• UEFA ប្រឆាំងនឹងគម្រោងបង្កើតពាន Super League និងគំរាមដកឈ្មោះក្លិបដែលចូលរួម
    បាល់ទាត់អន្តរជាតិ 3 weeks ago 273 Views

    បរទេស៖ អង្គ​ភាព​គ្រប់គ្រង​កីឡា​បាល់ទាត់​​ទ្វីប​អឺ​រ៉ុប​ហៅ​កាត់ថា UEFA បាន​ដឹក​នាំ​ការ​​ប្រឆាំង​មួយ​ទៅនឹង​គម្រោង​បង្កើត​ពាន Super League កាលពីថ្ងៃ​​ចន្ទ តាមរយៈ​ការ​បញ្ជាក់​ថា កីឡាករ និង​ក្លិប​ដែល​ពាក់​ព័ន្ធ អាច​នឹង​ត្រូវ​​ជាប់​បម្រាម​មិន​ឲ្យ​ចូល​រួម​ក្នុ​ងយុទ្ធនាការ​របស់​ខ្លួន​ ក្នុង​នោះ​រាប់​ទាំង​ក្លិប​​៣​ដែល​ត្រូវ​លេង​ក្នុងក្រប​ខ័ណ្ឌ Champions  League វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​​នៅ​រដូវ​​កាល​នេះ​ផង​ដែរ​។

    នៅ​ក្នុងកិច្ច​ប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃ​ដដែលនោះ ក្រោយពី​ក្លិប​កំពូល​ៗ​នៅ​អឺ​រ៉ុប​ចំនួន​១២ បានប្រកាស​​ពី​គម្រោង​រៀប​ចំ​លីកថ្មី​នេះ លោក Aleksander Ceferin ប្រធាន UEFA បាន​ចាត់​ទុក​គម្រោង​រៀប​ចំ​ពាន Super League គឺ​ជា​ការ​ស្តោះ​ទឹក​មាត់​លើ​មុខ​អ្នក​គាំទ្រ​កីឡា​បាល់​ទាត់​ទាំង​អស់​»​។ លោក​បាន​ឲ្យដឹង​ថា៖ «ក្នុង​ពេល​ឆាប់​ៗនេះ​ក្លិប និង​កីឡាករ អាច​នឹង​ត្រូវ​ជាប់​បម្រាម​មិន​ឲ្យ​ចូល​រួម​ក្នុង​​យុទ្ធ​នាការ​ទាំង​អស់​របស់​យើង​»​។ ក្លិប​៣ក្នុង​ចំណោមក្លិប​ទាំង​១២​ដែល​ស្ថិត​ក្នុង​គម្រោង​លីកថ្មី​នេះ រួមមាន ក្លិប Real Madrid, Manchester City និង Chelsea អាច​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​រដូវ​កាល​នេះ​។ នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់​លោក Jesper Moller សមា​ជិក​គណៈ​កម្មា​ធិការ​ប្រតិបត្តិ​នៃ UEFA​។

    លោក Moller បាន​ប្រាប់​ទូរ​ទស្សន៍ DR របស់​ដា​ណឺ​ម៉ាក​ថា៖ «ក្លិប​ទាំង​នោះត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់​។ ខ្ញុំ​រំពឹង​ទុក​ថា នឹង​កើត​ឡើងនៅថ្ងៃ​សុក្រ​នេះ​​។ បន្ទាប់​មក យើង​ត្រូវ​តែ​ស្វែង​រក​វិធី​ក្នុងការ​បញ្ចប់ក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​នេះ​»​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts