• លោក ថោង ខុន ថា ភាពជោគជ័យ ឬ មិនជោគជ័យ នៅស៊ីហ្គេម មិនអាចមើលរំលងអ្នកស្ម័គ្រចិត្ត
    កីឡាផ្សេងៗ 1 month ago 131 Views

    អនុ​ប្រធាន​អចិន្រ្តៃយ៍ គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក​ទី​ ៣២ ឆ្នាំ​២០២៣ (CAMSOC) លោក​បណ្ឌិត ថោង ខុន ​បានចាត់ទុក​កម្លាំង​អ្នក​គាំ​ទ្រ គឺ​ជា​ផ្នែក​មួយ​ដ៏សំខាន់ ដែល​មិន​អាច​ខ្វះ​បាន នៅ​ពេល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

    លោក ថោង ខុន ដែល​ជា​ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផង​នោះ បាន​លើក​ឡើង នៅ​ក្នុង​អង្គ​ប្រជុំ​គណៈអចិន្រ្តៃយ៍​របស់ CAMSOC កាល​ពី​ថ្ងៃអង្គារ ម្សិល​មិញ​ថា  កម្ពុជា ត្រូវការ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​១ម៉ឺន​នាក់ ដើម្បី​ចូល​រួម​រៀបចំ​ស៊ីហ្គេម ឆ្នាំ​២០២៣ ហើយ​លោកអះអាង​ថា ភាព​ជោគ​ជ័យ ឬមិន​ជោគជ័យ នៅ​ក្នុង​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ជា​ប្រវត្តិសាស្រ្ត​នេះ មិនអាច​មើល​រំលង កម្លាំង​អ្នកស្ម័គ្រ​ចិត្ត​នោះ​ទេ។

    លោក​បណ្ឌិត ​ថោង​ ខុន​ បានថ្លែង​​ថា​៖ «​ការ​រៀប​ចំ​ផែន​ការ​សកម្មភាព ​នៃ​គណៈ​កម្មការ​អ្នក​ស្ម័គ្រ​ចិត្ត វា​​ជា​រឿង​សំខាន់ ​ព្រោះ​យើង​​ត្រូវ​ការ​អ្នក​ស្ម័គ្រ​ចិត្ត​ដល់​ទៅ​​១​ម៉ឺន​​នាក់​។ ចំនួន​នេះ​ ត្រូវ​បាន​ចុះ​ឈ្មោះ​ ដោយ​គណៈ​កម្មការ​ស្ម័គ្រ​នៃ ​CAMSOC ​និង​ត្រូវ​ការ​ឆ្លង​វគ្គ​អប់​រំ​បណ្តុះ​បណ្តាល​ជំនាញ ​ទៅ​តាម​ផ្នែក​ជា​ច្រើន ​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់ ​នៅ​ក្នុង​ពេល​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣​ នៅ​កម្ពុជា​​»។

    ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ លោក​ ថោង ខុន បាន​​បញ្ជាក់​ថា​៖ ​«​ការ​ទទួល​បាន​​ជោគជ័យ​ ឬ​មិន​ជោគជ័យ​ នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ មិន​អាច​មើល​រំលង​អ្នកស្ម័គ្រ​ចិត្ត​បាន​នោះ​ទេ​ ហើយ​ដើម្បី​ធ្វើ​ឱ្យ​​អ្នក​ស្ម័គ្រចិត្ត​ មាន​សមត្ថភាព​ខ្ពស់​ គឺ​យើង​ត្រូវ​ធ្វើ​ឱ្យពួកគាត់ មានការ​យល់​ដឹង​ គ្រប់​ជ្រុង​ជ្រោយ​ ក្នុង​ការ​ធ្វើ​ព្រឹត្តិការណ៍​ទាំង​មូល​ ​ហេតុ​នេះ​អ្នក​ស្ម័គ្រ​ចិត្ត​នេះ ​​ត្រូវ​មាន​ការ​បណ្តុះ​បណ្តាល​ជា​វគ្គ​ជំនាញ​ និង​បណ្តុះ​បណ្តាល​វគ្គ​ធម្មតា»​។​

    ចំណែក​លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ ​CAMSOC បាន​​ប្រាប់​​ថា​៖ ​«សម្រាប់ការ​ជ្រើស​រើស​អ្នកស្ម័គ្រ​ចិត្តនេះ យើង​ដោយ​​មាន​ភាព​លម្អិត​ល្អ ​និង​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ ហើយ​បាន​ដាក់​ចេញ​នូវ​យន្ដ​ការ​ប្រទាក់​ក្រឡា​គ្នា​បាន​យ៉ាង​ល្អ ​ទាំង​ការ​បណ្ដុះ​បណ្ដាល​ និង​​ប្រភព​នៃ​ការរៀប​ចំ​ជ្រើសរើស​ ហើយ​យន្ត​ការ​ទាំង​នេះ​ ត្រូវ​ការ​បណ្ដុះ​បណ្ដាល​អ្នក​និយម​ចូល​ចិត្ត ​អ្នក​មាន​បទ​ពិសោធ ​មក​ពី​ក្រៅ​ប្រទេស​ និង​​ក្នុង​ប្រទេស ​មក​ពី​សិស្ស​និស្សិត​ និង​មន្ត្រី​តាម​ស្ថាប័ន​មួយ​ចំនួន ​ឬ​អ្នក​ស្រាវ​ជ្រាវ ​ផង​ដែរ​»។

    ​ លោក​​បន្ថែម​ថា៖​«ចំពោះ​​ឯកសារ​យុទ្ធសាស្ត្រ​នយោបាយ​ និង​ផែនការ​សកម្មភាព​ការងារ​អ្នក​ស្ម័គ្រ​ចិត្ត​នេះ​ ត្រូវ​ឆ្លង​ពី​មួយ​ដំណាក់​កាល​ ទៅ​មួយ​ដំណាក់​កាល ​រហូត​ដល់​ឆ្នាំ ​២០២៣​ ដោយ​​យើង​ត្រូវ​ការអ្នកស្ម័គ្រ​ចិត្ត​​ប្រមាណ​ ១​ ម៉ឺន​នាក់ ​សម្រាប់​ស៊ីហ្គេម​ លើក​ទី​៣២ ឆ្នាំ​២០២៣ ហើយ​អ្នក​ស្ម័គ្រ​ចិត្ត​ ​​ត្រូវ​យល់​ដឹង​ព័ត៌មាន​ឱ្យ​​បាន​ទូ​លំទូលាយ​ និង​ទទួល​ខុស​ត្រូវ ​តាម​ផ្នែក ​ឬ​ប្រភេទ​កីឡា​នីមួយ​ៗ ​​ក្នុង​នោះ​ក្រុម​អ្នកស្ម័គ្រ​ចិត្ត​ មាន​គ្រប់​វ័យ ​គ្រប់​មជ្ឈដ្ឋាន​ គឺ​ជា​គ្រូ​បង្វឹក ​មន្ត្រី​កីឡាករ​ចាស់ៗ ​ដែល​គាត់​ចង់​ឃើញ​ និង​ចង់​ចូល​រួម​ ពោល​គឺ​យើង​បើក​ចំហ​ឱ្យ​​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់»​៕

  • Loading...
  • Recent Posts