• ការចង់ពន្យារពេលស៊ីហ្គេម របស់វៀតណាម ហាក់ជាប់គាំង និងត្រូវរង់ចាំការសម្រេចចុងក្រោយ នៅថ្ងៃទី២៤ ខែមិថុនា
    បាល់ទាត់អន្តរជាតិ 4 days ago 55 Views

    សំណើ និងគោល​បំណង​ចង់​ពន្យារ​ពេល​​​ការ​ប្រកួតស៊ីហ្គេម លើក​ទី៣១ ឆ្នាំ​២០២១​ របស់ម្ចាស់​ផ្ទះ​វៀតណាម ហាក់មាន​ការ​ជាប់គាំង និង​ត្រូវ​រង់ចាំ​ការ​ប្រជុំ​សម្រេច ជាមួយក្រុម​ប្រឹក្សា​កីឡា​អាស៊ាន ជា​ថ្មី ព្រោះ​ការ​ប្រជុំ​ជា​បន្ទាន់​មួយ កាលពី​ថ្ងៃពុធ​ម្សិល​មិញ គឺ​ប្រទេសជា​សមាជិកអាស៊ាន​ស្ទើរ​តែ​ទាំង​អស់ មិនបាន​គាំ​ទ្រ ទៅ​លើ​សំណើ​លើក​ពេល​នៃ​ការ​ប្រកួត​នេះ​ទេ។

    លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) បាន​ថ្លែង​ប្រាប់​ ក្រោយ​កិច្ច​ប្រជុំ កាលពី​ថ្ងៃពុធ​នោះ​ថា៖​ «នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ាន នៅ​ថ្ងៃ​នេះ ប្រទេស​សមាជិក​អាស៊ាន​ភាគ​ច្រើន គឺ​រហូត​ដល់​៧ទៅ​៨​ប្រទេស ​មិន​គាំទ្រ​ឱ្យ​មានការ​លើក​ពេល ឬពន្យារ​ពេល ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​២០២១ ​នៅ​វៀតណាម​នេះ​ទេ ដោយ​សម្អាង​​លើ​ហេតុផល​មួយ​ចំនួន ​ដូច​ជា​ជាន់ពេល​វេលា​នៃ​​សកម្មភាព​​ប្រកួត​កីឡា​​ជា​ច្រើន​ទៀត ​នៅ​ឆ្នាំ​២០២២ និង​ទាក់​ទង​គម្រោង​ចំណាយ​ថវិកា»។

    យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​កីឡា​អាស៊ាន ​កាល​ពី​ថ្ងៃអាទិត្យ​នោះ ប្រទេស​ភាគ​ច្រើន​នៅ​អាស៊ាន ​​បាន​សម្ដាក់​ចេញ​នូវ​សេណារីយោ​ ចំនួន​៣ ​ដល់​គណៈ​កម្មា​ធិការ​អូឡាំពិក​វៀត​ណាម​ ដើម្បី​​លើកយក​​សំណើ​នេះ ​​ទៅ​ពិភាក្សា​​ជាមួយ​រដ្ឋាភិបាល​របស់​ខ្លួន ជាបន្ត​ទៀត ថា​ត្រូវ​ជ្រើស​រើសចំណុច​មួយណា ខណៈសេណារីយោ​ ទី​១ គឺ​នៅ​ប្រទេស​ភាគ​ច្រើន សុំ​ឱ្យ​វៀតណាម រក្សា​កាល​បរិច្ឆេទ​ការ​ប្រកួតស៊ីហ្គេម នេះនៅ​​ដដែល ទី២ ពន្យារ​ពេល​ទៅ​ធ្វើ​នៅ ​ឆ្នាំ​២០២៥ និង​២០២៧ តែ​ត្រូវ​យល់​ព្រម​ពី​ប្រទេស​ថៃ ​និង​ព្រុយណេ ហើយ​ទី៣​ លើក​ទៅ​ឆ្នាំ​២០២២។

    លោក វ៉ាត់ ចំរើន បាន​ប្រាប់​​បន្ថែម​ថា៖​ «សម្រាប់​លទ្ធផល​នៃ​កិច្ច​ប្រជុំ នៅ​ថ្ងៃពុធ​​នេះ គឺ​ត្រូវ​រង់ចាំ​២សប្តាហ៍​ទៀត ដើម្បី​ឱ្យ​អូឡាំពិក​វៀតណាម ស្នើ​ទៅរដ្ឋា​ភិបាល​វៀតណាម សិន ថា​ត្រូវ​លើក​ពេល​ ឬ​ក៏​អត់ ហើយ​បើ​លើក​ពេល ត្រូវ​​លើក​ទៅ​ឆ្នាំ​ក្រោយ ឬ​លើក​ទៅ​២​ឆ្នាំ​ទៀត គឺ​ឆ្នាំ​២០២៥ ឬ២០២៧»។

    អគ្គ​លេខាធិការ CAMSOC ​រូប​នេះ បានបញ្ជាក់ថា៖​ «​​នេះ​ជា​សេណារីយោ ដែល​ភាគី​ទាំង​អស់ បាន​សំណូមពរ ដោយ​​សុំ​ឱ្យ​អូឡាំពិក​វៀតណាម ស្នើ​ទៅ​រដ្ឋាភិបាលគាត់សិន អ៊ីចឹង​រឿង​នេះ មិនទាន់សម្រេច​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ហើយ​២​អាទិត្យ​ទៀត ពោល​គឺ​នៅ​ថ្ងៃទី​២៤ ខែមិថុនា នឹង​ធ្វើ​ការ​ប្រជុំ ក្នុងការ​យក​សំណើពី​រដ្ឋាភិបាល​វៀតណាម មក​ដាក់​ឱ្យ​ក្រុម​ប្រឹក្សា​កីឡាអាស៊ីអាគ្នេយ៍ ធ្វើ​ការ​​សម្រេច​ជា​ចុង​ក្រោយ»។

    គួរ​បញ្ជាក់ថា តាមគម្រោង​ចាស់ ប្រទេសវៀតណាម​ ​នឹង​ត្រូវ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១​នេះ ​ពី​ថ្ងៃទី២១ ខែវិច្ឆិកា ​រហូត​ដល់​ថ្ងៃទី​២ ខែធ្នូ​ ហើយ​ព្រឹត្តិការណ៍​នេះ ​ម្ចាស់​ផ្ទះ​វៀតណាម បាន​​ដាក់ប្រភេទ​កីឡា​ចំនួន​​៤០​ សរុប​​មាន​​៥២៦វិញ្ញាសា ដើម្បីឱ្យ​ប្រតិភូ​កីឡា​ទាំង​១១​ប្រទេស នៅ​ក្នុងតំបន់អាស៊ាន ធ្វើការ​ប្រកួត​ប្រជែង​គ្នា ចំណែក​កម្ពុជា បានត្រៀម​រួច​រាល់​ហើយ នៅប្រភេទកីឡា​របស់​ខ្លួន​ចំនួន​៣២​ប្រភេទ ដើម្បី​ចូល​រួម ស៊ីហ្គេម លើក​នេះ៕

  • Loading...
  • Recent Posts