• ការបើកភ្លើងខៀវរបស់រាជរដ្ឋាភិបាល ផ្តល់ឱកាសកាន់តែពិសេស ដល់ក្រុមជម្រើសជាតិ ដើម្បីពង្រឹងសមត្ថភាព ឡើងវិញ
    កីឡាផ្សេងៗ 2 weeks ago 102 Views

    ការ​បើក​ភ្លើងខៀវ​អនុញ្ញាតឱ្យ​ប្រមូលផ្ដុំហ្វឹកហាត់ជុំ​គ្នា​ឡើង​វិញ របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ បាន​ផ្តល់ឱកាស និង​លក្ខខណ្ឌ​កាន់តែ​ពិសេស​សម្រាប់​គ្រូ​បង្វឹក និងក្រុមជម្រើជាតិ​កម្ពុជា ទាំង​៣៨​ប្រភេទ​កីឡា និងក្រុមជនពិការ មានពេល​វេលា​ហ្វឹកហាត់ជុំគ្នា បានកាន់តែ​ច្រើន ដើម្បី​ពង្រឹងសមត្ថភាព ឆ្ពោះ​ទៅ​កាន់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលកម្ពុជា ត្រូវ​ធ្វើជាម្ចាស់​ផ្ទះ។

    ការចេញ ស.ជ.ណ យល់ព្រម​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ធ្វើ​ទៅ​តាមការ​ស្នើ​សុំ​របស់​​លោក​ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ដែល​ជា​ប្រធាន​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កាលពីពេលថ្មីៗនេះ គឺ​ស្របពេល​ដែល​ក្រសួងអប់រំ យុវជន និង​កីឡា បាន​ដាក់​ឱ្យ​ក្រុម​ជម្រើសជាតិ ហ្វឹក​ហាត់តាម​អនឡាញ ដើម្បី​បញ្ជៀស​ហានិភ័យនៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

    យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង ស.ជ.ណ ដែល​រាជរដ្ឋាភិបាល​ យល់​ព្រម​​ឱ្យ​ក្រុម​​កីឡា​ជម្រើស​ជាតិ ​បើកការ​ហ្វឹក​ហាត់​ឡើងវិញនេះ ​គឺ​ត្រូវគោរពឱ្យបាន​ម៉ឺងម៉ាត់នូវ​គោលការ៍ ដែលបាន​កំណត់ គឺ​ទី​១ ត្រូវបិទទ្វារទីលាន និង​ក្លិប​ហ្វឹក​ហាត់ ហាមអ្នកក្រៅចេញ-ចូល ពិសេស​​អនុវត្ត​យ៉ាង​​ម៉ឺង​ម៉ាត់​វិធានការ ៣ការពារ ៣កុំ ទោះបីកីឡាករ កីឡាការិនី គ្រូបង្វឹក បាន​ចាត់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ ចំនួន​២លើករួចហើយក្ដី។

    ចំណែក​ទី​២ ត្រូវ​ត្រួតពិនិត្យ​ក្រុម​អត្តពលិក គ្រូបង្វឹក មិនឱ្យ​ចេញក្រៅផ្ទះ ក្រៅពី​ទៅ​មក​កន្លែង​ហ្វឹកហាត់ និងនៅ​ក្នុងកន្លែងស្នាក់នៅរួមតែប៉ុណ្ណោះ ទី​៣ ត្រូវ​មាន​​គ្រូ​ពេទ្យ​​កីឡា​តា​ម​ដាន​សុខ​ភាព​កីឡាករ កីឡាការិនី និងគ្រូបង្វឹក ជាប្រចាំ ហើយ​ទី​៤ មិន​អនុញ្ញាត​​ឱ្យ​​អត្តពលិក គ្រូបង្វឹក និងមន្ដ្រីកីឡា ថ្នាក់ដឹកនាំកីឡា ដែល​មិន​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩ ចេញ-​ចូល​​ក្នុង​កន្លែង​ទីលាន​ក្លិប​ហ្វឹក​ហាត់​ជា​ដាច់​ខាត់។

    អ្វី​ដែល កាន់តែពិសេស នៅក្នុង​ការ​អនុញ្ញាត​ឱ្យ​​ប្រមូល​ផ្ដុំ​ធនធាន​មនុស្ស​ជំនាញ​កីឡា​ ឡើង​វិញ​នេះ គឺ ​ទាំង​គ្រូ​បង្វឹក​ និង​ក្រុម​ជម្រើស​ជាតិ ដែល​ជា​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ ​ត្រូវ​​ព្យួរ​ការងារ​ពី​អង្គភាព មន្ទីរ ​ក្រសួង ស្ថាប័ន​ដើម​របស់ខ្លួន ​ដោយ​រក្សា​ប្រាក់​បៀវត្ស ដើម្បី​មក​បង្ហាត់​ក្រុម​ជម្រើស​ជាតិ​ និង​ហ្វឹក​ហាត់ តាម​តម្រូវ​ការ​កម្ម​វិធី​ឱ្យបាន​​៨​ម៉ោង ​ក្នុង​មួយ​ថ្ងៃ ​រហូត​ចប់​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ​ឆ្នាំ​២០២៣​។

