• ម៉ីន អូស្មាន់ ដណ្តើមបានចំណាត់ថ្នាក់ល្អ ពីការប្រកួតម៉ូតូទឹកពិភពលោក ប៉ុន្តែ កៃវ៉ាន់ សីដែន ជួបគ្រោះថ្នាក់
    កីឡាផ្សេងៗ 2 months ago 134 Views

    កីឡាករ ម៉ីន​ អូស្មាន់ បាន​ទទួលការអបអរពីសហព័ន្ធ​កីឡាម៉ូតូទឹក​កម្ពុជា បន្ទាប់ពី​រូបគេ​ទទួលបាន​លទ្ធផល​ល្អ គឺចំណាត់ថ្នាក់លេខ​៥ ពីការ​ប្រកួត​កីឡាម៉ូតូទឹកកម្រិត​​ពិភពលោក (Jet Ski World Cup and would serries 2021) ដែល​ធ្វើ​នៅទីក្រុង​ប៉ាតាយ៉ា​ ប្រទេសថៃ។

    សហព័ន្ធ​កីឡាម៉ូតូទឹក​កម្ពុជា បាន​សម្តែងការ​អបអរ​ទៅ​ដល់ ម៉ីន អូស្មាន់ តាមរយៈការបង្ហោះ​ នៅ​លើ​ផេចហ្វេសប៊ុក​របស់​ខ្លួន​ថា៖ ​«ចូលរួម​ត្រេកអរ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​នៃការប្រកួត Jet Ski World Cup and would serries 2021 នៅទីក្រុង​ប៉ាតាយ៉ា​ ប្រទេសថៃ​ សម្រាប់ថ្ងៃទី​២១​-២២ ខែមេសា​ ឆ្នាំ២០២១នេះ ដោយ​កីឡាករ​ ម៉ីន​ អូស្មាន់​ ទទួលបាន​ចំណាត់​ថ្នាក់លេខ៥​ លើ​វិញ្ញាសា​ Novice Ski stock»។

    បើ​តាមការបញ្ជាក់បន្ថែម​របស់វិរៈ​កីឡាករម៉ូតូទឹក ដែល​ជាម្ចាស់មេដាយ​កីឡាអាស៊ី សាលី អូមើត បានឱ្យ​ដឹង​ថា កីឡាករ ម៉ីន​ អូស្មាន់ បានទទួល​ចំណាត់​ថ្នាក់លេខ​៥ នៅ​ក្នុងចំណោម​កីឡាករ​ចំនួន​៣០នាក់ ដែល​ចូល​រួមការប្រកួតវិញ្ញាសា Novice Ski stock។

    ប៉ុន្តែ​ជាមួយគ្នានេះ ​កីឡាករម៉ូតូ​ទឹករបស់កម្ពុជា​ម្នាក់​ទៀត គឺ កៃវ៉ាន់ សីដែន បាន​ជួបគ្រោះ​ថ្នាក់ និងត្រូវបាន​បញ្ជូនទៅ​កាន់មន្ទីរពេទ្យ។ សាលី អូមើត បាន​សរសេរ​បង្ហោះ​នៅលើហ្វេសប៊ុក​របស់ខ្លួន​ថា៖ ​«កីឡាករ​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា​ កៃ​វ៉ាន់ ​សីដែន​ បាន​ជួប​គ្រោះថ្នាក់​ ក្នុង​ពេល​ប្រកួត​កីឡា​មូតូទឹកលំដាប់​ពិភពលោក​ ដែល​ប្រទេស​ថៃ​ជាម្ចាស់​​ផ្ទះ​ ហើយ​មិន​អាច​ធ្វើ​ការ​ប្រកួត​បន្ត​ទៀត​បាន។ ​នៅពេល​នេះ​ កៃវ៉ាន់ សីដែន កំពុង​សម្រាក​ព្យាបាល​របួស​ ហើយសូម​ជូនពរ​ឱ្យគេ​​ឆាប់​ជា​សះស្បើយ​ពីរបួស​ផង​ចុះ​»។

    យ៉ាងណាក៏​ដោយ បើតាមព័ត៌មាន ដែល​ត្រូវបានបង្ហោះនៅលើ​ហ្វេសប៊ុក​របស់សហព័ន្ធ​កីឡាម៉ូតូទឹកកម្ពុជា បាន​ឱ្យ​ដឹង​ថា កីឡាករជម្រើសជាតិកម្ពុជា បាន​ចុះ​ឈ្មោះ​ចូល​រួមការប្រកួតនេះ ដោយ​ខ្លួន​ឯង ចំនួន​៥នាក់ ហេតុនេះ កម្ពុជា នៅ​សល់ការប្រកួត​លើ​វិញ្ញាសា​ផ្សេង​ទៀត ខណៈ​ ការ​ប្រកួត Jet Ski World Cup and would serries 2021 នៅប្រទេស​ថៃ​នេះ ត្រូវប្រកួតរហូត​ដល់​ថ្ងៃទី​២៥ ខែមេសា ឯណោះ៕

  • Loading...
  • Recent Posts