• ឃឿន ប៊ុនពេជ្រមរកត ប្តេជ្ញាបង្កើតឱ្យបានសិទ្ធិផលថ្មី នៅក្នុងការប្រកួតអូឡាំពិក
    កីឡាផ្សេងៗ 4 weeks ago 91 Views

    កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ឃឿន ប៊ុន​ពេជ្រ​មរកត បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពីសមត្ថភាព ដើម្បី​បង្កើតនូវសិទ្ធិផល​ថ្មី និងសាងកេរ្តិ៍ឈ្មោះ សម្រាប់ការ​ទទួលបានឱកាស​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ​២០២០ ដែល​បាន​លើក​ពេល យកមក​ធ្វើ​នៅ​ក្នុងឆ្នាំ​២០២១​នេះ។

    កីឡាការិនី ឃឿន ប៊ុន​ពេជ្រ​មរកត បាន​សម្តែងការ​រីក​រាយ​ខ្លាំង ចំពោះ​ការ​ទទួលបានឱកាសពិសេសនេះ។ កីឡាការិនីវ័យ ១៥ឆ្នាំរូបនេះ បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក្នុងស្រុក​ថា៖«ខ្ញុំពិតជាមានសេចក្ដីរំភើប មិននឹកស្មានដល់ ហើយខ្ញុំសប្បាយចិត្ត ដែលសហព័ន្ធ បានជ្រើសរើសខ្ញុំ ហេតុនេះ​ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ  ខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យ​អស់ពីសមត្ថភាព ក្នុងនាមកីឡាការិនីតំណាងកម្ពុជា ១រូប។ ខ្ញុំនឹងខំប្រឹងធ្វើឱ្យ​បានល្អបំផុត ដែលអាចធ្វើទៅបាន ដើម្បីកេរ្ដិ៍ឈ្មោះប្រទេសជាតិ និងខ្លួនខ្ញុំផ្ទាល់» ។

    បន្ថែម​ទៅ​លើការ​ទទួលបានឱកាស​ពិសេស នៅក្នុងអាជីព គឺ​ការ​បាន​ទៅ​ចូល​រួមការ​ប្រកួត​អូឡាំ​ពិក ជា​លើកដំបូង​នេះ ឃឿន ប៊ុនពេជ្រមរកត ក៏​បាន​ប្តេជ្ញា​ខិតខំ​ធ្វើ​ដង ប្រជែង​យក​ឱកាស ដើម្បី​បាន​ទៅ​ហ្វឹក​ហាត់ នៅប្រទេស​ចិន និងការ​ប្រកួត​នានា នៅ​លើ​ឆាក​អន្តរជាតិ ផង​ដែរ។

    ឃឿន ប៊ុន​ពេជ្រ​មរកត បាន​បន្ថែម​ថា៖​ «ក្រៅពីការប្រកួតអូឡាំពិក គោល​ដៅរបស់ខ្ញុំ គឺ​បន្ដ​ការ​ខិត​ខំ​ហ្វឹក​ហាត់ ព្រោះសហព័ន្ធ បានអះអាងថា នឹង​មានការជ្រើសរើសកីឡាករ កីឡាការិនី ចំនួន​១០រូប ទៅហ្វឹកហាត់នៅ​ប្រទេសចិន ដូច្នេះខ្ញុំនឹងបង្កើនការខំប្រឹងទ្វេដង ដើម្បីឱ្យ​សហព័ន្ធជ្រើសរើស ខ្ញុំ និងបានទៅប្រកួតនៅក្រៅប្រទេស »។

    គួរ​បញ្ជាក់​ថា កីឡាការិនី​វ័យក្មេង ឃឿន ប៊ុន​ពេជ្រ​មរកត ​ត្រូវ​បាន​សហព័ន្ធ​​ខ្មែរ​កីឡា​ហែល​ទឹក ជ្រើស​រើសឱ្យ​ទៅ​ចូល​រួម​ការ​ប្រកួតអូឡាំពិក ជំនួសកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ម៉ីលី តានមីននិក ដែលត្រូវ​បាន​ដក​ឈ្មោះ​ចេញ​វិញ បន្ទាប់​ពី​កីឡាការិនី​កូនកាត់​រូបនេះ ​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌចង់​បាន​របស់​សហព័ន្ធកីឡាហែលទឹកអន្ដរជាតិ(FINA)​។

    តាម​រយៈការ​ជ្រើស​រើស​នេះ ឃឿន ប៊ុន​ពេជ្រ​មរកត នឹងត្រូវចូលរួមការ​ប្រកួត​កីឡាអូឡាំពិក ​នាពេល​ខាង​មុខ​នេះ  ជាមួយកីឡាករ ហែម ប៊ុច ​តាម​រយៈការ​ទទួលបាន​សិទ្ធិអនុគ្រោះ​ពី FINA ដោយ​អ្នក​​ទាំង២​នេះ ត្រូវ​ប្រកួត​លើវិញ្ញាសាហែលសេរី ចម្ងាយ​៥០ម៉ែត្រដូចគ្នា៕

  • Loading...
  • Recent Posts