• តើក្រុមតេក្វាន់ដូ នឹងទទួលបានប្រាក់រង្វាន់ប៉ុន្មាន បើសិនឈ្នះបានមេដាយ ពីការប្រកួតជម្រុះអូឡាំពិក?
    កីឡាផ្សេងៗ 1 month ago 148 Views

    ក្រុម​អត្តពលិក តេក្វាន់ដូ (WT) របស់កម្ពុជាចំនួន​២​នាក់ គឺ ​កីឡាការិនី​កូនកាត់ខ្មែរ-អាមេរិក ថិប កាសាន់ទ្រេនីកូល និង​កីឡាករ វ៉ា មិថុនា ​បានត្រៀមខ្លួន​រួចរាល់​អស់ហើយ ដើម្បី​ចេញ​ទៅប្រកួតជម្រុះ​អូឡាំពិក​​ប្រចាំ​ទ្វីបអាស៊ី លើប្រភេទកីឡានេះ ដែលនឹង​ត្រូវ​ធ្វើ​នៅ​ប្រទេស​ហ្ស៊កដានី នា​ថ្ងៃទី​២១ ខែ​ឧសភា​នេះ។

    បើតាមគ្រូ​ធំ ​លោក ​ឆយ ​យ៉ុងសុក​ បានឱ្យ​ដឹង​ថា លោក​ ​និង​កីឡាករ ​វ៉ា ​មិថុនា ​នឹង​ធ្វើ​ដំណើរ​ចេញ​ពីប្រទេស​កម្ពុជា​ នៅ​​ថ្ងៃទី​១៦​ ខែ​ឧសភា​ឆ្នាំ២០២១ ​ហើយ​​ត្រូវ​ទៅឱ្យ​ដល់​កន្លែង​ប្រកួត​វគ្គ​ជម្រុះ​កីឡា​តេក្វាន់ដូ (WT) ​នៅប្រទេស​ហ្ស៊កដានី នា​​ថ្ងៃទី​១៨​ ខែឧសភា។ ​ចំណែក​កីឡាការិនី​ថិប កាសាន់ទ្រីនីកូល ​និង​គ្រួជំនួយ ​លោក Tubbs Gregory Allan នឹង​ធ្វើដំណើរ​ពីសហរដ្ឋអាមេរិក ​ទៅ​ប្រទេស​ហ៊្សកដានី តែម្តង ដើម្បី​ទៅជួប​លោក​គ្រូ​ ឆយ យ៉ុងសុក ​និង​កីឡាករ ​វ៉ា ​មិថុនា ​នៅទីនោះ​​។

    ​ការ​ចេញ​ទៅប្រកួតជម្រុះប្រជាទ្វីប​អាស៊ី លើប្រភេទកីឡា​តេក្វាន់ដូ ដើម្បី​ប្រជែង​យក​កៅ​អី ឡើង​ទៅប្រកួត​​កីឡាអូឡាំពិក ក្រុងតូក្យូ ​ប្រទេសជប៉ុននេះ គឺ​កីឡាការិនី​កូនកាត់ខ្មែរ-អាមេរិក ថិប កាសាន់ទ្រេនីកូល ដែល​កំពុង​ហ្វឹក​ហាត់ នៅ​រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិកនោះ នឹង​​ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ហើយ​កីឡាករ វ៉ា មិថុនា ​ប្រកួត​ក្នុង​ប្រភេទទម្ងន់​ក្រោម​៨០​គីឡូក្រាម​ ខណៈ​កូតានៃ​ការប្រកួតនេះ គឺ​គេ​កំណត់យកត្រឹម​កីឡាករ​២​នាក់ និងកីឡាការិនី​២នាក់ នៅ​លើ​ប្រភេទ​​ទម្ងន់​ទាំង​២​នេះ មាន​ន័យថា អត្តពលិក​ដែលបាន​ឡើងទៅប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​មេដាយមាស និងមេដាយប្រាក់ នឹង​ទទួលបានកៅអី​សិទ្ធិពេញ ដើម្បី​ឡើងទៅកាន់ការ​ប្រកួតអូឡាំពិក នៅជប៉ុន។

    យ៉ាងណា​ក៏ដោយ យោង​​តាម​ការ​ប្រកាស​អន្តរ​ក្រសួង ស្តីពី​ការ​ផ្តល់ប្រាក់រង្វាន់ជ័យលាភី ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិផ្លូវការ នៅ​ក្នុង និងក្រៅប្រទេស ដែល​កំណត់​ដោយ​ក្រសួងអប់រំ យុវជន និង​កីឡា និងក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ បាន​ឱ្យ​ដឹង​ថា ការចេញ​ទៅ​ប្រកួតជម្រុះ​អូឡាំពិក លើកនេះ គឺ​​ទទួលបានប្រាក់រង្វាន់​យ៉ាងច្រើន ដែលគិត​ទាំង​អ្នក​បានមេដាយ​សំរឹទ្ធ គឺ​មិន​ត្រឹម​តែ​អ្នក​ឈ្នះ​បាន​មេដាយមាស និងប្រាក់ ប៉ុណ្ណោះ​ទេ។

    តាម​ការ​ប្រកាស​អន្តរ​ក្រសួងនេះ បានបញ្ជាក់ថា ចំពោះ​កីឡាករ កីឡាករ​រូបណា ដែល​ដណ្តើម​បានមេដាយ នៅ​ក្នុង​ការ​ប្រកួតជម្រុះអូឡាំពិក នឹងត្រូវបានប្រគល់ប្រាក់រង្វាន់ ទៅតាម​ប្រភេទមេដាយ ដោយក្នុង​នោះ អ្នក​ឈ្នះមេដាយមាស នឹងទទួលបានប្រាក់​​រង្វាន់​ចំនួន​៨០​លាន​រៀល មេដាយប្រាក់ បាន​៤០​លាន​រៀល និង​អ្នក​ឈ្នះមេដាយមាស ទទួលបាន​២៤​លាន​រៀល។

    ​ជាមួយគ្នា​នេះ គ្រូ​បង្វឹក​សញ្ជាតិ​កូ​រ៉េ​ខាង​ត្បួង​ លោក ឆយ យ៉ុងសុក (CHOI Yong Sok) ​​ដែលបាន​​ចំណាយ​ពេល​នៅ​ស្រុក​ខ្មែរ​ជាង​២០​ឆ្នាំ ដើម្បី​ជួយ​វិស័យកីឡាតេក្វាន់ដូ​កម្ពុជា ក្នុងនាម​​ជា​គ្រូ​ជម្រើស​ជាតិ​នោះ​​ ​មានការ​រំពឹង​ថា អត្តពលិក​​របស់កម្ពុជា ទាំង​២នេះ អាច​នឹង​ឆ្លង​ផុត​វគ្គជម្រុះនេះ គឺ​មាន​ន័យថា អាចនឹង​ដណ្តើម​បានមេដាយ បើទោះបីជាពេលនេះ យើងនៅមិនទាន់ដឹង​ថា ត្រូវជួប​ប្រកួត​ជាមួយ​អត្តពលិកមកពីប្រទេស​ណា ក៏​ដោយ។ លោក បានបញ្ជាក់ថា៖​«​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ​ ខ្ញុំ​សង្ឃឹមថា អត្តពលិក​របស់យើង នឹង​​ឆ្លង​ផុត ​ក្នុង​ទំនុក​ចិត្ត​ខ្ពស់»៕

  • Loading...
  • Recent Posts