• បេក្ខភាពទាំង៣ សុទ្ធតែញញើតកណ្តាប់ដៃ ធន់ ចាន់តាក់ ប៉ុន្តែ ធន់ សុធា ថា ចាន់តាក់ ពិបាកនឹងឈ្នះ
    ប្រដាល់ក្នុងស្រុក 2 weeks ago 49 Views

    អ្នក​ប្រដាល់​គុន​ខ្មែរ​ចាស់​វស្សា​ ដែល​មាន​សមត្ថ​ភាព​ល្អ គង់ សំបូរ, សូត្រ ខេវិន និង រឿម ប៊ុនរួន (សេក គឹមរួន) សុទ្ធតែ​មាន​ការ​ខ្លាច​ញញើត​ទៅនឹងកណ្តាប់​ដៃ ធន់ ចាន់តាក់ នៅពេល​អ្នកទាំង​៤ ត្រូវបានដាក់​ឱ្យប្រកួតម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់​៦៣,៥​គីឡូក្រាម នៅ​លើ​សង្វៀន​​ថោន នា​ថ្ងៃអាទិត្យនេះ។

    ទោះបីជា​យ៉ាង​ណា លោក ធន់ សុភា ដែលជា​គ្រូ​បង្វឹក​​របស់ ធន់ ចាន់តាក់ បាន​មើល​ឃើញ​​ថា ចាន់តាក់ ​នឹង​ជួប​ការ​ប្រកួត​ដ៏តានតឹងបំផុត ដែលមិនងាយ​​នឹងរក​បានជ័យជម្នះ​​នោះទេ ហើយ​នៅក្នុងចំណោម​បេក្ខភាពទាំង​៣​នាក់ ចាក់តាក់ ក៏អាច​នឹងចាញ់ គង់ សំបូរ ផងដែរ បើ​សិនជា​​អ្នកទាំង​២នេះ វ៉ៃ​ដោយការ​ប្រើ​ក្បាច់​ដូច​គ្នា។​

    ​អតីត​អ្នក​លេងកណ្តាប់ដៃ​ធ្ងន់ ធន់ ​សុភា​ ​បាន​​និយាយ​ថា៖​ «​ពួក​គេ​ទាំង​៤​នាក់​នេះ​ ជា​ជើង​​ចាស់​ដូច​គ្នា ​មិន​ងាយ​ឈ្នះ​ចាញ់​ផុយៗនោះ​​ទេ​ គឺ​តឹង​តែង​ណាស់​ ហើយ​​តាម​ខ្ញុំ​មើល​ ធន់​ចាន់​តាក់​ មិន​ល្អ​លើស​កីឡាករ​៣​នាក់​ទៀត​នេះ​ទេ​ ប៉ុន្តែ​វា​មាន​ចិត្ត​ធំ ​ចូល​វាយ​មុន​ មិន​ប្រ​ចាំ​ដៃ​គូ​តែ​បើ​វ៉ៃ​តាម​បច្ចេកទេស​មួយៗ​វិញ​ គង់​ សំបូរ​ ល្អ​ជាង ចាន់តាក់ ​​ព្រោះ​ គង់ ​សំបូរ ​និង​ ចាន់​ តាក់​ធ្លាប់​ជា​កូន​សិស្ស​ក្នុង​ក្លិប​តែ​មួយ​ ដែល​ទើប​បែក​ទៅ​នៅ​ក្លិប​ផ្សេង​ពី​គ្នា»​។​

