• ឈុត សេរីវ៉ាន់ថង ប្តេជ្ញាខំប្រឹង ស្វែងរកការឈ្នះ ដើម្បីបានឡើងទៅវ៉ៃដាក់ខ្សែក្រវាត់ជាមួយ ឃីម បូរ៉ា
    ប្រដាល់ក្នុងស្រុក 4 days ago 53 Views

    កីឡាករ​ជម្រើសជាតិ​ឃីក​បុកស៊ីង ឈុត សេរីវ៉ាន់ថង បាន​អះអាង​ថា រូបគេ​នឹង​ប្តេជ្ញា​ខំ​ប្រឹង​ប្រែង​រក​ការ​ឈ្នះទាំង​ការ​ប្រកួត​ជាមួយ វេង សុភ័ក្រ្ត នៅ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និងពេល​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​បាន​ឡើង​ទៅជួបជើង​ខ្លាំង ឃីម បូរ៉ា ដែល​ឈរ​ចាំ​នៅ​ក្នុងការ​ប្រកួត​វ៉ៃ​ដាក់ខ្សែ​ក្រវាត់។

    ​ឈុត សេរីវ៉ាន់ថង ដែល​ទទួលបានចំណាត់​ថ្នាក់​លេខ​២ ប្រចាំពូល​A ក្រោយ​បាន​សន្លប់​ក្រោម​ក្បាច់​ជង្គង់របស់ ម៉ឺន មេឃា នោះ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយ វេង សុភ័ក្រ្ត នៅ​លើ​សង្វៀន CNC នា​ព្រលប់​ថ្ងៃសៅរ៍នេះ ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់៦០​គីឡូក្រាម​នេះ។

    សម្រាប់ការ​ប្រកួតនេះ អ្នក​ប្រដាល់​មក​ពីជាយ​ដែន ឈុត សេរីវ៉ាន់ថង បាន​និយាយ​ថា៖​«​ការ​ជួប វេង សុភ័ក្រ្ត លើក​នេះ ខ្ញុំ​នៅមានចំណុចខ្វះ​ខាត​ច្រើន ប៉ុន្តែ​សព្វថ្ងៃ​នេះ លោក​គ្រូៗ បាន​ជួយ​បំពេញ​ចំណុច​ខ្សោយ​របស់ខ្ញុំ ហេតុ​នេះ​បើ​ទោះបីជា ខ្ញុំ​មិនហ៊ាន​ថា ខ្ញុំធ្វើ​បាន​ល្អ ប៉ុន្តែ​ខ្ញុំ​នឹង​ខិតខំ​ប្រឹង​ប្រែង​ប្រកួត​ឱ្យបាន​ល្អ»។

    អ្នក​ប្រដាល់​មកពី​ក្លិប​រាហ៊ូ​ខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង ដែលកំពុង​ហ្វឹក​ហាត់យ៉ាង​ខ្លាំង ​ក្នុងក្រុមជម្រើសជាតិឃីកបុកស៊ីង នៅ​ស្តាត​ចាស់​នោះ បាន​បញ្ជាក់ថា៖​ «​ខ្ញុំ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹង​ប្រែង ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ទទួល​បានជ័យជម្នះ​ជា​បន្ត​ទៀត នៅ​វគ្គ​នោះ ដើម្បី​បាន​ឡើង​ទៅជួបជាមួយ ឃីម បូរ៉ា»។

    ចំណែក វេង សុភ័ក្ត្រ ក៏​បាន​ប្តេជ្ញា​ចិត្តខំ​ប្រឹង​ប្រែង​ ដើម្បី​ស្វែង​រក​ការ​ឈ្នះ​ដូច​គ្នា។ សុភ័ក្រ្ត ​បាន​និយាយ​ថា៖ ​«ឈុត សេរីវ៉ាន់ថង ល្អ​ខាង​វាយប្រយោល តែ​ខ្ញុំ​នឹងប្រឹង​ប្រែង​ប្រកួត​ឱ្យអស់​ពី​សមត្ថ​ភាព។ បើ​ទោះបីឈ្នះ​ឬចាញ់ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់ អត់​មាន​លាក់​អាវុធ​នោះទេ គឺ​ចូល​ទៅ​ដឹងតែ​វ៉ៃ​ហើយ»។

    ជាមួយ​គ្នា​នេះ​ជើងខ្លាំង ម៉ឺន មេឃា នឹង​ត្រូវ​​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ តាញ់ មករា នៅ​ថ្ងៃសៅរ៍​នេះ​ដែរ ហើយការ​ជួបគ្នា​រវាង​អ្នកទាំង​២​នេះ ត្រូវ​បានគេ​មើល​ឃើញ​ថា នឹង​មានភាព​ស្វិត​ស្វាញ​ខ្លាំង ព្រោះ​សុទ្ធតែ​ជា​ជើងខ្លាំង ដែល​មិនអាច​ព្យាករណ៍​ ពី​លទ្ធផល​ទុក​មុន​បាន​នោះ​ទេ។

    សម្រាប់ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​នេះ អ្នក​ឈ្នះ​នៅ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នឹង​ទទួល​បានខ្សែ​ក្រវាត់​១ អមដោយប្រាក់រង្វាន់​ចំនួន​៥០០០ដុល្លារ ហើយ​ថែម​ទាំង​ទទួល​បានឱកាស​ដ៏ពិសេស​មួយ​ទៀត គឺ​ការ​ឡើង​ទៅ​ប្រកួត​វ៉ៃ​ដាក់​ខ្សែ​ក្រវាត់​ជាមួយ​ជើង​ខ្លាំង ឃីម បូរ៉ា ដោយ​អ្នក​ឈ្នះ នឹង​ទទួល​បានខ្សែ​ក្រវាត់​មួយ​ទៀត អមជាមួយ​​ប្រាក់​រង្វាន់​ចំនួន​៥០០០​ដុល្លារ​ទៀត។

    យ៉ាង​ណា​ក៏​ដោយ រវាងបេក្ខភាព​ទាំង​៤ខាង​លើនេះ គេ​នៅមិនទាន់​ដឹង​ថា បេក្ខ​ភាព​រូបណា ដែល​នឹង​អាច​ទទួល​បាន​ឱកាស​​ដ៏ពិសេស​នេះ នៅ​ឡើយទេ ប៉ុន្តែ​នៅ​ក្នុងចំណោម​អ្នកទាំង​៤​នេះ ម៉ឺន មេឃា ធ្វើ​បានល្អ​ជាង​គេ ដោយ​ឈ្នះ​ទាំង​៣​ប្រកួត សម្រាប់ការ​ប្រកួត​វគ្គ​ជម្រុះ​តាមពូល ហើយក៏​បាន​ផ្តួល ឈុត សេរីវ៉ាន់ថង ឱ្យ​សន្លប់​ធំ​ផងដែរ។ ចំណែក តាញ់ មករា ក៏​ឈ្នះ​បាន​៣​ប្រកួត​ដែរ ប៉ុន្តែ​ការ​យក​ឈ្នះ​លើ វេង សុភ័ក្រ្ត វាគ្រាន់តែជា​ការ​ប្រកួត​បង្រ្គប់​កិច្ច ដោយសារ​ពេល​នោះ តាញ់ មករា ធ្វើ​ទម្ងន់​មិន​បាន នាំ​ឱ្យ​គណៈកម្មការ​សម្រេច​ឱ្យ​ចាញ់ វេង សុភ័ក្រ ដោយស្វ័យ​ប្រវត្តិ​តែ​ម្តង៕

  • Loading...
  • Recent Posts