• ជើងថ្មី ខាន់ ឃន ផ្សងមកវ៉ៃដណ្តើមប្រាក់លាន តែអ្នកកើបលុយធំ គេគិតថា អាចជាជើងខ្លាំង២រូបនេះ
    ប្រដាល់ក្នុងស្រុក 1 month ago 102 Views

    អ្នក​ប្រដាល់​មក​ពី​​​ក្លិប​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស​ ៩១១ ខាន់ ឃន បាន​ក្លាយ​ជា​បេក្ខភាព​ថ្មី​ខ្ចីវស្សា ដែល​ត្រូវ​បានដាក់ឱ្យ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់​​ចំនួន ៣,៤​លាន​រៀល នៅ​លើ​សង្វៀនថោន នា​ថ្ងៃអាទិត្យនេះ   ជាមួយ​បេក្ខភាព​ជើង​ចាស់​៣​នាក់​ទៀត​ រួម​មាន ​វៀត ​ប៊ុន​ឌឿន​, ពុទ្ធ​ សំបូរ​ និង​ អេលីត​ សាន់​។

    ទាំង​អ្នក​រៀបចំ និងគ្រូ​បង្វឹក​របស់ ខាន់​ ឃន សុទ្ធតែ​បាន​ទទួល​ស្គាល់​ថា ខាន់​ ឃន មាន​សមត្ថ​ភាព​ខ្ចី​វស្សា​ជាងគេ និងពិបាក​នឹង​ឆ្លង​ផុតការ​ប្រកួត​វគ្គជម្រុះ​៣ទឹក ដើម្បី​ឡើង​ទៅវគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែគ្រប់​គ្នា​សុទ្ធតែ​បានសរសើរ​ទៅដល់​ភាព​ក្លាហ៊ាន​ និងទឹក​ចិត្ត​ប្រកួត​មិនញញើត​ដៃគូ​របស់ ខាន់ ឃន។

    ​លោក ​ជួប ​វុត្ថា អ្នក​ផ្គូ​ផ្គង​ប្រចាំ​សង្វៀន​ថោន បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​​ថា៖ ​«កីឡាករ​ ខាន់​ ឃន​ ពិត​ជា​ខ្វី​វស្សា​ជាង​គេ​មែន​ ប៉ុន្តែ​​​​គេ​ មាន​ចិត្តធំ ​ចូល​វាយ​សម្រុក​គ្មាន​ញញើត​ថា​ ជើង​ចាស់ ​ឬ​រៀម​ច្បង​នោះ​ឡើយ​ ហើយ​ជើង​ចាស់​មួយ​ចំនួន​ ក៏​ធ្លាប់​បាន​​សន្លប់​ក្រោម​​កណ្តាប់​ដៃ​របស់​​គេ​ ​មិន​តិច​ដែរ គឺគេ​កំពុង​ល្អ ​ចិត្ត​ក្លាហ៊ាន ហេតុនេះយើង​​ត្រូវ​ដាក់​ឱ្យ​​គេ​ប្រ​កួត​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​​អ្នក​ជំនាន់​ក្រោយ​»​។​

    ចំណែក​អតីត​កីឡាករ​ជើង​ខ្លាំង លោក​ ឡៅ​ ស៊ី​ណាត​ ដែល​ជាគ្រូ​បង្វឹក​ជំនួយ ​បាន​និយាយ​ថា៖​«​ខាន់ ​ឃន ​ខ្វី​វស្សា​ណាស់​ តែ​ចិត្ត​វា​ធំ​ណាស់ គឺ​​វា​ចង់​ឡើង​វ៉ៃ​ជា​មួយ​ជើង​ខ្លាំងៗ​។​ ខ្ញុំ​មិន​​អួត​ទេ​ ខាន់ ឃន ​វ៉ៃ​លក្ខណៈ​ផ្សង​សំណាង​ ​អ៊ីចឹង​បើ​ជើង​ចាស់​ប្រហែស​ អាច​សន្លប់​ក្រោម​កណ្តាប់​ដៃ​ និង​ស្នៀត​​ទាត់​របស់​​វាក៏​ថា​បាន​។​ ទោះ​យ៉ាង​ណា​ វៀត ​ប៊ុន​ឌឿន​, ពុទ្ធ​ សំបូ​រ និង ​អេលីត ​សាន់​ សុទ្ធ​តែជាជើងចាស់ ហេតុ​នេះ​ វា​ពិត​ជា​លំបាក​ឈ្នះ​ណាស់»។

    ជាមួយ​គ្នា​នេះ លោក​ ស៊ន ​អេលីត ​មានការ​ជឿជាក់ថា សិស្ស​របស់​ខ្លួន ​អេលីត​ សាន់ នឹង​អាច​ឈ្នះ​ប្រាក់លាន​ម្តងទៀត​។ «​នៅ​ក្នុង​ចំណោម​កីឡាករ​ទាំង​ ៤​ នាក់​នេះ ​ខ្ញុំ​​មើល​ឃើញ​ថា អេលីត ​សាន់ ​នឹង​យក​ប្រាក់​លាន​ម្តង​ទៀត​មិន​ខាន​​។​ ​អេលីត ​សាន់ ​មាន​ឧបសគ្គ​ធំ ​​បើសិនជា​ចាប់ឆ្នោត​ប៉ះ​ ​វៀត ​ប៊ុន​ឌឿន​ តែ​ក្រៅ​ពី​នេះ​ដូច​ជា​ ពុទ្ធ​ សំបូរ​ ឬ​ជើង​ថ្មី​ ខាន់​ ឃន ​​មិន​ជា​បញ្ហា​នោះ​ឡើយ»​។​

    ចំណែក​លោក​ ធន់ ​សុភា​ អតីត​គ្រូ​បង្វឹក វៀត ប៊ុនធឿន បាន​និយាយ​ថា​៖ «​នៅ​​ក្នុង​ចំណោម​កីឡាករ​៤​នាក់​នេះ​ ខ្ញុំ​មើល​ឃើញ​ថា​វៀត ​ប៊ុន​ឌឿន​ មាន​ប្រៀប​ជាង​គេ ​គឺ​សង្ឃឹម ​៨០ ​ភាគ​រយ ​ប៉ុន្តែក៏​មិនអាច​មើល​រំលង​ជើង​ថ្មី ​ខាន់ ​ឃន​ នោះ​ដែរ ព្រោះ​គេវ៉ៃ​បាន​គ្រប់​ស្នៀត​ ពិសេសកែង​ល្អ​ និង​មាន​កម្ពស់​ខ្ពស់​ទៀត»៕

  • Loading...
  • Recent Posts