• ក្រសួង បញ្ជាក់ពីប្រភេទកីឡា ដែលមានអត្តពលិកហ្វឹកហាត់ នៅក្រៅប្រទេស
    កីឡាផ្សេងៗ 1 month ago 79 Views

    ​ក្រសួងអប់រំ យុវជន និងកីឡា តាម​រយៈអគ្គនាយកដ្ឋាន​កីឡា និងមជ្ឈមណ្ឌល​ជាតិហ្វឹកហ្វឺន​កីឡា ​បានបញ្ជាក់ថា នៅក្នុងចំណោមប្រភេទកីឡា​ទាំង​៤០ ដែល​ត្រូវបានអនុញ្ញាត​ឱ្យមានការប្រមូលផ្តុំ ជា​ក្រុមជម្រើសជាតិ នៅ​ឆ្នាំ​២០២១​នេះ គឺ​មាន​តែ​ប្រភេទកីឡា​ចំនួន​៨ប៉ុណ្ណោះ ដែលមានក្រុមអត្តពលិក​ហ្វឹកហាត់ នៅក្រៅប្រទេស សម្រាប់ត្រៀមការប្រកួតនៅលើឆានអន្តរជាតិ ពិសេស​ស៊ីហ្គេម លើកទី​៣១ នៅប្រទេស​វៀតណាម នៅ​ចុងឆ្នាំ​២០២១នេះ។

    តាម​លិខិតឧទ្ទេសនាម​របស់​ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យ​ដឹង​ថា ប្រភេទ​កីឡា ដែលបានអនុញ្ញាត​ ឬ​មាន​ក្រុម​អត្តពលិក កំពុង​ហ្វឹកហាត់ នៅក្រៅ​ប្រទេស រួមមានក្រុមម៉ូទឹក តេក្វាន់ដូ (WT)​ ជឺជីតស៊ូ ហែលទឹក កីឡាជិះ​សេះ វាយសី ​ប្រដាល់សកល និងកីឡាបាល់បោះ ដោយសារ​ប្រភេទ​កីឡាទាំង​​៨នេះ មានកីឡាករ​២៣នាក់ កីឡាការិនី​៩នាក់ និងគ្រូបង្វឹក​៥នាក់ ហើយការ​ហ្វឹកហាត់​នៅក្រៅស្រុកនេះ មាន​រយៈពេល​៨ខែ គឺ​ចាប់គិត​ពី​ថ្ងៃទី​១ ខែមេសា រហូតថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២១។

    តាម​លិខិតឧទ្ទេស​នាម ​ដដែលនេះ បានឱ្យដឹងទៀតថា ​ក្រុមម៉ូទឹក ដែល​មាន​​កីឡាករ​៧នាក់ និងគ្រូ​បង្វឹក​២នាក់ បាននឹងកំពុងហ្វឹកហាត់នៅក្រៅប្រទេសថៃ រីឯ​ តេក្វាន់ដូ មានតែ​កីឡាការិនី​១នាក់ កំពុងហ្វឹកហាត់នៅអាមេរិក គឺ​កញ្ញា ថិប កាសាន់ទ្រេនីកូល ហើយ ជឺជីតស៊ូ មានអត្តពលិក​៣នាក់ (ស្រី​១ គឺវីរកីឡាការិនី ខាន់ ចេសា) និង​គ្រូ១នាក់ ដែលកំពុង​ហ្វឹកហាត់​អាមេរិក​២នាក់ និង​១នាក់ ហាត់នៅប្រទេស​អេស្ប៉ាញ។

    ចំណែក​ប្រដាល់សកល មានកីឡាករ​១នាក់ គឺ​ម្ចាស់ខ្សែ​ក្រវាត់ពិភពលោក អេរិក ភារ៉ុន ប៉ែន ដែល​កំពុង​ហ្វឹកហាត់ នៅវៀតណាម។ រីឯ ​ហែលទឹក មាន​កីឡាករ៣នាក់ កីឡាការិនី​២នាក់ ដោយ​៣នាក់ កំពុង​ហ្វឹកហាត់នៅអាមរិក និង​១នាក់ហាត់នៅប្រទេស​ថៃ។

    ចំពោះ​កីឡាជិះ​សេះ មានកីឡាករ១នាក់​ គឺ​លោក គ្រី សារឿន កំពុង​ហ្វឹក​ហាត់នៅ​ថៃ និងកីឡាការិនី​១នាក់ គឺអ្នកអង្គស៊ីសុវត្ថិ ចារ៉ាដេវី ដែល​ហាត់នៅចិន ហើយ​កីឡាវាយសី មានកីឡាករ​១នាក់ គឺ  សុខ រីករាយ ដែលកំពុង​ហ្វហ្វឹក​ហាត់នៅ​ថៃ។

    ជាមួយគ្នានេះ កីឡាបាល់បោះ ក៏មានអត្តពលិក​ហ្វឹកហាត់ច្រើននាក់ នៅ​ក្រៅ​ប្រទេស​ផងដែរ គឺមានកីឡាករ​៨នាក់ កីឡាការិនី​៤នាក់ និងគ្រូ​បង្វឹក​២នាក់ ដោយ​​អ្នកទាំងអស់នេះ សុទ្ធតែ​កំពុងហ្វឹកហាត់ នៅសហរដ្ឋអាមេរិក ហើយនៅក្នុងអំឡុង​ការ​ហ្វឹកហាត់រយៈពេល​៨ខែ របស់ក្រុមកីឡាករ​២៣នាក់ កីឡាការិនី​៩នាក់ និងគ្រូបង្វឹក​៥នាក់នេះ ត្រូវបានប្រាស់​ថវិកា ឆ្នាំ​២០២១ របស់​អង្គភាពថវិកា​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួងអប់រំ យុវជន និងកីឡា៕

  • Loading...
  • Recent Posts