ្ដាល-ចៅ​ក្រម​ ឱ្យ គោរព​ស្មារតី​កីឡា គោរព​បទ​បញ្ជា​ការ​ប្រកួត គោរព​គោលការណ៍ Fair-Play និង​គោរព​ក្រម​សីលធម៌​កីឡា ដោយ​មិន​អាច​រំលោភ​បាន។

    សេចក្តី​ប្រកាសដដែលនេះ បាន​បញ្ជាក់​ថា៖ ​«ប្រសិន​បើ​មាន​បញ្ហា​ដដែល​កើត​ឡើង​ទៀត គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​នឹង​ប្រើ​សិទ្ធិ​ដាក់​ព្យួរ​សមាជិក​ភាព ដែល​ជា​ផល​វិបាក​របស់​សហ​ព័ន្ធ មិន​អាច​ចូល​រួម​ប្រកួត​ជា​អន្តរ​ជាតិ និង​រៀបចំ​ការ​ប្រកួត​ជា​អន្តរ​ជាតិ​ផ្លូវ​ការ​បាន ហើយ​ក៏​មិន​អាច​ចូលរួម​ប្រកួត​កីឡា SEA Games រួម​ទាំង SEA Games នៅ​កម្ពុជា​ផង​ដែរ»។

    ការ​ឈាន​ដល់​ការ​ប្រកាស​ដាក់​ការ​ព្រមាន ​ជាលើក​ដំបូង​​របស់ NOCC ដល់​សហ​ព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ នេះ គឺ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មហាជន ពិសេស​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ធ្វើ​ការ​រិះ​គន់​ពី​ការ​សម្រេច​លើក​ពេល​នៃការ​ប្រកួត​របស់ ម៉ឺន មេឃា និង ឃីម បូរ៉ា ខណៈ​ការ​ប្រកួត​របស់​អ្នកទាំង២ ត្រូវបាន​បញ្ចប់​ដោយ​គ្មានប្រកាស​លទ្ធផល ក្រោយ​ពេល ម៉ឺន មេឃា ចាប់​បោក ឃីម បូរ៉ា ដូច​កីឡាករ បណ្តាល​ឱ្យ​សន្លប់​ធំ នៅ​ក្នុងទឹក​ទី​៣​នោះ។

    យ៉ាង​ណា​ក៏​ដោយ ជាមួយ​ការិះ​គន់ និង​ការដាក់ឱវាទ​ធ្ងន់ៗ​ពីសំណាក់​ប្រមុខ​ដឹកនាំ​ប្រទេស​នេះ សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ និង​អ្នក​គ្រប់​គ្រង​សង្វៀន CNC បាន​សម្រេច មិន​លើក​ពេល​ប្រកួត​នោះ​ទេ ដោយបាន​ប្រគល់ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់លេខ​១ ចំនួន​២០​លាន​រៀល ឱ្យ​ទៅ​កីឡាករ​រង​គ្រោះ ឃីម បូរ៉ា តែ​ម្តង រីឯ ម៉ឺន មេឃា បានលេខ​២ ខណៈ​ពិធី​ប្រគល់​ខ្សែ​ក្រវាត់ និងប្រាក់​រង្វាន់នេះ ត្រូវបាន​ធ្វើ​ឡើង​នៅស្ថានីយទូរទស្សន៍ CNC កាលពី​ព្រឹក​ថ្ងៃចន្ទ ម្សិលមិញ៕

  • Loading...
  • Recent Posts