• សែន រ៉ាដេត និង សុខ រិទ្ធ ខ្លាចរអាគ្នា ខណៈភាគី យ៉ន ពិសី សន្យានឹងខំប្រឹងវ៉ៃដោយមិនញញើត
    ប្រដាល់ក្នុងស្រុក 1 month ago 74 Views

    កីឡាករ​ជើងខ្លាំងទម្ងន់ស្រាល សែន​ រ៉ាដេត​ ​របស់​ក្លិប​​នាយក​ដ្ឋាន​អង្គរក្ស ​និង ​សុខ ​រិទ្ធ ​មក​ពីខេត្ត​​បន្ទាយ​មាន​ជ័យ​ ហាក់មានការ​ខ្លាចរអា​គ្នា ខណៈ​អ្នក​ទាំង​២ ត្រូវបាន​ជ្រើស​រើស​ដាក់ឱ្យ​ប្រកួតម៉ារ៉ាតុងដណ្តើម​ប្រាក់​លាន នៅ​លើ​សង្វៀន​ថោន​ ជា​លើក​ដំបូង នា​ថ្ងៃអាទិត្យ​នេះ ជាមួយ​បេក្ខភាពជើង​ថ្មី​កំពុង​សាងបាន​ភាព​ល្បី​២​នាក់ទៀត គឺ ​យ៉ន ​ពិសី​ និង ​សាន ​សំអុល។

    បើ​ទោះបីជាកីឡាករ​ជម្រើសជាតិ​វ៉ូវីណាម​កម្ពុជា សែន រ៉ាដេត និង កីឡាករ​ជម្រើសជាតិ​ឃីកបុកស៊ីង សុខ រិទ្ធ មិនធ្លាប់​បានជួបគ្នា​កន្លង​មក ប៉ុន្តែ​គ្រូ​បង្វឹក​របស់​អ្នក​ទាំង​២ បាន​មើល​ឃើញ​ពីការ​លំបាក ក្នុងការ​យក​ឈ្នះ​គ្នា បើ​សិនជា​អ្នកទាំង​២នេះ ចាប់​ឆ្នោត​ប៉ះ​គ្នា នៅ​ក្នុងការ​ប្រកួតជម្រុះ​៣​ទឹក​ដំបូង។

    លោក ស៊ន ​អេលីត គ្រូ​បង្វឹក សែន រ៉ាដេត បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​៖ «​សែន ​រ៉ា​ដេត ​ហ្វឹក​ហាត់​បាន​ល្អ ​ប៉ុន្តែ​ខ្ញុំ​បារម្ភ​ខ្លាំង ​ប្រ​សិនគេ​ចាប់​ឆ្នោត​ប៉ះ​​កីឡាករ​ សុខ ​រិទ្ធ ព្រោះ​ សុខ រិទ្ធ មាន​ក្បាច់​ល្អ​ជង្គង់​ និង​កម្លាំង​ថេរ​ រឹង​ល្អ​ មិន​ស្រុត​ ទោះជា​ការ​ប្រ​កួត​ច្រើន​ទឹក ​ក៏​ដោយ​ គឺ​ខ្ញុំ​មិន​អាច​មើល​រំលង​វិជ្ជាគុន ​សុខ ​រិទ្ធ ​បាន​ទេ​។ តែ​​យ៉ាង​ណា​ក្តី ​ខ្ញុំ​នៅ​តែ​រំពឹង​លើ​​កូន​សិស្ស​ខ្ញុំ​ សែន ​រ៉ាដេត​៧០​ ភាគ​រយ»។​

    ចំណែកគ្រូដើម​របស់ សុខ រិទ្ធ ​លោក សាន់ ​សៅ​យ៉ាន់​ បាន​និយាយ​​ថា​៖ «​សុខ ​រិទ្ធ ​កំពុង​ហ្វឹក​ហាត់​នៅ​ភ្នំពេញ គឺ​​មិន​បានហ្វឹក​​ហាត់​ផ្ទាល់​ជា​មួយ​ខ្ញុំ​ទេ​ ប៉ុន្តែ​ខ្ញុំបាន​​ផ្តាំ​ឱ្យ​​គ្រូ​នៅ​ទី​នោះ​ ​កុំ​ឱ្យ សុខ រិទ្ធ ​​វ៉ៃ​តាម​​របៀប​ថៃ គឺ​​មិន​ងាយ​បាន​ពិន្ទុ​ទេ។ យើង​​គួរ​តែ​កែ​​វាយ​ចេញ​ដោយ​កណ្តាប់​ដៃ ​ជង្គង់ ​ព្រម​ទាំង​មិន​ដក​ថយ ​ទោះ​មាន​ប្រៀប​ឈ្នះ​ក៏​ដោយ​ ហើយ​បើ​វា​ធ្វើ​តាម​ខ្ញុំ​ប្រាប់​បាន​ គឺ​ឈ្នះ​ តែបើ​វ៉ៃ​តាម​បច្ចេកទេស​ដូច​នៅ​ថៃ​ សង្ឃឹម​តិច​ណាស់ ​គឺ​៦៥​ភាគ​រយ​ប៉ុណ្ណោះ»​។​

    ជាមួយគ្នា​នេះ លោក ឡុង សាវ័ន្ត មិន​ហ៊ាន​លើក​តម្កើង​សិស្ស​ខ្លួន​ឯង យ៉ន ពិសី ឱ្យ​ខ្ពស់​ពេក​នោះ​ទេ ព្រោះ​កុំ​ឱ្យ​គេ​ថា លោក​អួត សិស្ស​ខ្លួនឯង ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា រវាង​បេក្ខភាព​ទាំង​៣នេះ យ៉ន ពិសី​ ជួបមួយណា​ក៏​បានដែរ គឺ​ដឹងតែ​វ៉ៃ​អស់​ពីសមត្ថ​ភាព មិនញញើត​ម្នាក់ណា​ឡើយ។

    អតីត​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិប្រដាល់គុនខ្មែរ លោក ​ឡុង ​សាលវ័ន្ត​ បាន​បញ្ជាក់​ថា​៖​« យ៉ន ពិសី មិន​ធ្លាប់​ប្រ​កួត​ជា​មួយ ​សែន​ រ៉ាដេត​ និង ​សុខ ​រិទ្ធ​ ទេ​ ​ព្រោះ​ជំនាន់​ខុស​គ្នា​ គឺ​វា​ជាសិស្ស​ប្អូន​ ​តែ ពិសី ​ធ្លាប់​ឈ្នះ​ សាន​ សំអុន​។ ​យ៉ន ពិសី ​កំពុង​ហ្វឹក​ហាត់​ល្អ ​តែ​​វា​ខ្ញុំ​មិន​ហ៊ាន​និយាយ​មុន​ទេ ​ខ្លាច​ខុស​ និង​ខ្លាច​គេ​ថា ​យើង​និយាយ​អួត​ ប៉ុន្តែការ​ប្រកួត​នេះ ខ្ញុំ​​ធានា​ថា យ៉ន ពិសី ​វ៉ៃ​អស់​ពី​សមត្ថភាព​ និង​មិន​ញញើត​ទេ ​ទោះ​ប៉ះ​មួយ​ណា​ក៏​បានដែរ»​៕

  • Loading...
  • Recent Posts