• អេលីត មករា ជឿជាក់ថា អាចឈ្នះប្រាក់លាន តែគ្រូបង្វឹក មិនហ៊ានរំពឹងខ្ពស់ កុំឱ្យគេថា យើងអួត
    ប្រដាល់ក្នុងស្រុក 1 week ago 59 Views

    កុំឱ្យគេថា យើង​អួត​

    កីឡាករ​ជើង​ចាស់​ ថុល​ មករា​ ដែលកំពុង​ច្រក​កោន​នៅទ្រនំ​ថ្មី​នៃ​ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស ហើយ​បាន​ប្តូរ​ឈ្មោះ​ជា អេលីត មករា នោះ ​បាន​បង្ហាញ​ភាព​ជឿជាក់ថា រូប​គេ​នឹង​អាច​ឈាន​ទៅ​ដល់ការ​ឈ្នះ​បាន​ប្រាក់លាន ជា​លើកដំបូង នៅ​ក្នុងការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់លាន នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យនេះ។

    បើទោះបីជា ​បេក្ខភាព ​​៣​ នាក់​ទៀត រួម​​មាន ​ផាន រះ រួមទាំង​អ្នក​ប្រដាល់​ជើង​ថ្មី ឯម​ ដារ៉ូ​ និង​​​ស៊ឹម ​ប៊ុន​ សុទ្ធតែ​កីឡាករ ដែលពោរពេញ​ដោយ​កម្លាំង និង​​កំពុង​តែ​មាន​សមត្ថភាព​លេច​ធ្លោ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ប៉ុន្តែ​ទាំង​​ អេលីត ​មករា មិន​បាន​ចាត់ទុក​​អ្នកទាំង​៣​​នេះ ​​ជា​​ឧបសគ្គ​ធំ នោះ​ទេ គឺ​រូបគេ​មានការ​ជឿជាក់ថា នឹង​អាច​យក​ឈ្នះ បើទោះបីជា ចាប់​ឆ្នោត​ប៉ះ​អ្នក​ណា​មុនគេ នៅ​ក្នុង​វគ្គជម្រុះ​៣​ទឹកក៏​ដោយ។

    អតីត​សិស្ស​គណ​ក្លិប​ឃ្លាំងមឿង​កីឡា ថុល មករា ​​បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា​៖ «នេះ​ជា​លើក​ទី​១ ដែល​​ខ្ញុំ​​ទទួល​បាន​ឱកាស​ឡើង​ប្រ​កួត​នៅ​សង្វៀន​ថោន ​ចំពោះបេក្ខភាព​​​៣​នាក់​ទៀត​ ដែលខ្ញុំ​​ត្រៀម​ប៉ះ​គ្នា រួម​​មាន ​ឯម ​ដារ៉ូ​, ផាន ​រះ ​និង ​ស៊ឹម ​ប៊ុន​ ដូច​ជា​គ្មាន​អ្វីត្រូវ​​ព្រួយ​បារម្ភនោះ​ទេ​ គឺ​ប៉ះ​មួយ​ណា​ ក៏បាន ដោយ​ខ្ញុំ​​មាន​ទំនុក​ចិត្ត​ឈ្នះ​៨០​ភាគ​រយ​»។​

    ចំណែក​​លោក​ ស៊ន ​អេលីត ជា​គ្រូ​បង្វឹករបស់ អេលីត មករា ក៏មើលឃើញ​ថា បេក្ខភាពទាំង៣​នេះ មិនអាច​ទៅរួចជាមួយសិស្ស​របស់ខ្លួន​ផងដែរ ប៉ុន្តែលោក​មិន​ហ៊ាន​រំពឹង​ខ្ពស់ពេក​ទេ កុំ​ឱ្យ​គេ​ថា លោកអួត សិស្ស​ពេក។ លោក​បាន​និយាយ៖​«បេក្ខភាព​៣នាក់នេះ​ មើល​ទៅ​ដូច​គ្មាន​អ្វី​ជា​ឧបសគ្គ​ទេ ​ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​រំពឹង​​ខ្ពស់​​ទេ កុំ​ឱ្យ​​គេថា ​ខ្ញុំ​និយាយ​អួត​​។​ ​​និយាយ​ជា​រួម អេលីត មករា ​ប៉ះ​មួយ​ណា​ក៏​សង្ឃឹម​ឈ្នះ​ដែរ ​គ្រាន់​តែ​វា​មិន​ស៊ី​ផុយ»។​

    យ៉ាងណា​ក៏​ដោយ ក្នុង​នាមជា​គ្រូ​បង្វឹក​ល្បីឈ្មោះ​ម្នាក់ លោក ​ធន់ ​សុភា​ បាន​មើល​ឃើញ​ថា ជើង​ថ្មី ​​ឯម ​ដារ៉ូ​ ពិសេស ស៊ឹម ប៊ុន ជាជើង​ថ្មី​មែន ​ប៉ុន្តែ​មាន​កម្លាំង​ល្អ ​កណ្តាប់​ដៃ​វាយ​ចេញ​ធ្ងន់​ៗ មិនអាច​មើល​រំលង​បានទេ។ លោក​ថា៖​«​ខ្ញុំ​ស្គាល់​ពី​សមត្ថភាព​របស់​ជើង​ថ្មី​ ស៊ឹម ​ប៊ុន ​ច្បាស់ គឺ​​មួយ​រយៈ​នេះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ញឹក​ណាស់។​ស៊ឹម ​ប៊ុន មាន​​បទ​ពិសោធតិចមែន ​តែ​មិន​អាច​មើល​រំលង​បាន​ទេ ព្រោះ​​កណ្តាប់​ដៃ​ធ្ងន់​ មាន​​ចិត្ត​ធំ និង​​មិន​ចេះ​ញញើត​ដៃ​គូ​ទេ​»។

    នៅ​ក្នុងចំណោម​បេក្ខភាពទាំង​ ៤ នេះ ​អេលីត​ មករា មាន​បទពិសោធ​ចាស់​វស្សា​ជាងគេ ដោយ​ធ្លាប់​ប្រ​កួត​​៩៩​ដង ឈ្នះ​៦២​ ចាញ់​៣៥​ ​និងស្មើ​២​ដង រីឯ ផាន ​រះ ​ធ្លាប់​ប្រ​កួត​បាន​៧៧​ដង ឈ្នះ​៥៨​ ​ចាញ់​១៥​ និង​​ស្មើ​៤​ដង​។ ចំណែក ​ឯម ​ដារ៉ូ​ ធ្លាប់​ប្រ​កួត​បាន​៣៨​ដង ​ឈ្នះ​២៩​ ​ចាញ់​៩ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​៦​ដង​ ហើយ​កីឡាករ​ ស៊ឹម ​ប៊ុន​ ប្រ​កួត​បាន​៣០​ដង ​ឈ្នះ​២៣​ ​ចាញ់​៧​ដង ​ក្នុង​នោះ​បាន​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​១៦​ដង​៕​

     

  • Loading...
  • Recent Posts