• វេង សុភ័ក្រ ទម្លាក់ សោម វិឆ័យ ដើម្បីសង្រ្គោះ តាញ់ មករា ចំណែក រិន ដាវីត ធ្វើឱ្យកីឡាករជម្រើសជាតិវ៉ូវីណាម ស្រងាកចិត្ត
    ប្រដាល់ក្នុងស្រុក 2 weeks ago 79 Views

    ជ័យជម្នះ​របស់​កីឡាករ វេង សុភ័ក្រ លើ​ សោម វិឆ័យ បាន​ក្លាយជា​ការ​សង្រ្គោះ​យ៉ាងសំខាន់​ទៅ​ដល់​កីឡាករ​ជើងខ្លាំង តាញ់ មករា ដើម្បី​អាច​បន្ត​ដំណើរ​ឡើង​ទៅកាន់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន CNC ចំណែក​​កីឡាករ​ជម្រើសជាតិ​ប្រដាល់​គុនខ្មែរ ក៏​បាន​ធ្វើ​ឱ្យ​អ្នកប្រយុទ្ធ​របស់ក្រុមជម្រើសជាតិ​វ៉ូវីណាម សែន រ៉ាដេត ​មាន​ការ​ស្រងាក​ចិត្ត នៅ​លើ​សង្វៀន​នេះ ផងដែរ។

    សម្រាប់ការ​ប្រកួត ដែល​ត្រូវបាន​ធ្វើ​ឡើង នៅ​ថ្ងៃសៅរ៍ជាមួយគ្នា​នោះ តាញ់ មករា បាន​ប្រើពេលតិចជាង​២ទឹក ដើម្បី​ផ្តួល ឡុន ឡា ឱ្យសន្លប់ ដោយការ​ទាត់​ឆ្វេង​ចំ​ក្បាល បណ្តាល​ឱ្យ ឡុន ឡា ដួល​សន្លប់ នៅត្រឹមពាក់កណ្តាល​ទឹក​២ ដើម្បី​ទទួល​បាន​៣ពិន្ទុ​បន្ថែម សម្រាប់ការ​ប្រកួត​ចុង​​ក្រោយ​របស់គេ។

    យ៉ាង​ណា​ក៏​ដោយ ការ​ឈ្នះ​២ និង​ចាញ់​ដោយ​ស្វ័យប្រវត្តិ​១ប្រកួត ដោយសារ​ធ្វើទម្ងន់​មិនបាន វា​នៅតែ​ធ្វើ​ឱ្យ តាញ់ មករា មាន​ភាព​មិនច្បាស់លាស់ ក្នុងការ​ឈ្នះ​បាន​កៅ​អី ឡើង​ទៅ​ប្រកួត​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​រូបគេ​ត្រូវ​រង់ចាំ​អ៊ុត​មើល​ការ​ប្រកួត​រវាង វេង សុភ័ក្រ និង សោម វិឆ័យ ដែល​ត្រូវ​ធ្វើបន្ទាប់​នោះ​សិន គឺ​លុះ​ត្រា​តែ វេង សុភ័ក្រ ជា​អ្នក​ឈ្នះ ទើប តាញ់ មករា បាន​ឡើង​ទៅវគ្គបន្ត។

    តែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុងស្ថាន​ភាព​នេះ វេង សុភ័ក្រ ដែល​បាន​ឈ្នះ​កៅ​អី​ឡើង​ទៅវគ្គ​បន្ត ដោយស្វ័យប្រវត្តិ​ទៅហើយ​នោះ មិនបាន​ទម្លាក់​ការ​ប្រកួត ដោយ​ធ្វើ​ជា​ចាញ់នោះទេ គឺ​រូបគេបាន​វាយសង្រ្គាប់ទៅ​លើ សោម វិឆ័យ ជាបន្ត​បន្ទាប់ ហើយការ​ចូល​ចាប់ក្រៀក​បុកជង្គង់ចូល​ពេញៗ​របស់​គេ បានធ្វើ​ឱ្យ សោម វិឆ័យ ចាញ់ពិន្ទុ​ដាច់ ទាំង​ទ្រម​ខ្លួន​ផងដែរ។

    ​ការ​ទទួលបានជ័យជម្នះ​លើ សោម វិឆ័យ នេះ​បាន​​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំង​៣​លើក​របស់ វេង សុភ័ក្រ ឈ្នះ​ទាំង​៣ និងទទួល​បាន​៩ពិន្ទុ​ពេញ ដើម្បី​ទទួលបានចំណាត់ថ្នាក់លេខ​១ ប្រចាំពូល​B​នេះ។ ជាមួយនឹង​ជ័យជម្នះ​របស់ វេង សយុភ័ក្រ នេះ​ដែរ ក៏​បានជួយ​ឱ្យ​សង្រ្គោះ តាញ់ មករា ឱ្យ​បាន​ឡើង​ទៅវគ្គ​បន្ត​ដែរ ក្នុងនាមជា​​អ្នក​ទទួលបាន​ចំណាត់​ថ្នាក់លេខ​២ ប្រចាំពូល​នេះ។

    យ៉ាង​តាមលទ្ធផល​នៃ​ការ​ប្រកួត​នេះ វេង សុភ័ក្រ នឹង​ត្រូវ​ឡើង​ទៅ​ជួប ឈុត សេរីវ៉ាន់ថង នៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ តាញ់ មករា ត្រូវប្រឈមមុខជាមួយ​ជើងខ្លាំង​លេខ​១​ប្រចាំពូល​A ម៉ឺន មេឃា​ ខណៈ​ការ​ប្រកួត​វគ្គ​នេះ គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១២ ខែមិថុនា ខាងមុខ​នេះ។

    ដោយ​ឡែក សម្រាប់ការ​ប្រកួត នៅ​លើសង្វៀន CNC កាល​ពី​ថ្ងៃសៅរ៍​នោះ​ដែរ កីឡាករ​ជម្រើសជាតិ​គុន​ខ្មែរ រិន ដាវីត បាន​ក្លាយជា​ម្ចាស់ប្រាក់លាន​ប្រចាំ​កម្ម​វិធី ក្រោយ​រូបគេ​បាន​យក​ឈ្នះ​លើ​កីឡាករ​ជម្រើសជាតិ​វ៉ូវីណាម​កម្ពុជា សែន រ៉ាដេត ដែល​មាន​ឈ្មោះ​នៅ​ក្នុងបញ្ជីជាតិ​ថា ទិន ឌិន។

    ​ការ​ប្រកួត​របស់អ្នកទាំង​២​នេះ មាន​ភាព​ស្វិតស្វាញ​ខ្លាំង ប៉ុន្តែ​ការ​វាយចេញ​របស់ រិន ដាវីត ចំ​គោល​ដៅបាន​ល្អ​ជាង ជា​ហេតុ​នាំ​ឱ្យ​ចៅ​ក្រម​ចំនួន​៥​រូប បាន​ផ្តល់​ជ័យជម្នះទៅ​ឱ្យ​រូបគេ ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៤-១។ សែន រ៉ាដេត មានការ​ស្រងាក​ចិត្ត ទៅនឹងការ​ប្រកួត​លទ្ធផល​នេះ​ដែរ ប៉ុន្តែភ្លាមនោះ ​រូបគេ​បានសម្រួល​អារម្មណ៍ ដើម្បីទទួល​យក​លទ្ធផល​ចាញ់នេះ​វិញ៕

  • Loading...
  • Recent Posts