ក្រុមខ្លាំងមានមូលដ្ឋាននៅខេត្តស្វាយរៀង ព្រះខ័នរាជស្វាយរៀង ដណ្តើមបាន៣ពិន្ទុពីក្រុមអាស៊ីអឺរ៉ុប ទាំងវេទនា និងភាពចម្រូងចម្រាស សម្រាប់ការប្រកួតលីគកំពូលកម្ពុជា កាលពីថ្ងៃពុធ ចំណែខ្សែប្រយុទ្ធប្រេស៊ីល Iago Bento Fernandes បានក្លាយជាវីរបុរសដែលបានជួយក្រុមអង្គរថាយហ្គឺរ ឡើងទៅឈរនៅលើកំពូលតារាង ជាលើកទី២ សម្រាប់ការប្រកួតសប្តាហ៍នេះ។
បើទោះបីជា ក្រុមស្វាយរៀង ទើបបានលត់ក្រុមអគ្គិសនីកម្ពុជា ៦-១ និងឈ្នះក្រុមខ្លាំង ណាហ្គាវើល ៣-១ ប៉ុន្តែ ការទទួលបានជ័យជម្នះរបស់ក្រុមព្រះខ័នរាជស្វាយរៀង ទៅលើក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប កាលពីម្សិលមិញនោះ ត្រូវបានគេមើលឃើញថា បានកើតឡើង ដោយសារក្រុមម្ចាស់ផ្ទះ បានបាត់ប្រធានក្រុម ឡាយ រស្មី ពីការពិន័យកាតក្រហមរបស់លោកអាជ្ញាកណ្តាល ជួន ងួនហុង។
ការបណ្តេញ កីឡាករ ឡាយ រស្មី ចេញពីទីលាន របស់លោក ជួន ងួនហុង គឺបានកើតឡើង នៅនាទីទី៣៧ បន្ទាប់ពីខ្សែប្រយុទ្ធពាក់លេខ៩៩ Gbenga រកបានគ្រាប់បាល់នាំឱ្យ អាស៊ីអឺរ៉ុប នាំមុខ ១-០ នៅនាទីទី៧។ ប៉ុន្តែការពិន័យកាតក្រហមនោះ បានធ្វើក្រុមអាស៊ីអឺរ៉ុប មានការក្តៅក្រហាយ និងបានតវ៉ារហូតនាំគ្នាដើរចេញពីទីលានផងដែរ ព្រោះអាស៊ីអឺរ៉ុប បានចោទលោកអាជ្ញាកណ្តាលថា ជាការចាប់កំហុសខុស ព្រោះការស៊ុតបាល់របស់ខ្សែប្រយុទ្ធ Privat នោះ មិនបានប៉ះដៃ កីឡាករ ឡាយ រស្មី នោះទេ គឺត្រូវដើមទ្រូង។
តែទោះបីជាយ៉ាងណា លោកអាជ្ញាកណ្តាល ជួន ងួនហុង នៅតែប្រកាន់ជំហរ លើការពិន័យនេះ និងបានផ្តល់បាល់ពិន័យ១១ម៉ែត្រ ទៅឱ្យ ក្រុមស្វាយរៀង ហើយខ្សែប្រយុទ្ធ Mika ស៊ុត២លើក ទើបបានសម្រេច ខណៈការស៊ុតមិនចូលលើកទី១ អាជ្ញាកណ្តាល មិនរាប់ជាសាច់ការ។
នៅក្រោយភាពចម្រូសចម្រាស់នេះ អាស៊ីអឺរ៉ុប ទទួលបានបាល់ពិន័យ១១ម៉ែត្រវិញ នៅនាទីទី៤៥+២ ហើយខ្សែប្រយុទ្ធ Abee ជាអ្នកធ្វើបានសម្រេច ប៉ុន្តែ ប្រាក់ មុន្នីឧត្តម បានស៊ុតតាមស្មើ ឱ្យស្វាយរៀង ជាលើកទី២ នៅនាទីទី៤៦។
ទោះយ៉ាងណា ក្រុមនៅសល់សមាជិកត្រឹម១០នាក់ អាស៊ីអឺរ៉ុប នៅតែធ្វើបានល្អ ដោយពួកគេរកបានគ្រាប់បាល់នាំមុខ ជាលើកទី៣ ដែលជាការស៊ុតបញ្ចូលទីរបស់ Abee នៅនាទីទី៥៩ ប៉ុន្តែការរកបានម្នាក់១គ្រាប់របស់ខ្សែប្រយុទ្ធ Privat នៅនាទីទី៦៤ និង Mika នៅនាទីទី៦៥ បានជួយឱ្យក្រុមស្វាយរៀង ទទួលបានជ័យជម្នះ ៤-៣ ទាំងលំបាកបំផុត ដែលអាចនិយាយថា បើគ្មានការពិន័យកាតក្រហមដល់ ឡាយ រស្មី គឺ ស្វាយរៀង អាចនឹងជួបការខកចិត្ត ព្រោះលើកនេះ អាស៊ីអឺរ៉ុប បានដាក់ចិត្តលេង១០០ភាគរយតែម្តង និងលេងបានល្អទេ។
ចំណែកខ្សែប្រយុទ្ធពាក់លេខ១៥ Iago Bento Fernandes បានស៊ុតទម្លុះសំណាញ់ទីក្រុមម្ចាស់ផ្ទះ នគរបាលជាតិ យ៉ាងល្អបំផុត នៅនាទីទី២១ ហើយនេះជាគ្រាប់បាល់មាស ដែលបានជួយឱ្យក្រុមអង្គរថាយហ្គឺរ យកឈ្នះក្រុមនគរបាលជាតិ ១-០ សម្រាប់ការប្រកួត នៅកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីថ្ងៃពុធនោះ។
ការទទួលបាន៣ពិន្ទុ បន្ថែមទៅលើការឈ្នះ២ និងស្មើ១ កន្លងមកនេះ បានជួយឱ្យក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរ ឡើងទៅឈរនៅកំពូលតារាង ជាបណ្តោះអាសន្ន ជាលើកទី២ ដោយមាន១០ពិន្ទុ ហើយបានរុញច្រានក្រុម ភ្នំពេញក្រោន និងក្រុមស្វាយរៀង ដែលមាន៩ពិន្ទុពេញដូចគ្នា ឱ្យមកឈរនៅលេខ២ និងលេខ៣ ជាបណ្តោះអាសន្ន៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)