• កីឡាករជាបេក្ខភាពធ្លាប់ឈ្នះប្រាក់លានទាំង៣ សុទ្ធតែខ្លាចរអានឹងវត្តមានរបស់ សួន ចាន់នី
    ប្រដាល់ក្នុងស្រុក 2 months ago 78 Views

    កីឡាករ​ជា​បេក្ខភាព​ ដែល​ធ្លាប់​ឈ្នះ​​ប្រាក់លាន នៅ​លើ​សង្វៀនថោន រួម​មាន​ជើង​ខ្លាំង ​គង់ ​សំបូរ​, ថៃ​ រ៉េត​ និង ​ឡុង ​បេន​លឿន ​សុទ្ធតែ​បាន​បង្ហាញ​ការ​ខ្លាច​រអា​ទៅនឹង​វត្តមាន​របស់​អ្នក​លេង​ជង្គង់ សួន ចាន់នី នៅពេលគណៈកម្មការ ដាក់​​អ្នក​ទាំង​៤នេះ ឱ្យ​ចូល​រួមប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​​លាន ទម្ងន់​៦៥គីឡូក្រាម នៅថ្ងៃអាទិត្យ​នេះ។

    បើតាមរបាយការណ៍​ពី​ គណៈ​កម្មការ​ផ្គូ​ផ្គង​ប្រចាំ​សង្វៀន​ថោន បាន​ឱ្យ​ដឹង​ថា នៅ​​ក្នុង​ចំណោម​កីឡាករ​ទាំង​៤​នាក់​នេះ ​កីឡាករ ​ថៃ ​រ៉េត ​ធ្លាប់​ឈ្នះ​ប្រាក់​លាន​ពី​កម្ម​វិធី​នេះ ​ចំនួន​៣​លើក​ ហើយ​ គង់ សំបូរ ​និង ​ឡុង ​បេន​លឿន ​ធ្លាប់​ឈ្នះ​ម្នាក់​១​លើក​ ប៉ុន្តែ​ សួន​ ចាន់​នី ​មិន​​ធ្លាប់​ឈ្នះ​បាន​ប្រាប់​លាន ​នៅ​ឡើយ​​ទេ។

    ​តែ​ទោះបីជា​យ៉ាង​ណា សម្រាប់ការ​ប្រកួត​នេះ គង់​ សំបូរ​ បាន​​ប្រាប់ប្រព័ន្ធ​ផ្សាយ​​ថា​៖ «​ការ​ប្រកួត​លើក​នេះ​ ​បើ​ចាប់​ឆ្នោត​ប៉ះ​ ​សួន​ ចាន់​នី ​ពិត​ជា​លំបាក​ណាស់ ព្រោះ​ខ្ញុំ​ធ្លាប់​ប្រ​កួត​ចាញ់​គាត់ ​ដោយសារ​គាត់​មាន​​ស្នៀត​ជង្គង់​ល្អ​ បោះចេញ​បាន​​វែង​ ធ្វើ​ឱ្យ​ខ្ញុំ​ចូល​មិន​ចុះ​ ប៉ុន្តែ​បើ​ក្រៅ​ពី​នេះ​ នរណា​មួយ​ក៏​បានដែរ គឺ​ខ្ញុំ​​សង្ឃឹម​ឈ្នះ​៨០​ភាគ​រយ»​។​

    ចំណែក ឡៅ​ ស៊ី​ណាត ​គ្រូ​បង្វឹក​របស់ ​ថៃ ​រ៉េត បាន​​​ប្រាប់​ថា​​ មួយ​រយ​នេះ ​ថៃ ​រ៉េត ​បាន​ខក​ខាន​ប្រ​កួត​យូរ​ដែរហើយ ​ដោយសារគេ​​​ជាប់​រវល់​បេសកកម្ម​ឱ្យ​​អង្គភាព​ ប៉ុន្តែ​នៅ​តែ​ហ្វឹក​ហាត់​បាន​ល្អ​។​ ឡៅ ស៊ីណាត បាន​បញ្ជាក់ថា៖​«ទោះ​យ៉ាង​ណា ខ្ញុំ​មិន​ហ៊ាន​ទស្សន៍​ទាយ​ទេ​ ប៉ុន្តែ​ ថៃ​ រ៉េត ​មាន​ឡើង​ប្រ​កួត ​ធានា​​ថា ដឹងតែ​ពី​​វ៉ៃ​សម្រុក ​គ្មាន​ចេះ​បន្ធូរ​ដៃនោះ​ទេ»។​

    ចំពោះ សួន ចាន់នី បាន​បង្ហាញ​ទំនុក​ចិត្តខ្ពស់​ថា រូបគេ​អាច​នឹង​ឈាន​ទៅរក​ការ​​ឈ្នះ​ប្រាក់​លាន ជា​លើក​ដំបូង សម្រាប់​ការ​បង្ហាញ​ខ្លួន​​លើក​នេះ ប៉ុន្តែ សួន ចាន់នី ក៏​មិនបាន​មើល​រំលង​ទៅ​លើ​សមត្ថ​ភាព​វាយសម្រុកមិន​ដក​ថយ​របស់ ថៃ រ៉េត នោះ​ដែរ បើ​ទោះបីជា​រូបគេ​ធ្លាប់​ឈ្នះ​រូបគេ​ក៏ដោយ។

    អ្នក​ប្រដាល់ សួន ចាន់​នី ហៅ​មានរហ័ស្សនាម​ហៅក្រៅ​ថា មេទ័ព នោះ ​បាន​និយាយ​ថា​៖ «​ការ​ប្រ​កួត​បថ្ងៃ​អាទិត្យនេះ​ ខ្ញុំ​​សង្ឃឹម​ឈ្នះ​ បាន​ប្រាក់​រង្វាន់ ​គឺ​៩០​ភាគ​រយ ​​តែ​​នៅ​ក្នុង​ចំណោម​ទាំង​៣​នាក់​នេះ ​​កីឡាករ ​ថៃ​ រ៉េត មាន​ឧបសគ្គ​ធំ​ជាង​គេ​ ​ដោយ​សារ​គេ​ចូល​វាយ​សម្រុក ​មិន​ចេះ​ដក​ថយ​ ចំណែក​ ឡុង​ បេន​លឿន​ និង គង់​ សំបូរ ​មិន​សូវ​លំបាក​វ៉ៃ​នោះ​ទេ ហើយ​អ្នកទាំង​៣​នេះ ខ្ញុំ​ធ្លាប់​ឈ្នះ​កន្លង​មកដូចគ្នា»៕

  • Loading...
  • Recent Posts