• កម្ពុជា ចង់បញ្ជូន១២ប្រភេទកីឡា ទៅហ្វឹកហាត់ នៅចិន ឱ្យបានមុនស៊ីហ្គេម នៅវៀតណាម
    កីឡាផ្សេងៗ 1 month ago 94 Views

    កម្ពុជា តាម​រយៈ​​គណៈកម្មាធិការជាតិ រៀបចំ​ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC) គ្រោង​នឹងបញ្ជូន​ក្រុមអត្តពលិក​មកពីប្រភេទកីឡាចំនួន​១២ ឱ្យ​ចេញ​ទៅ​ហ្វឹក​ហាត់រយៈពេលវែង នៅប្រទេសជាសម្ព័ន្ធមិត្តចិន ឱ្យបានលឿន តាម​ដែលអាច​ធ្វើទៅ​បាន ដើម្បីត្រៀមទាំងការ​ប្រកួតស៊ីហ្គេម លើកទី​៣១ ឆ្នាំ​២០២១នេះ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នៅកម្ពុជា។

    បើ​ទោះបីជា ​គម្រោង​បញ្ជូន​ក្រុម​អត្តពលិក ទៅ​ហ្វឹកហាត់រយៈពេលវែង នៅប្រទេស​ចិននេះ ត្រូវបាន​ពន្យារពេល និងលើកពេលម្តងហើយ​ម្តងទៀត ដោយ​សារ​តែ​​ការ​ផ្ទុះ​ឡើង​ខ្លាំងនៃ​ជំងឺកូវីដ ប៉ុន្តែនៅ​ក្នុង​ឆ្នាំ​២០២១​នេះ កម្ពុជា​មានគោលការណ៍​ថ្មី​ថា ​នឹង​​បញ្ជូន​ក្រុម​អត្តពលិក​ ចំនួន​១២​ប្រភេទ ឱ្យ​​​ទៅហ្វឹកហាត់​​ឱ្យ​​បាន​ នៅមុនខែ​វិច្ឆិកា ឬ​មុនការ​ប្រកួត​ស៊ីហ្គេម នៅប្រទេស​វៀតណាម ចុងឆ្នាំ​នេះ។​

    លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង​ថា៖ ​«គម្រោង​បញ្ជូន​ក្រុម​អត្តពលិក​ទៅ​ហ្វឹក​ហាត់​នេះ ​គឺធ្វើ​​តាម​កិច្ច​ព្រម​ព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​សាធារណៈ​រដ្ឋ​ប្រ​ជា​មានិត​ចិន​ ហើយ​តាម​គម្រោង យើង​ត្រូវតែ​ធ្វើឱ្យបាន នៅ​ឆ្នាំ​២០២១នេះ។ យើងចង់​ធ្វើឱ្យបានមុនខែវិច្ឆិកា ឬមុន​ការប្រកួត​ស៊ីហ្គេម នៅប្រទេស​វៀតណាម ដើម្បីត្រៀមការប្រកួតនេះ​ផងដែរ»។

    សម្រាប់​ប្រភេទ​កីឡាទាំង​១២ ដែលកម្ពុជា គ្រោងនឹងបញ្ជូន​ឱ្យ​ទៅ​ហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន នាពេលខាងមុខនេះ រួមមានរួម​​មាន​​កីឡា​កាយ​សម្ព័ន្ធ​ វាយ​សី​ វូស៊ូ​ បាល់​ទាត់​ស្ត្រី​ ហែល​ទឹក​ អត្តពលកម្ម​ បាល់​បោះ​ បាញ់​កាំ​ភ្លើង​ ចំបាប់​ វាយ​កូន​ឃ្លី​លើតុ​ លើក​ទម្ងន់​ និង​បាល់​ទះ​។

    នៅក្នុង​ប្រភេទកីឡា​ទាំង​១២​នេះ មាន​កីឡាករ​កីឡាកា​រិនី​ចំនួន​១៣៥​នាក់​ និង​មាន​គ្រូ​បង្វឹក​ជា​អ្នក​ដឹក​នាំ​ចំនួន​១១​នាក់ ​ព្រម​ទាំង​ស្ត្រី​ចំនួន​៥​នាក់ ​ដែល​ជាអ្នក​បក​ប្រែ​ភាសា​ ក្នុង​ការ​សម្រួល​ទំនាក់​ទំនង ​ដល់​ការ​ហ្វឹក​ហាត់ ហើយ​ប្រភេទកីឡា​ទាំង​១២​នេះ ត្រូវបាន​លោក វ៉ាត់ ចំរើន អះអាង​ថា ជាការ​ជ្រើស​រើស​ដោយ​ផ្ទាល់ពី​ភាគី និងអ្នកជំនាញ​ផ្នែកកីឡារបស់ចិនតែ​ម្តង៕

  • Loading...
  • Recent Posts