• CAMSOC នៅបារម្ភលើការបណ្តុះធនធានកីឡា ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធ ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម មិនជាបញ្ហា
    កីឡាផ្សេងៗ 1 month ago 86 Views

    គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញ​នៅក្តីបារម្ភ​ ទៅ​ការកសាងសមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម និង​ក្រុម​អត្តពលិកជម្រើសជាតិ ដើម្បី​ឆ្ពោះ​ទៅ​ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ ប៉ុន្តែ​ដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ដើម្បីបម្រើ​ដល់ព្រឹត្តិការណ៍​ដ៏​ធំនេះ បានដំណើរ​ទៅបានរលូន មិនជាបញ្ហា​អ្វី​នោះ​ទេ។

    លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង​ថា «សម្រាប់ផែនការយុទ្ធសាស្ត្រឆ្ពោះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺត្រូវបានចែកចេញជា២ផ្នែកធំៗ  ទី១ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ដោយដំណើរការសាងសង់កីឡដ្ឋានធំ កំពុងដំណើរការដោយរលូន និងមិនមានជាឧបស័គ្គអ្វីកើត​ឡើង​នោះ​ទេ ចំណែក​ទី២ គឺការផ្តោតសំខាន់លើការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស បង្កើនគុណភាព សមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិ តាមរយៈកម្មវិធីប្រមូលផ្តុំហ្វឹកហាត់នៅក្នុងស្រុក និងការបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស»។

    អ្នកជំនាញ​កីឡា​រូបនេះ បានរៀបរាប​ថា ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមអស្ចារ្យ សម្រាប់ការប្រកួត ការប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះ គិតដល់ពេលនេះសម្រេចបាន៩៥ភាគ​រយ​ហើយ ខណៈ​ការបំណាក់កៅអីអង្គុយនៅសល់តែប៉ុន្មានរយកៅអីទៀតប៉ុណ្ណោះ។

    ហេតុ​នេះ​នៅសល់តែរយៈពេលដ៏ខ្លីខាងមុខនេះ សំណង់កីឡដ្ឋានធំ នឹងរួចរាល់ជាស្ថាពរ តាមផែនការ ដែលបានគ្រោងទុក ហើយហេដ្ឋារចនាសម្ព័ន្ធដ៏ធំស្គឹមស្គៃ ដ៏អស្ចារ្យរបស់កម្ពុជា នឹងក្លាយជានិមិត្តរូបនៃព្រឹត្តិការណ៍កីឡស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាក់ជាមិនខាន។

    លោកបាន​បន្ត​ថា ចំណែកភូមិកីឡា ក៏កំពុងដំណើរការសាងសង់ដែរ ក្រោមគម្រោងពីក្រុមហ៊ុនសាងសង់ ដើម្បីទទួលការស្នាក់នៅហូបចុករបស់កីឡាករ កីឡាការិនីជាង៧០០០នាក់ បូករួមទាំងប្រតិភូ ភ្ញៀវពិសេសសរុបប្រមាណ១ម៉ឺននាក់ ដែលភូមិកីឡានេះ នឹងអាចរួចរាល់នាចុងឆ្នាំ២០២២ ដើម្បីប្រគល់ CAMSOC រៀបចំដល់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឲ្យទាន់ពេលវេលាផងដែរ។

    លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖​«ជារួម ហេដ្ឋារចនាសម្ព័ន្ធកីឡាទាំងនេះមិនមានអ្វីចោទជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាចម្បង គឺការបណ្តុះបណ្តាលធនធានមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិតែប៉ុណ្ណោះ ដែល CAMSOC កំពុងជំរុញលើការកសាងសមត្ថភាពក្រុមជម្រើសជាតិ ចាប់ពីឆ្នាំ២០២១នេះតទៅ»។

    លោក វ៉ាត់ ចំរើន ដែលជា​អគ្គលេខាធិការ NOCC ផង​នោះ បាន​លម្អិត នៅ​ក្នុងផែនការនេះ​ទៀត​ថា៖ «យើងនឹងបញ្ជូនអត្តពលិកជាង១០០នាក់ ទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន (នាខែសីហា ឆ្នាំ២០២១) ដែលជាជំនួយឥតសំណងរបស់មិត្តចិន ហើយ​ក្រៅពីការហ្វឹកហាត់នៅចិន ក៏កម្ពុជាគ្រោងនឹងបញ្ជូនក្រុមជម្រើសជាតិ ទៅហ្វឹកហាត់នៅក្រៅប្រទេសផ្សេងៗទៀត ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕

  • Loading...
  • Recent Posts