• ទាល់តែត្រូវមួយព្រនង់ ទើបក្រុមមន្រ្តីប្រដាល់គុនខ្មែរ ភ័យខ្លួន ហើយសម្រេចផ្តល់ជ័យជម្នះទៅឱ្យកីឡាកររងគ្រោះ ឃីម បូរ៉ា
    ប្រដាល់ក្នុងស្រុក 3 weeks ago 298 Views

    នៅទីបំផុត សហព័ន្ធ​កីឡា​​ប្រដាល់​កម្ពុជា និង​អ្នក​គ្រប់​គ្រង​សង្វៀន​ប្រដាល់ CNC បាន​សម្រេច​​លុប​ចោល​ការ​លើក​ពេលការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង​កីឡាករ ម៉ឺន មេឃា និង ឃីម បូរ៉ា ដោយ​ប្រគល់​ជ័យជម្នះ​ទៅ​ឱ្យ​កីឡាករ​រងគ្រោះ ឃីម បូរ៉ា តែ​ម្តង ដើម្បី​បញ្ចប់​ភាព​ចម្រូង​ចម្រាស និង​ការ​រិះ​គន់​ពី​មហាជន។

    ការ​សម្រេច​ផ្តល់ខ្សែ​ក្រវាត់ និងពាន​លេខ​១ ទៅ​លើ​កីឡាករ ឃីម បូរ៉ា នេះ ត្រូវ​បាន​លោក ម៉ា ស៊ីថេត អ្នក​គ្រប់​គ្រង​ឱ្យ​បាន​ដឹង នៅ​លើ​ផេច​ហ្វេសប៊ុក​របស់​ខ្លួន កាលពី​យប់​ថ្ងៃអាទិត្យ គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រតិកម្ម និងចាត់ទុក​ការ​សម្រេច​លើក​ពេល​ការ​ប្រកួត​ដ៏ចម្រូងចម្រាស រវាង ម៉ឺន មេឃា និង ឃីម បូរ៉ា នៅ​លើ​សង្វៀន CNC នេះ ​ថា ជា​រឿង​ខុស ចំណែក​ការ​ប្រគល់​ខ្សែ​ក្រវាត់ និងពាន​លេខ​១​នេះ ត្រូវបាន​ធ្វើ​ឡើង នៅ CNC ផ្ទាល់ កាលពី​ព្រឹក​ថ្ងៃចន្ទ​នេះ។

    ការ​ចូល​រួម​ផ្តល់​ជា​មតិ​យោបល់ និង​រិះ​គន់​របស់​លោក​នាយក​រដ្ឋមន្រ្តី ទៅ​លើ​កំហុស​ឆ្គងនៃ​ការ​កាត់សេចក្តី​នេះ វា​ប្រៀប​ដូចជា​ការ​វាយ​មួយ​ព្រនង់ ​ទៅ​លើ​មន្រ្តី​បច្ចេក​ទេស​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដែល​បាន​បង្កើតកំហុស​យ៉ាងធំ ព្រោះ​ការ​ចាប់ ឃីម បូរ៉ា បោក​ដូច​កីឡាកាស​បណ្តាល​ឱ្យ​សន្លប់​ធំ ពី​សំណាក់​កីឡាករ ម៉ឺន មេឃា វាស្តែង​ឱ្យ​ឃើញច្បាស់​​រួច​ទៅ​ហើយ​ថា ជាការ​ប្រព្រឹត្ត​​ខុស​ពី​បទ​បញ្ជានៃ​ការ​ប្រកួត ដែល​ត្រូវ​ប្រគល់​ជ័យជម្នះ​ទៅ​ឱ្យ​កីឡាករ​រង​គ្រោះ ឃីម បូរ៉ា ចុះ​ហេតុ​អ្វី​ចាំ​បាច់​ត្រូវ​លើក​ពេល​នៃ​ការ​ប្រកួតនេះ ទៅ​២​សប្តាហ៍​ខាងមុខ។

    ជុំវិញ​នឹង​ភាពចម្រូងចម្រាស​នៃ​ការ​លើក​ពេល​ប្រកួត​រវាង ម៉ឺន មេឃា និង ឃីម បូរ៉ា កាលពី​ថ្ងៃសៅរ៍​កន្លងមកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​សរសេរ​បង្ហោះ​នៅ​លើ​ផេចហ្វេសប៊ុក​របស់​លោក កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា៖ ​«ដោយ​អត់​ទ្រាំ​មិន​បាន ខ្ញុំ​សូមចេញ​មក​និយាយ​ក្នុង​នាម​ជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់ ដែល​ស្រឡាញ់​វិស័យ​កីឡា។ តើ​យើង​ត្រូវ​ពង្រឹង​អាជ្ញា​កណ្តាល​កីឡា​ប្រដាល់ ឬ​ត្រូវ​បង្កើត​ក្បាច់​គុន​ថ្មី ​ដោយ​កំណត់​លក្ខខណ្ឌ​ប្រកួត​ថ្មី​? ​វាយ​ខុស​ក្បួនហើយ ​មិន​ព្រម​ប្រកាស​លទ្ធផល​ និង​លើក​ពេល ​ទៅ​ប្រកួត​​នៅ​ពេល​ក្រោយ»។

