• ឡុង ខេត្ត ជឿថា នឹងសងសឹក យ៉ន ពិសី បាន បើសិនអាចជួបគ្នា ពេលប្រកួតដណ្តើមប្រាក់លាន
    ប្រដាល់ក្នុងស្រុក 1 month ago 74 Views

    អ្នកប្រដាល់និយមវាយលុក ដោយប្រើកម្លាំង​ច្រើនជាង​បច្ចេកទេស ឡុង ខេត្ត មានការ​ជឿជាក់ថា រូបគេ​អាច​នឹង​ជម្រះបញ្ជីជាមួយ​កីឡាករ យ៉ន ពិសី បាន បើ​សិនជា​ពួកគេ​អាចជួបគ្នាជាថ្មី នៅលើការ​ប្រកួតដណ្តើមប្រាក់លាន ៥៧​គីឡូក្រាម លើ​សង្វៀន​ថោន នា​ល្ងាច​ថ្ងៃអាទិត្យនេះ។

    សម្រាប់ការ​ប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ដែលត្រូវបាន​ដំណើរការ​វិញ បន្ទាប់ពីសង្វៀនប្រដាល់ទាំង​៣ មាន​បាយ័ន CNC និង​សង្វៀន​ថោននេះ ត្រូវបានអនុញ្ញាត​ឱ្យបើកការប្រកួតវិញនេះ គឺអ្នកគ្រប់គ្រង​សង្វៀនថោន បានជ្រើសរើស ​បេក្ខភាព​៤នាក់ មាន ឡុង ខេត្ត, យ៉ន ពិសី, សាន ​សំអុន ​និង​ជើង​ចាស់ ​ហ៊ឹម ​គឹម​រៀង​ ដើម្បី​ឱ្យប្រកួតប្រជែងគ្នា ប៉ុន្តែ​ដោយសារ អ្នកទាំង​៤ តម្រូវ​ឱ្យចាប់ឆ្នោត មុនការប្រកួត​វគ្គជម្រុះ​៣ទឹកនោះ អ៊ីចឹងគេ​មិនទាន់​ដឹង​ថា អ្នកណា ត្រូវជួបជាមួយ​អ្នកណា​ឱ្យប្រាកដ នៅឡើយទេ។

    យ៉ាងណា​ក៏ដោយ ចំពោះ ឡុង ខេត្ត ហាក់មានការ​ផ្តោតខ្លាំង​ទៅលើ យ៉ន ពិសី ដោយ​រូបគេរំពឹងថា នឹងអាចជួប​សត្រូវចាស់ម្នាក់នេះ ដើម្បីអាចជម្រះ​បញ្ជី​ ចាស់ គឺ​ពេល​ដែល​រូបគេ បានប្រកួតចាញ់ យ៉ន ពិសី ទាំង​មិនអស់​ចិត្ត ក្នុង​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដណ្តើមពាន នៅលើសង្វៀនប៉ុស្តិ៍​លេខ​៥ នាពេល​កន្លងមកនេះ។

    សិស្សគណក្លិបខ្លារខិនមានរិទ្ធ ឡុង ​ខេត្ត បាន​​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​៖ ​«ខ្ញុំ​ធ្លាប់​ចាញ់​ យ៉ន​ ពិសី​ ទាំង​​មិន​អស់​ចិត្ត សម្រាប់ការ​ប្រកួត​កន្លងមក​ ហើយ​សិន​លើក​នេះ យើងទាំង​២នាក់​ ​ចាប់​ឆ្នោត​ប៉ះ​​គ្នា គឺ​​ខ្ញុំ​មាន​ទំនុក​ចិត្ត​យក​ឈ្នះ​​បាន​។ ចំណែក ​គឹម​រៀង​ ពី​មុន ​នរណា​ក៏​ខ្លាច​ និង​ញញើត​ដែរ​ ប៉ុន្តែ​ឥឡូវ​បើ​ប៉ះ​ខ្ញុំ ​ក៏​មិន​ខ្លាច​ដែរ»​។​

    នៅក្នុងចំណោម​បេក្ខភាពទាំង​៤នាក់នេះ ​ហ៊ឹម ​គឹម​រៀង មានបទពិសោធ​ប្រកួត​​ចាស់​វស្សា​ជាង​គេ និង​ធ្លាប់ជាជើងខ្លាំង​លំបាក​រកគូ​ប្រកួត តែមួយ​រយៈនេះ ហ៊ឹម គឹមរៀង ​​ហាក់​ធ្លាក់​ចុះ ​ដោយប្រកួត​មិន​សូវ​បាន​ល្អ។ ផ្ទុយ​ពីនេះ ​ឡុង ​ខេត្ត​, យ៉ន​ ពិសី​ និង​ សាន ​សំអុន បាន​នឹង​កំពុង​លេច​ធ្លោ ​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ឱ្យ​​គេ​ស្គាល់​។

    ទាក់ទងនឹងការប្រកួតនេះ លោក​ ឡុង​ សាលវ័ន្ត ​គ្រូបង្វឹក យ៉ន ពិសី និយាយ​ថា​៖«​បើ​និយាយ​ពី​សមត្ថភាព​ក្បាច់​គុន​វិញ គឺអ្នក​ប្រដាល់​ទាំង​៤​នាក់​នេះ​ ​លំបាក​វាយ​តម្លៃ ​​ព្រោះ​អ្នក​ជំនាន់​ក្រោយ​ កម្លាំង​ល្អ ​​ចិត្ត​ធំ ​ហ៊ាន​ចូល​វ៉ៃ ​មិន​សំចៃ​កម្លាំង​»។​

    គ្រូបង្វឹក​រូបនេះ បានបន្ថែមថា៖​«ចំពោះ​អ្នកទាំង​៤នេះ ​ខ្ញុំ​គិត​វិញ មានលទ្ធភាព​៥០​ភាគ​រយ​ម្នាក់ ​ចំណែក​​ជើង​ខ្លាំង ​ហ៊ឹម​ គឹម​រៀង ​ក៏​មិន​មែន​ជា​ឧបសគ្គ​ធំ​របស់​ យ៉ន​ ពិសី​ នោះដែរ​ គឺ​ស៊ី​សង​ប្រ​កួត​ជាក់​ស្តែង​។ តែទោះ​បីជា​យ៉ាង​ណា​ ខ្ញុំ​រំពឹង​លើ​កូន​សិស្ស​ខ្ញុំ​​ច្រើន​ដែរ​ ​ព្រោះ​ យ៉ន ពិសី ​ហាត់​ជា​មួយ​ខ្ញុំ ​នៅ​ក្នុង​ក្លិប ​មិន​បាន​ចេញ​ទៅ​ណា​ទេ​ ក្នុងអំឡុង​ផ្ទុះ​​ជំងឺកូវីដ​១៩​នេះ​»៕

  • Loading...
  • Recent Posts