    បន្ថែម​លើនេះ អត្តពលិក​​ជម្រើស​ជាតិ​ ដែល​ជា​សិស្ស ​និស្សិត​ ក្នុង​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​ និង​ឯកជន ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ ជា​ពិសេស​ ដូច​ជា ​​អនុញ្ញាតឱ្យ​​ធ្វើ​ស្វ័យ​សិក្សា ដោយ​មិន​បាច់​មាន​វត្តមាន ​ជា​ប្រចាំ​ ក្នុង​គ្រឹះ​ស្ថាន​សិក្សា ​ប៉ុន្ដែ​អនុញ្ញាត​ឱ្យ​​ប្រឡង ​និង​អាច​រៀប​ចំ​​ការ​ប្រឡង ជា​ពិសេស​ក្នុង​ករណី​ចាំបាច់​បំផុត​ ព្រម​ទាំង​រៀប​ចំ​យន្ដ​ការ​បំប៉ន​ ការ​សិក្សា​​បន្ថែម តាម​​មធ្យោបាយ​របស់​គ្រឹះ​ស្ថានសិក្សា​។

    លើស​ពី​នេះ ត្រូវ​អនុញ្ញាត​ឱ្យ​​​ក្រុម​ជម្រើស​ជាតិ​ ជា​សិស្ស ​និស្សិត​សិក្សា ​ក្នុង​គ្រឹះ​ស្ថាន​ សិក្សា​​ចំនួន​៤ថ្ងៃ(ចន្ទ ​អង្គារ ​ពុធ​ និង​ព្រហស្បតិ៍​) ដើម្បី​ទុក​ថ្ងៃ​​សុក្រ​ សៅរ៍ ​និង​អាទិត្យ ​​​​បាន​​​ហ្វឹកហាត់​ពេញ​ម៉ោង​ ដើម្បី​រក្សា​និរន្តរភាព​ ភាព​គត់​មត់​នៃ​គុណផល​កីឡា​ ហើយ​​ជា​មួយគ្នា​​​នេះ​ ក្រសួងអប់រំ​ ឬ គ្រឹះ​ស្ថាន​សិក្សា​ ត្រូវ​ពិនិត្យ​លទ្ធភាព​លើក​ទឹក​ចិត្ត ផ្ដល់​ពិន្តុ​ប្រឡង​ជា​មុន​ តាមរយៈ​ការ​​វិនិច្ឆ័យ​របស់​ក្រសួង​អប់រំ​ ឬ ​គ្រឹះ​ស្ថាន​សិក្សា​សាមី​។​

    នៅ​ក្នុងការ​ផ្តល់លក្ខខណ្ឌ​ដ៏ពិសេស សម្រាប់គ្រូបង្វឹក និង​ក្រុមអត្តពលិក​ជម្រើជាតិ នៅ​គ្រប់ប្រភេទកីឡា ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រមូល​ផ្តុំ​នេះ គឺ​បាន​បង្ហាញ​ថា ទាំង​គ្រូបង្វឹក និងក្រុមអត្តពលិក មានពេល​វេលា​កាន់តែ​ច្រើន និង​ទទួលបាន​អត្ថប្រយោជន៍កាន់តែ​ខ្ពស់ ដើម្បីធ្វើ​ការ​ហ្វឹកហាត់ជុំ​គ្នា ពង្រឹង​សមត្ថភាព ​ត្រៀមចូល​រួមការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ នៅប្រទេស​វៀតណាម ចុង​ឆ្នាំ​២០២១នេះ​ផង និង​ឆ្ពោះ​ទៅកាន់​ការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ។

    លោក ​វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការ CAMSOC ​​ បាន​ថ្លែង​ថា​៖«​ការ​អនុញ្ញាត​នេះឱ្យ​មានការ​ប្រមូល​ផ្តុំឡើង​វិញ ក្នុង​លក្ខខណ្ឌ​ពិសេសនេះ ​​បាន​លើកទឹក​ចិត្ត​ដល់​​ក្រុម​អត្តពលិក​ជម្រើស​ និង​គ្រូ​បង្វឹកជម្រើសជាតិរបស់យើង បាន​​មក​បំពេញ​ការ​ងារ​កីឡា​ពេញ​ម៉ោង​ ហេតុនេះ​យើងនឹង​ជំរុញសហព័ន្ធកីឡាជាតិទាំងអស់ ដែល​មាន​លទ្ធភាព និងសុវត្ថិភាព អាចហ្វឹកហាត់បាន ត្រូវ​បើក​ការ​ហ្វឹកហាត់​វិញ​ជា​បន្ទាន់ ដើម្បីពង្រឹងគុណផលកីឡា ឆ្ពោះទៅស៊ីហ្គេម នៅវៀតណាម នា​ចុង​ឆ្នាំ​២០២១ នេះផង និងត្រៀមឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង»៕

  • Loading...
  • Recent Posts