    ​ប្រមុខ​ដឹកនាំ​ប្រទេសកម្ពុជា ​រូបនេះ បាន​បន្ថែម​ថា៖​ «តើ​ឱ្យ​កីឡា​ប្រដាល់​យើង​ឈាន​ទៅ​មុខ​ម្តេច​បាន បើ​​សហ​ព័ន្ធ​កីឡា​ប្រដាល់​យើង ទុកឱកាស​ឱ្យ​អាជ្ញា​កណ្តាល​ធ្វើ​បែប​នេះ?​ តើ​មាន​ក្បួន​មក​ពី​ណា​ វាយ​ខុស​ក្បួន​ខ្នាត​ហើយ សម្រេច​លើក​ពេល​ទៅ​ប្រកួត​ពេល​ក្រោយ សូម្បី​តែ​បាល់​ទាត់ បើ​ទាត់​ខុស​ ត្រូវ​ពិន័យ​កាត​លឿង ឬ​កាត​ក្រហម ​ដោយដេញ​ចេញ​ ឬ​ពិន័យ​បាល់​ ១១ ​ម៉ែត្រ​ភ្លាមៗ ​ដោយមិន​ទុក​ពេល​ឱ្យ​តវ៉ា​នោះ​ទេ»។

    លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ដែល​បាន​ទស្សនាការ​ប្រកួត​រវាង ឃីម បូរ៉ា និង ម៉ឺន មេឃា តាម​រយៈការ​ផ្សាយ​ផ្ទាល់​នោះ បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​មិន​បន្ទោស​កីឡាករ​ទេ ព្រោះ​ពួក​គាត់​ស្តាប់តាម​ការ​កាត់ក្តី​របស់​អាជ្ញា​កណ្តាល។ អ្វី​ដែល​ខ្ញុំ​សុំ គឺ​អាជ្ញា​កណ្តាល ​ត្រូវ​តែ​មាន​យុត្តិធម៌​ក្នុង​ខ្លួន»។

    គួររំឭក​ថា សម្រាប់​ការ​ប្រ​កួត ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដណ្តើម​ខ្សែ​ក្រវាត់​​គោល​ជល់​ ​អម​ដោយ​ទឹក​ប្រាក់​ចំនួន ​៥​ ០០០ ​ដុល្លារ នៅ​លើ​សង្វៀន CNC កាលពី​ថ្ងៃសៅរ៍ កន្លង​មកនេះ កីឡាករ​ម៉ឺន​ មេឃា​ ដែល​ទំនង​ចាញ់​ប្រៀប​ពិន្ទុ ​ឃីម ​បូរ៉ា ​ទៅ​ហើយ​នោះ​ ​ចាប់​បោក ឃីម បូរ៉ា ដូចការ​ប្រកួត​កីឡាកាស ​បណ្តាល​ឱ្យ​ ​ឃីម ​បូរ៉ា ​សន្លប់​ធំ​​ នៅ​ក្នុងទឹក​ទី​ ៣។

    ការ​ប្រព្រឹត្ត​ខុស​ពី​បទបញ្ជា និងច្បាប់នៃ​ការ​ប្រកួត​របស់សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ត្រូវបានគេ​គិត​ថា គណៈកម្មការ នឹង​ផ្តល់​​ជ័យជម្នះ​ទៅ​ឱ្យកីឡាករ​រង​គ្រោះ ឃីម បូរ៉ា ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ ក្រុម​មន្រ្តី​បច្ចេក​ទេស​របស់សហព័ន្ធ ទាំងនេះ បែរ​ជា​សម្រេច​មិន​ប្រកាស​លទ្ធផល ហើយ​លើក​ពេល​ការ​ប្រកួត​នេះ ទៅ​ធ្វើ​​ឡើង​វិញ នៅ ​២ សប្តាហ៍​ក្រោយទៀត ទៅ​វិញ។ តែ​ទោះបីជា​យ៉ាង​ណា ដោយ​មានការ​រិះ​គន់ខ្លាំង ពិសេស​ការ​រិះគន់ ក្នុង​ន័យស្ថាបនា​របស់​លោក​នាយក​រដ្ឋមន្រ្តី បាន​ធ្វើឱ្យ​សហព័ន្ធ និង​អ្នក​គ្រប់​គ្រង​សង្វៀន CNC សម្រេច​លុប​ចោល​ការ​សម្រេច​មុន និងបានឯក​ភាព​ប្រគប់​ខ្សែ​ក្រវាត់ ពាន​លេខ​១ និង​ប្រាក់​រង្វាន់ ៥០០០ ដុល្លារ​ទៅ​ឱ្យ ឃីម បូរ៉ា តែ​ម្តង ហើយ ម៉ឺន មេឃា បាន​ចំណាត់ថ្នាក់​លេខ​២៕

  • Loading...
  • Recent Posts