• NOCC នឹងរៀបចំទិវាអូឡាំពិក ដើម្បីបំផុស និងរំលឹកគុណចលនាអូឡាំពិក
    កីឡាផ្សេងៗ 1 month ago 116 Views

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំទិវាអូឡាំពិកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ទិវាអូឡាំពិកឆ្នាំនេះ នឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ ដើម្បីរួមចំណែកបង្ការ និងការពារ​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាលដាលនៅកម្ពុជា។ កីឡាករ និងអតីតកីឡាករដែលធ្លាប់​ចូលរួមការប្រកួតអូឡាំពិក នឹងចូលរួមចែករំលែកពីបទពិសោធ និងបង្ហាញពីរបៀបនៃការហ្វឹកហាត់ និងការធ្វើលំហាត់ប្រាណ ដើម្បីអាចក្លាយជាកីឡាករអាជីព។

    លោក វ៉ាត់ ចំរើន អគ្គលេខាធិការ ​នៃ​គណៈកម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​បាន​បញ្ជាក់​ថា បើ​គ្មាន​ការ​ប្រែប្រួល​ទេ NOCC នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ​របស់​គណៈ​កម្មការ​អូឡាំពិក​អន្តរជាតិ គឺ​ទិវា​អូឡាំ​ពិក​ នៅ​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០២១។ គោល​បំណង​នៃ​ការរៀបចំ​ទិវា​នេះ គឺ​ដើម្បី​បំផុស​ពី​ចលនា​អូឡាំពិក​ដល់​យុវជន ក៏​ដូច​ជា​រំលឹក​គុណ និង​អបអរ​ខួប​នៃ​ការ​បង្កើត​ចលនា​អូឡាំពិក។

    ក្នុង​បទសម្ភាស​ជាមួយ​អ្នក​សារព័ត៌​មាន ​ក្រោយ​កិច្ច​ប្រជុំ​គណៈការ​កម្មាធិការ​អចិន្ត្រៃយ៍ CAMSOC កាល​ពី​ពេល​ថ្មីៗ​ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​​ថា៖ ​«ជា​រៀង​រាល់​ឆ្នាំ អូឡាំពិក​អន្តរ​ជាតិ តែង​តែដាក់​ចេញ​ឱ្យ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក រៀបចំ​ទិវា​​អូឡាំពិក​ពិភព​លោក នៅ​ក្នុង​ខែ​មិថុនា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ក្រើន​រំលឹក​នូវ​ចលនា​អូឡាំពិក ដាស់​​ស្មារតី​មនុស្ស​ជាតិ​នៅ​លើ​ពិភពលោក​ឱ្យ​ស្គាល់​ពី​គុណ​តម្លៃ​អូឡាំ​ពិក គុណ​តម្លៃ​នៃ​ជីវិត និង​សកម្ម​ភាព​កីឡា»។

    ដោយសារ​ឆ្លងរាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហ​គមន៍ ២០​កុម្ភៈ នៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​ធូរស្បើយ ជា​ហេតុ​ធ្វើឱ្យ​ថ្នាក់​ដឹក​នាំ កីឡាករ​កីឡាការិនី និង​យុវជន​មិន​ទាន់​អាច​ជួបជុំ​គ្នា​ក្នុង​ទ្រង់​ទ្រាយ​ធំ​បាន​នោះ​ទេ ដែល​កត្តា​តម្រូវ​ទិវា​អូឡាំពិក​ឆ្នាំ​នេះ ត្រូវ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ។ ការ​អនុវត្ត​បែប​នេះ គឺ​ដើម្បី​បង្ការ និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ដែល​បច្ចុប្បន្ន​តួ​លេខ​អ្នក​ឆ្លង​នៅ​កម្ពុជា​នៅតែ​រក្សា​ខ្ទង់រយ​ក្នុង​មួយ​ថ្ងៃ។

    បើ​តាម​​លោក វ៉ាត់ ចំរើន ដូច​ឆ្នាំ​រាល់​ដង​ដែរ ទិវា​អូឡាំ​ពិក​ឆ្នាំ​នេះ នឹង​មាន​ការ​ចូលរួម​ពី​អតីត​កីឡាករ និង​កីឡាករ​កម្រិត​អូឡាំពិក ដើម្បី​ចែក​រំលែក​បទ​ពិសោធ និង​បង្ហាញ​ពី​របៀប​ហ្វឹកហាត់ និង​លំហាត់​ប្រាណ​ដល់​យុវជន ដែល​ចូលរួម​នៅ​ឆ្នាំ​នេះ។

    លោកបាន​បន្ថែម​ថា៖​«យើង​នឹង​រួមគ្នា​ហាត់​ប្រាណ​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ទទួល​បាន​នូវ​ឱកាស​ផ្លាស់ប្តូរ​អារម្មណ៍​ជាមួយ​គ្នា​រវាង​ប្រជាជន យុវ​ជន និង​កីឡាករ កីឡាការិនី​អូឡាំពិក នៅ​ក្នុង​សង្គម​របស់​យើង ដើម្បី​បញ្ជ្រាប​អំពី​គុណ​តម្លៃ អត្ថ​ប្រយោជន៍​អូឡាំពិក សម្រាប់​វិស័យ​អប់រំកាយ និង​កីឡា​របស់​យើង»។

    តាម​គម្រោង​ទិវា​អូឡាំពិក​ឆ្នាំនេះ នឹង​មាន​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​សរុប​ប្រមាណ​១០០​នាក់​ចូលរួម​ដោយ​ពួកគេ​ម​កពី​ប្រភេទ​កីឡា​ប្រដាល់​សកល ទ្រីយ៉ាត្លុង ទោចក្រយាន ហុកគី កាយសម្ព័ន្ធ ហែលទឹក និង​អត្តពលកម្ម​ជាដើម។ អតីត​កីឡាករ និង​កីឡាករ​អូឡាំពិក ដែល​នឹង​ចែក​រំលែក​បទ​ពិសោធ និង​បង្ហាញ​សកម្មភាព​ហ្វឹកហាត់​នៅ​ឆ្នាំនេះ​រួម​មាន​កីឡាការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី និង​កីឡាការិនី​ហែល​ទឹក ហែម ថុនវិទិនី រួម​ជាមួយ​អ្នក​ជំនាញ​មួយ​ចំនួន​ទៀត៕

  • Loading...
  • Recent Posts