• ក្រុមវាយកូនឃ្លីលើតុកម្ពុជា រំពឹងប្រជែងបានលទ្ធផលល្អ នៅស៊ីហ្គេម បើសិនបានទៅហាត់នៅចិន
    កីឡាផ្សេងៗ 3 weeks ago 84 Views

    មន្រ្តីជំនាញ​របស់សហព័ន្ធ​កីឡា​វាយកូន​ឃ្លី​លើ​កម្ពុជា​ ស៊ុន សុទ្ធារិទ្ធ ​បានអះអាង​ថា ក្រុម​​អត្តពលិក​របស់​លោក នឹង​អាច​ឈានទៅ​ដល់​ការ​ដណ្តើម​បាន​លទ្ធ​ផល​ល្អ នៅ​ក្នុងការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម នាថ្ងៃទី២១ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ខាង​មុខ​នេះ បើ​សិនជា​ពួកគេ អាច​បាន​ទៅហ្វឹក​ហាត់រយៈពេល​៣ នៅ​ប្រទេស​ចិន តាមការគ្រោង​ទុក។

    អគ្គលេខាធិការសហព័ន្ធកីឡា​វាយ​កូនឃ្លី​លើ​តុកម្ពុជា លោក ស៊ុន សុទ្ធារិទ្ធ បានប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា៖ ​«ខ្ញុំមិនទាន់ហ៊ានសន្យាថា ក្រុមកីឡាករ កីឡាការិនី​វាយ​កូន​ឃ្លី​លើ​តុ​ជម្រើស​ជាតិ​កម្ពុជា អាចនឹងឈាន​ដល់​មេដាយ ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ឆ្លង​កាត់​តាម​ផែន​ការ​យុទ្ធ​សាស្ត្ររ​បស់​សហ​ព័ន្ធ ក៏​ដូច​ជា​ការ​ខិត​ខំហ្វឹកហាត់ ត្រៀម​របស់កីឡាករ កីឡា​ការិនី​ទាំង​អស់ គឺយើង​នឹង​អាច​ទទួល​បាន​នូវ​លទ្ធផល​ដ៏គាប់ប្រសើរណាមួយ ពីការប្រកួត ស៊ីហ្គេម ចុង​ឆ្នាំ២០២១ ជាក់ជាមិនខាន»។

    លោកបាន​បញ្ជាក់ថា៖​« ​ក្តីសង្ឃឹមនៃ​ការ​ទទួល​បាន​លទ្ធផល​ល្អ​នេះ ដោយសារ​ប្រភេទ​កីឡា​វាយ​កូនឃ្លីលើតុ ជា​ប្រភេទ​កីឡា​១ ក្នុងចំណោម១២ប្រភេទកីឡារបស់កម្ពុជា ដែល​នឹង​ចេញ​ទៅ​បន្ត​ការ​ហ្វឹក​ហាត់​រយៈ​ពេល​៣ខែ នៅសាធារណរដ្ឋប្រជាមាននិតចិន ដើម្បី​បង្កើន​គុណ​ភាព​​បច្ចេកទេសឱ្យ​កាន់តែល្អប្រសើរបន្ថែមទៀត មុនពេលស៊ីហ្គេម ២០២១ នេះ​ចូល​មក​ដល់»។

    តាម​គម្រោង​ សហព័ន្ធ​កីឡា​វាយកូន​ឃ្លី​លើ​តុកម្ពុជា ​ត្រៀម​បញ្ជូន​​​ក្រុម​ជម្រើសជាតិ ចំនួន​​៨ នាក់ (ស្រី ​៣ នាក់) ​ទៅ​ហ្វឹក​ហាត់​ នៅ​ប្រទេស​ចិន ​ដើម្បី​ត្រៀម​ចូល​រួម​ការ​ប្រកួតស៊ីហ្គេម នៅប្រទេស​វៀតណាម ចុងឆ្នាំ​២០២១ ដោយ​ពួក​គេ​នឹង​ចូល​រួមប្រកួត​ប្រជែង នៅ​ក្នុងវិញ្ញាស​ចំនួន​៦ ក្នុងចំណោម​វិញ្ញាសា​ទាំង​៧ ដែល​ម្ចាស់​ផ្ទះ​វៀតណាម ​បានដាក់ សម្រាប់​ស៊ីហ្គេម លើក​នេះ។

    យ៉ាង​ណា​ក៏​ដោយ សម្រាប់​គម្រោង​បញ្ជូនអត្តពលិក ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន រយៈ​ពេល​ ៣​​ខែ​ មុន​​​ស៊ី​ហ្គេម ​នៅ​វៀត​ណាម មក​ដល់​នេះ​ ហាក់ស្ថិត​នៅ​ក្នុង​​ភាព​រអាក់​រអួល ហើយក៏អាច​នឹង​​ពន្យា​រពេល ផងដែរ បើសិនជា​ស្ថាន​ភាព​ជំងឺកូវីដ​១៩ នៅតែ​មិនថមថយ បង្ក​ជាហានិភ័យ​ខ្លាំង​នោះ។

    ផ្ទុយ​ទៅវិញ បើសិនជា​​គម្រោង​ហ្វឹក​ហាត់ ​នៅ​ប្រទេស​ចិន អាច​ធ្វើ​ទៅ​​បាន ក្នុង​រយៈ​​​​ពេល​វែង ​ឬ​មធ្យម​នោះ​ លោក​ ស៊ុន​ សុទ្ធារិទ្ធ ​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ​មាន​ជំនឿ​ចិត្ត​ថា ​៖​«សមត្ថភាពក្រុម​​អត្តពលិក​វាយ​កូន​ឃ្លី​លើ​តុកម្ពុជា នឹង​អាច​ដណ្តើម​បាន​លទ្ធផល​គួរ​ជា​ទី​រំពឹង ​នៅ​ស៊ីហ្គេម​ លើក​៣១ ​​ប្រទេស​វៀត​ណាម ​​ចុង​ឆ្នាំ​២០២១​នេះ ជា​មិន​ខាន​ ព្រោះ​គ្រូ​បង្វឹក​ និង​ធន​ធាន​បច្ចេក​ទេស ​​នៅប្រទេស​​​ចិន ​គឺមាន​​ជំនាញលើ​​កីឡា​​វាយ​កូនឃ្លី​លើ​តុ​​នេះ​តែ​ម្តង»៕

  • Loading...
  • Recent Posts