• ក្រុមអង្គរថាយហ្គឺរ រំពឹងយកឈ្នះ ប៉ូលិស ដើម្បីឱ្យស័ក្តិសម នឹងការលះបង់
    បាល់ទាត់ក្នុងស្រុក 2 weeks ago 43 Views

    គ្រូ​បង្វឹក និងកីឡាករ​របស់​ក្រុម​អង្គរ​ថាយហ្គឺរ ​ហាក់​មាន​ការ​រំពឹងខ្ពស់​​​ថា ពួកគេ នឹង​អាច​បង្កើតបាន​នូវ​ភាព​រីករាយ គឺ​ការ​យក​ឈ្នះ​ក្រុម​​ម្ចាស់​ផ្ទះ នគរ​បាលជាតិ (ប៉ូលិស) សម្រាប់​ការ​ធ្វើ​ដំណើរ មកកាន់ទី​ក្រុង​​ភ្នំពេញ​ជា​លើកដំបូង​របស់ពួក​គេ សម្រាប់​ការ​ប្រកួត​លីគកំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០២១​នេះ។

    ​លោក Oriol Segura គ្រូ​បង្វឹក​ក្រុម​អង្គរថាយហ្គឺរ បាន​ទន្ទឹង​រង់ចាំ​​ខ្លាំង សម្រាប់​ការ​ប្រកួត​ជាមួយក្រុម​ម្ចាស់ផ្ទះ នគរ​បាលជាតិ ដែល​នឹង​ត្រូវ​ធ្វើនៅ​រសៀល​ម៉ោង៣:៣០ នៅ​ថ្ងៃ​ពុធ​នេះ​ ហើយ​លោក​មានការ​ជឿជាក់ថា ក្រុម​អង្គរថាយហ្គឺរ នឹង​ទទួលបាន​ភាព​សប្បាយ​រីក​រាយ ដើម្បី​ឱ្យស័ក្តិសម​ទៅនឹង​ការ​លះបង់របស់​ក្រុមនេះ។

    គ្រូ​បង្វឹកអេស្ប៉ាញ លោក Oriol Segura ​បាន​និយាយ​ថា៖​ «ថ្ងៃ​ប្រកួត ​គឺ​មក​ដល់​ហើយ ហើយ​ពួក​យើង​​ពិត​ជា​រង់ចាំ​យ៉ាង​ខ្លាំង ​ឱ្យ​​ពេល​វេលា​នោះ ​ឆាប់​មក​ដល់ ដើម្បី​យើង​បាន​​ប្រកួត​ទល់​នឹង​ ប៉ូលិស នៅ​ក្នុង​ទីក្រុងភ្នំពេញ»។

    គ្រូ​បង្វឹក​ រូបនេះ បាន​បន្ថែម​ថា៖​ «រៀង​រាល់​ការ​ប្រកួត គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ពួកយើង​ ក្នុង​ការ​បង្ហាញ​ពី​វឌ្ឍន​ភាព​របស់​ពួក​យើង ក្នុង​នាម​ជា​ក្លិប​បាល់​ទាត់​មួយ ដោយ​ពួក​យើង​បាន​លះបង់​ជាច្រើន ដូច្នេះ​យើង​រំពឹង​ថា នឹង​អាច​បង្កើត​ភាព​រីក​រាយ​តាម​រយៈ​ការ​លេង​នៅ​ថ្ងៃ​នេះ»។

    ចំណែក​​លោក​ អ៊ុក កនយ៉ានិត បាននឹង​កំពុងតែ​មានការ​បារម្ភ ​ទៅ​លើ​ទម្រង់លេង​របស់​ក្រុមលោក ខណៈ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Shane Booysen ត្រូវខកខាន​ជួយ​ក្រុម​រយៈ​ពេល​វែង​នោះ ព្រោះ​ពេលនេះ Booysen កំពុង​​ព្យាបាល​ជំងឺ​ស្ទះសរ​សៃ​ឈាម​ខួរ​ក្បាល ​នៅ​មន្ទីពេទ្យ ហើយការ​ប្រកួត​២​លើក​កន្លងមក​នេះ ក្រុមប៉ូលិស ក៏​ធ្វើ​មិន​បាន​ល្អ​ផងដែរ គឺ​បានចាញ់​​ក្រុម​អគ្គិសនីកម្ពុជា និង​ក្រុម​អាស៊ីអឺរ៉ុប លទ្ធផល ៣-២ ដូច​គ្នា។

    ផ្ទុយ​ពីនេះ ក្រុម​មាន​មូល​ដ្ឋាននៅ​ខេត្ត​សៀម​រាប អង្គរថាយហ្គឺរ នៅ​មិនទាន់​ស្គាល់ការ​ចាញ់នោះ​ឡើង សម្រាប់ការ​ប្រកួត​៣លើក​កន្លង​មក​នេះ គឺ​បន្ទាប់ពី​ស្មើ ១-១ ជាមួយក្រុម​ម្ចាស់​ផ្ទះ ខេត្តព្រៃវែង នៅ​ថ្ងៃ​បើក​ឆាក ​ពួកគេ បាន​បន្ត​យក​ឈ្នះ​ក្រុម​គិរីវង់សុខសែន​ជ័យ ២-០ និង​ឈ្នះ​ក្រុមកងយោធពល​ខេមរភូមិន្ទ ៣-២។

    ចំពោះការ​ប្រកួត​លើកនេះ ខ្សែ​ការពារ​ពាក់លេខ​៣ ស្រាំង ទិត្យឈី ​របស់​ក្រុម​អង្គរ​ថាយហ្គឺរ បាន​និយាយ៖​«ពួក​យើង ​បាន​រៀបចំ​ខ្លួន​រួច​រាល់​១០០​ភាគរយ សម្រាប់​ប្រកួត​នៅ​ថ្ងៃ​នេះ។ ទោះ​បីជា​ក្រុម ប៉ូលិស ជា​ក្រុម​ខ្លាំង​មួយ​ក៏ដោយ ប៉ុន្តែ​ពួកយើង​ នឹង​ព្យាយាម​យក​៣ពិន្ទុ​ដ៏​សំខាន់​ក្នុង​សប្ដាហ៍​នេះ ជូន​អ្នក​គាំទ្រ​ ឱ្យ​បាន»៕

  • Loading...
  • Recent Posts