• បាល់ទះ គ្រោងទៅពង្រឹងសមត្ថភាពនៅចិន មុនការប្រកួតស៊ីហ្គេម នៅវៀតណាម មកដល់
    កីឡាផ្សេងៗ 4 weeks ago 81 Views

    សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា​ ​បានបង្ហាញ​មុខ​បេក្ខភាពជម្រើសជាតិ​ទាំង​១៩នាក់ ជា​ផ្លូវ​ការហើយ ហើយ​ក្រុមមួយនេះ ក៏​នឹង​ត្រូវបញ្ជូន​ឱ្យ​ទៅហ្វឹកហាត់​រយៈពេល​វែងនៅ​ប្រទេស​ចិន​ផងដែរ ដើម្បីពង្រឹង​សមត្ថភាព​ ត្រៀមការប្រកួតស៊ីហ្គេម លើក​ទី​៣១ នៅប្រទេស​វៀតណាម នា​ចុងឆ្នាំ​២០២១​នេះ។

    បើតាម​បញ្ជី​ឈ្មោះបេក្ខភាព​ទាំង​១៩​នាក់ ​ដែល​ត្រូវបាន​ដាក់​ចូល​ជា​ក្រុម​ជម្រើស​ជាតិ​បាល់​ទះកម្ពុជា នៅឆ្នាំ​២០២១​នេះ ត្រូវ​បានគេ​ស្គាល់ថា សុទ្ធតែ​ជា​កីឡាករ​របស់​ក្លិប​វិសាខា ហើយ​បច្ចុប្បន្ន ពួក​គេ ក៏​បាននឹងកំពុង​ហ្វឹកហាត់​ និងស្នាក់នៅជុំ​គ្នា នៅ​មណ្ឌល​ហ្វឹកហាត់របស់​ក្លិបវិសាខា ផងដែរ។

    ចំពោះបេក្ខភាព​ទាំង​១៩នាក់នេះ រួម​មានកីឡាករ សួន ចាន់ណារ៉ូ, គួន ម៉ុម, សឿន ហេង, អាន សុខហេង, ឡាង រាសីកែវ, មី សុផណ្ណា, ឈាង​​ ​ភារដ្ឋ, ពិន សារុន, វឿន វាសនា, ផុល រតនៈ, គង់ ពិសិដ្ឋ, ខឹម សុវណ្ណារ៉ា, ម៉ន សុខនាង, មី រស្មី, មួន និមល, ផល ផានីត, ភុំ ចាន់តុលា, ឈីម ឈាងនី និង សៅ តាន ហើយ​អ្នកទាំង​នេះ ត្រូវបានគេ​ស្គាល់ថា សុទ្ធតែ​ជា​ជើងខ្លាំងលំដាប់​ស្រុក​ខ្មែរ ដែលមិន​មាន​ក្រុមណា អាច​យក​ឈ្នះពួកគេ​បាន​នោះទេ នា​ពេល​បច្ចុប្បន្ននេះ។

    យ៉ាងណា​ក៏ដោយ សម្រាប់គម្រោង​ចេញ​ទៅហ្វឹកហាត់ នៅប្រទេស​ចិន​នេះ គឺ​នឹងមានការ​ជ្រើស​រើស​យកតែ​​កីឡាករ​ប្រមាណ​​១២​នាក់ប៉ុណ្ណោះ ទៅ​ហ្វឹក​ហាត់ ហើយ​បេក្ខភាព​ទាំង​នេះ ក៏​នឹងត្រូវ​ទៅប្រកួតប្រជែង តំណាង​ឱ្យកម្ពុជា  សម្រាប់ការ​ប្រកួតស៊ីហ្គេម នៅ​ប្រទេសវៀតណាម ចុង​ឆ្នាំ​នេះ​ផងដែរ។

    លោក ​បឹង​ គីមតោ​ ​អគ្គ​លេខាធិការ​​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា​ បាន​​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​ថា​៖ «​សហព័ន្ធ ​នឹង​រៀប​ចំ​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ដែល​មាន​គ្រូ​បង្វឹក​ និង​កីឡាករមួយ​ក្រុម​ ​ទៅ​ហ្វឹក​ហាត់​​នៅប្រទេស​ចិន ដែល​យើង​គ្រោង​ធ្វើ​​នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០២១​នេះ​ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ដឹង​ថា គម្រោង​នេះ អាច​ធ្វើទៅបានតាមការកំណត់ ឬ​​យ៉ាង​ណា​នោះទេ ​​ដោយ​យើងត្រូវ​​​រង់​ចាំ​ការ​សម្រប​សម្រួល​ជា​មួយ​ CAMSOC និង​ក្រ​សួង​អប់​រំ ​យុវជន ​និង​កីឡា​»។​

    លោក​បាន​បន្ថែម​​ថា៖​ «​គម្រោង​ទៅ​​ហ្វឹកហាត់​ នៅ​ប្រទេស​ចិន​នេះ ​មាន​រយៈ​ពេល​៣ខែ ឬ​៩​០ថ្ងៃ​ ​ដើម្បី​ពង្រឹង​គុណ​ភាព​លេង កាន់បាន​ល្អ ​មុន​នឹងទៅ​​ចូល​រួម​ប្រ​កួត​​ស៊ីហ្គេម ​លើក​ទី​៣១ ​ឆ្នាំ២០២១​ នៅទី​ក្រុង​ហាណូយ​ ប្រទេស​វៀត​ណាម ហើយ​មុន​​នឹង​ចេញ​ដំណើរ​ទៅ​ហ្វឹកហាត់​នេះ កីឡាករ​​របស់យើង ត្រូវ​បាន​​បង្រៀន​នូវ​ភាសា​ចិន​ថ្នាក់​មូលដ្ឋាន ​ទាក់​ទង​ទៅ​នឹង​ពាក្យ​​ប្រើ​ជា​បច្ចេកទេស ពេល​​ហ្វឹក​ហាត់​ ​និង​ប្រ​កួត ផងដែរ​»៕

  • Loading...
  • Recent Posts