    យ៉ាងណា​ក៏​ដោយ គង់​ សំបូរ ​បានដឹង​រួច​ទៅ​ហើយ​ថា ធន់ ចាន់តាក់ គ្មានការ​យល់​យល់​ពី​សម្ព័ន្ធ​​កាលពី​អតីត​កាល​នោះ​ទេ។ សំបូរ បាន​និយាយ​ថា៖​​«ខ្ញុំ​ធ្លាប់​ជា​សិស្ស​រួម​គ្រូ​ រួម​ក្លិប ​ជា​មួយ ​ធន់ ​ចាន់​តាក់​ និង​ដេក​ហ្វឹក​ហាត់​ជា​មួយ​គ្នា​ខ្ញុំ ហេតុនេះ​ខ្ញុំបាន​ដឹង​ច្បាស់​​ពី​ស្នៀត​កណ្តាប់​ដៃ​ ជង្គង់ ​និង​ការ​វាយ​សម្រុក​របស់​ ចាន់​តាក់​ គឺគេ​​វ៉ៃ​មិន​ចេះ​បន្ធូរ​ដៃ​ឱ្យ​ដៃ​គូ​ ឬ​យោគ​យល់​គ្នា​ឯង​នោះ​ទេ​ ហេតុ​នេះ​វាលំបាក​ប្រកួត​ណាស់​​​ ប៉ុន្តែ​ចំពោះ ​សេក​ គឹម​រួន ​និង ​សូត្រ​ ខេវិន ​ខ្ញុំ​ធ្លាប់​ប្រ​កួត​ឈ្នះ​ពួក​គេ​ច្រើន​ដង​មក​ហើយ​ ហេតុនេះ​ខ្ញុំ​មិន​សូវ​ព្រួយ​បារម្ភ​នោះ​ទេ​ គឺ​អាច​យក​ឈ្នះ​បាន ​គ្រាន់​តែ​តឹង​តែង​បន្តិច»។

    ចំណែក សេក​ គឹម​រួន ដែល​មិន​ធ្លាប់ជួប ធន់ ចាន់​តាក់ នោះ បាន​​និយាយ​ថា​៖ ​«ខ្ញុំ​ធ្លាប់​បាន​ចាញ់​ សូត្រ​ ខេវិន ​និង ​គង់ ​សំបូរ​ ​ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ឈ្នះ​តែ​៥០​ភាគ​រយ​ប៉ុណ្ណោះ​ ហើយ​បើ​ប៉ះ​ ធន់ ​ចាន់​តាក់​ នៅ​វគ្គ​ជម្រុះ​វិញ​ ដូច​ជា​ញញើត​ និង​ខ្លាច​ខ្លាច​គាត់​ដែរ​ ​ព្រោះ​មួយ​រយៈ​នេះ​ ខ្ញុំ​មាន​សុខភាព​មិន​សូវ​ល្អ​ ហាត់​មិន​បាន​ល្អ​ ប្រ​កួត​ចាញ់​ញឹក​ញាប់​ដែរ ​ដោយ​សារ​កម្លាំង​ធ្លាក់​ចុះនេះ​ឯង»​។​

    ជាមួយគ្នា​នេះ លោក​ សួន​ ប៊ុន​សូត្រ ​គ្រូ​​បង្វឹក និងជាឪពុក ​សូត្រ​ ខេវិន បាន​​​ប្រាប់​​ថា​៖ «​សូត្រ ខេវិន ​ធ្លាប់​ចាញ់​ គង់​ សំបូរ​ និង​ឈ្នះ​ សេក​ គឹម​រួន ​ប៉ុន្តែ​មិន​ដែល​ជួប ធន់​ ចាន់​តាក់ ​ទេ​។​ តាម​ការ​ប្រឹង​ហ្វឹក​ហាត់​មួយ​រយៈ​នេះ​ ខ្ញុំ​មាន​ល្បិច​កល​ខ្លះ ​ដើម្បី​ឱ្យ ខេវិន យក​ឈ្នះ​ គង់​ សំបូរ ​និង ​សេក ​គឹម​រួន ​​បាន​ ក្នុង​ទំនុក​ចិត្ត​ខ្ពស់​​​៨០​ភាគ​រយ ​ប៉ុន្តែ​បើ​ចាប់​ឆ្នោត​ប៉ះ​ ​ចាន់​តាក់ ​គឺ​លំបាក​ប្រ​កួត​ណាស់​ ​ព្រោះ​វា​វ៉ៃ​មិន​ចេះ​ស្ទាប​ស្ទង់​ទេ ​ចូល​ទៅ​ដឹង​តែ​សម្រុក​ផ្តាច់​តែ​ម្តង។ ​ទោះយ៉ាង​ណា ​ខ្ញុំ​នឹង​ជួយ​ផ្តល់​បច្ចេកទេស​ដល់ ខេវិន ​វ៉ៃ​ឱ្យ​បាន​ប្រាក់​លាន​លើក​នេះ​»​៕

  • Loading...
  • Recent Posts