• ត្រឹមជាអ្នកឡើងជំនួសគេ ប៉ុន្តែ អេលីត ចំរើន វ៉ៃជើងខ្លាំងឡើងរាប ដើម្បីឈ្នះប្រាក់លាន
    ប្រដាល់ក្នុងស្រុក 2 weeks ago 116 Views

    អ្នក​លេងទម្ងន់ជើង អេលីត ចំរើន ដែល​បានសម្រាកពី​​ការ​ប្រកួតមួយ​រយៈ​នោះ ​ត្រូវបាន​ដាក់ឱ្យ​ឡើង​ប្រកួត​ជំនួស បឺត សង្ឃឹម ដោយ​គ្មាន​ការ​គ្រោង​ទុក នៅ​ក្នុងការ​ប្រកួតម៉ារ៉ាតុងដណ្តើម​​ប្រាក់លាន នៅ​លើ​សង្វៀន​ថោន កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​អ្នក​ឡើង​ជំនួយ​គេ​ម្នាក់​នេះ បែរ​ជា​ក្លាយជា​ម្ចាស់​ជើង​ឯក​ដ៏គួរ​ឱ្យភ្ញាក់ផ្អើល បន្ទាប់​ពី​រូបគេ​បាន​វ៉ៃ​ឈ្នះ​ជើង​ខ្លាំង ប៊ុន សុធា និង បាង កាយ៉ាក នោះ។

    ​តាម​រយៈការ​ប្រកួត​យ៉ាងស្វិតស្វាញ​នោះ អេលីត ចំរើន បាន​យក​ឈ្នះ​លើ ប៊ុន សុធា ដោយពិន្ទុ​មិនឯក​ច្ឆន្ទ ៤-១ នៅ​ក្នុង​វគ្គ​ជម្រុះ​៣​ទឹក បន្ទាប់​ពី​អ្នកទាំង​២ បានចាប់​ឆ្នោត​ប៉ះ​គ្នា ខណៈ​ជំនួប​២​លើក​កន្លង​មក ក៏ អេលីន ចំរើន ជា​អ្នក​ឈ្នះ​ដែរ ហើយ​អ្វី​ដែលគួរ​ឱ្យកាត់សម្គាល់​នោះ គឺ​ការ​ជួបគ្នាទាំង​លើក ទាំង​លើក​នេះ គឺ ប៊ុន សុធា ត្រូវបាន អេលីត ចំរើន វ៉ៃឱ្យ​បែក នៅ​លើ​ផ្ទៃ​មុខ​រហូត។

    ជុំវិញ​ការ​ជួប ប៊ុន សុធា លើក​នេះ អេលីត សាន់ បាន​និយាយក្រោយ​ការ​​ប្រកួត​ថា៖ ​«ខ្ញុំ​បាន​តាំង​ចិត្តមក​ហើយ​ថា យ៉ាង​ណា​ត្រូវ​ជួប ប៊ុន សុធា មុន គឺ​បើ​ឈ្នះ ​ឬចាញ់ ឱ្យ​ដឹង​គ្នា នៅ​ក្នុង​វគ្គជម្រុះ​ហ្នឹង​តែ​ម្តង​ទៅ ប៉ុន្តែ​តាម​រយៈការ​ប្រកួតនេះ ឃើញ​ថា ក្បាច់របស់​គាត់នៅដដែលៗដូច​ជា​លើក​មុន គឺ​មិន​មាន​អ្វី​ប្លែក​ទេ ហើយការ​ប្រកួតនេះ ខ្ញុំ​ទើប​ហាត់​ត្រៀម​បាន​មួយ​សប្តាហ៍ ដោយ​ត្រៀម​ការ​ប្រកួត​នៅ​សប្តាហ៍​ក្រោយទេ ប៉ុន្តែ​លោកគ្រូ​ បាន​ដាក់ឱ្យ​ខ្ញុំ​វ៉ៃ​ជំនួយគេ នៅ​ក្នុងកម្ម​វិធី​នេះ»។

    នៅ​ក្រោយការ​ទម្លាក់​កីឡាករ ប៊ុន សុធា នេះ អេលីត ចំរើន បាន​ឡើង​ទៅជួប​ដៃគូចាស់ បាង កាយ៉ាក ដែល​បាន​​យក​ឈ្នះដោយ​ពិន្ទុលើ​ អ៊ូច ធារិទ្ធ នៅវគ្គជម្រុះដែរ ប៉ុន្តែ​នៅ​ក្នុងការ​ប្រកួតនេះ អេលីត ចំរើន បាន​ទាត់​ឱ្យ បាង កាយ៉ាក ខូច​ជើង នៅ​ក្នុងទឹកទី​២ ដើម្បី​ក្លាយជា​ម្ចាស់​ជើង​ឯក និង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៣,៤ លាន​រៀល។

    សម្រាប់​ការ​​ផ្ទួល បាង កាយ៉ាក យ៉ាង​ងាយ​នេះ អេលីត ចំរើន បាន​និយាយ​ថា៖​«បាង កាយ៉ាក ខ្ញុំ​ធ្លាប់ជួប​គាត់ប៉ុន្មាន​ដងដែរ កាលពីប៉ុន្មាន​ឆ្នាំ​មុន ហើយ​បានចាញ់​គាត់ ព្រោះ​ពេល​នោះ ខ្ញុំ​ទើប​ឡើងមក​ថ្មី ហើយ​មកប៉ះ​គាត់ កំពុង​ពេញវ៉ៃ​ល្អ ប៉ុន្តែ​ជួបគ្នា​លើក​នេះ គាត់​រាង​ខ្សោយ​​ជាង​មុន ព្រោះអាយុ​គាត់ កាន់តែច្រើន»។

    ​យ៉ាង​ណា​ក៏​ដោយ បាង កាយ៉ាក ដែល​ទទួល​បាន​ទឹក​ប្រាក់​ចំនួន ១,៨ លាន​រៀល ក្នុង​នាមជា​អ្នក​លេខ​២​នេះ បាន​អះអាង​ថា ការ​ចាញ់ ដោយ​បង់​បោះ​ការ​ប្រកួតនេះ មក​ពី​រូបគេ​មាន​របួស​ជើងស្រាប់ ដែល​បាន​កើត​ឡើង តាំង​ពី​ប្រកួត​ជាមួយ អ៊ូច ធារិទ្ធ នៅ​វគ្គ​ជម្រុះមក​ម្ល៉េះ។

    បាង កាយ៉ាក បាន​និយាយ​ថា៖ ​«ជើង​របស់ខ្ញុំបានខូច ​តាំង​ពី​ប្រកួត​វគ្គជម្រុះ គឺ​នៅ​ពេល​ខ្ញុំ​វាយប្តូរ​ជាមួយ អ៊ូច ធារិទ្ធ ព្រោះ​គាត់ក៏​ល្អ​ទាត់​ដែរ ហើយ​សម្រាប់ការ​ឡើងមក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ខ្ញុំ​បានគិតទុក​ហើយ​ថា នឹងខំ​វ៉ៃឱ្យ​អស់ពី​សមត្ថ​ភាព ចាញ់​ចោល ដ្បិតអី​យើងមានរបួស​ជាប់​ខ្លួន ប៉ុន្តែ​នៅ​ពេល អេលីត ចំរើន ទាត់​ចំ​កន្លែង​ចាស់នេះ វា​កាន់តែ​ឈឺខ្លាំង មិនអាច​បន្តការ​ប្រកួត​ទៀត​បាន គឺ​វា​ធ្ងន់ត្រង់​ត្រូវ​ជើងនេះតែ​ម្តង ចំណែក​កន្លែង​ផ្សេង អត់​មាន​បញ្ហា​នោះ​ទេ»៕

  • Loading...
  • Recent Posts