• ភ្នំពេញក្រោន ផ្តួល បឹងកេត ដើម្បីបង្កើតកំណត់ត្រាថ្មី តែក្រុមក្មេងខ្ចី ខេត្តព្រៃវែង ស្គាល់ការចាញ់
    បាល់ទាត់ក្នុងស្រុក 2 weeks ago 59 Views

    ក្រុមភ្នំពេញ​ក្រោន ​បាន​យក​ឈ្នះ​​ក្រុមម្ចាស់ជើង​ឯក បឹងកេត ដើម្បី​លុបចោល​នៅ​ប្រវត្តិ​ដ៏​ហ្មងសៅ កាលពី​អតីតកាល និង​បង្កើត​បាន​មក​វិញ​នូវកំណត់ត្រា​ថ្មី នៅរដូវ​កាល ឆ្នាំ​២០២១​នេះ ប៉ុន្តែ​ក្រុមមានបទពិសោធក្មេងខ្ចី ខេត្តព្រៃវែង បាន​ជួបការ​បរាជ័យ​ក្រោមស្នាដៃ​ក្រុម​​ម្ចាស់​ផ្ទះ គិរីវង់សុខសែន​ជ័យ ចំណែក​ក្រុម​អគ្គិសនី​កម្ពុជា ក៏បានចាញ់​​ក្រុមខ្លាំង ណាហ្គាវើល កាលពី​ថ្ងៃអង្គារ ម្សិល​មិញ​ដូចគ្នា។

    បើទោះបីជា មានមតិ​លើក​ឡើងមុនការ​ប្រកួត​ថា ភ្នំពេញ​ក្រោន ខ្លាំងបានតែ​លេង​ជាមួយ​ក្រុម​តូចៗ ប៉ុន្តែ​តាម​រយៈការ​ប្រកួត នៅកីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ កាលពីម្សិលមិញ​នោះ ភ្នំពេញ​ក្រោន បានវាយ​បក​យក​ឈ្នះ​ក្រុមបឹងកេត ២-១ ដ៏គួរ​ឱ្យរំភើបបំផុត ហើយ​គ្រាប់បាល់​ជ័យជម្នះ​នេះ​រក​បាន​ដោយ​ កីឡាករជប៉ុន Yudai Ogawa នៅនាទីទី​៥១ និងខ្សែ​ប្រយុទ្ធ​អ៊ុយ​ក្រែន Valerii Hryshyn នៅនាទីទី​៥៤ ដើម្បី​លុបចោល​គ្រាប់នាំ​មុខ​របស់ បឹងកេត ដែល​ជា​ការស៊ុតបញ្ចូលទី​របស់ខ្សែ​ប្រយុទ្ធ ម៉ាត់ នូរុណ នៅនាទីទី​១៨។

    ការ​​ឈ្នះ​ក្រុម​បឹងកេត ២-១ បន្ថែម​ទៅ​លើ​ការ​ឈ្នះ​ក្រុមសូលទីឡូអង្គរ ៧-១ និង​ក្រុម​គិរីវង់សុខសែន​ជ័យ ២-១ នេះ វា​មិនត្រឹមតែ​បានជួយ​ឱ្យ​ក្រុមភ្នំពេញក្រោន ឡើងទៅ​ឈរនៅកំពូលតារាងជា​ថ្មី​ប៉ុណ្ណោះទេ ប៉ុន្តែ​ជ័យជម្នះនេះ វា​ក៏បានជួយ​ឱ្យ ភ្នំពេញ​ក្រោន បង្កើតបាន​នូវកំណត់ត្រាថ្មី​ផងដែរ ព្រោះការ​ជួប បឹងកេត ២រដូវកាល កន្លងមកនេះ ពួកគេ មិន​ធ្លាប់​ឈ្នះ​សោះ គឺ​​ត្រឹម​ចាញ់ ៣-២ មុនពេល​ស្មើ បឹងកេត ៤-៤ កាល​ពី​ឆ្នាំ​២០១៩ ចំណែក​ការ​ជួបគ្នា​២​លើក កាលពី​ឆ្នាំ​២០២០ ភ្នំពេញ​ក្រោន បានចាញ់ ៣-១ និងស្មើ ១-១ នៅ​ក្នុងការ​ប្រកួត​ជើងទី​២។

    ផ្ទុយពី​នេះ គ្រូ​បង្គោល លោក គីម ភក្តី កាន់តែមាន​សម្ពាធ ក្នុងការ​ដឹកនាំ​ក្រុម​​បឹងកេត ឱ្យ​វិលត្រឡប់​ទៅរក​ភាព​ខ្លាំង​វិញ ព្រោះ​នេះជា​ការ​ចាញ់លើក​ទី​២ បន្ទាប់​ពីបាន​ចាញ់​ណាហ្គាវើល ១-០ កាល​​ប្រកួត​បើក​ឆាក ខណៈ​ការ​ប្រកួតកាលពី​ឆ្នាំ​២០២០ បឹងកេត បាន​លើក​ពាន ជា​មួយកំណត់ត្រា មិនធ្លាប់ចាញ់ម្តង​ណាសោះ។

    ចំណែក​ក្រុម​ទើបបាន​ចូលលេងលីគកំពូល​កម្ពុជា ខេត្តព្រៃវែង មិនអាច​ទប់​មហិច្ឆតា​រក​៣ពិន្ទុ​របស់​ក្រុម​ម្ចាស់ផ្ទះ គិរីវង់សុខសែន​ជ័យ បាន​នោះទេ។ បើ​ទោះពី ខេត្តព្រៃវែង បានស្មើ ក្រុម​អង្គរ​ថាយហ្គឺរ ១-១ នៅ​លើទឹកដី​ខ្លួនឯង នា​ការ​ប្រកួតបើក​ឆាក ប៉ុន្តែកាលពី​ម្សិល​មិញ​នេះ ពួកគេ បានចាញ់​ក្រុមគិរីវង់ ៣-០ ដែល​ជា​ការ​រួមគ្នា​រក​បាន​ម្នាក់​​១​គ្រាប់របស់ ប្រាក់ ចាន់រតនា នៅនាទីទី៣២ Douglas Rosa Tardin នៅ​នាទីទី​៥៤ និង ឯម ផាន់ណា នៅនាទីទី​៨២។

    ដោយ​ឡែក​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់ប្រេស៊ីលពាក់លេខ​១៤​ Marcio ដែលទើប​បានជា​ពី​របួស ក្រោយ​អវត្ត​មាន​ទាំង​២​ប្រកួតនោះ បាន​វិលត្រឡប់​មក​វិញ ជាមួយការ​រក​បាន​២​គ្រាប់តែ​ម្នាក់​ឯង ដើម្បី​ជួយ​ឱ្យ​ ក្រុម​ណាហ្គាវើល ​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ​អគ្គិសនី​កម្ពុជា ៣-១ កាលពី​ថ្ងៃអង្គារ​នោះ​ដែរ។ Marcio រក​បាន​គ្រាប់បាល់ នៅនាទីទី​៣១ និងទី​៤៣  គឺ​នៅចន្លោះពេល​នៃ​ការ​ស៊ុតបញ្ចូលទី​របស់ សុះ ស៊ូហាណា នៅនាទីទី​៣៧ ចំណែក​​១​គ្រាប់របស់ អគ្គិសនី​កម្ពុជា​ រក​បានដោយកីឡាករ ច្រឹង ច័ន្ទវិរៈ នៅនាទីទី​២៦៕

  • Loading...
  • Recent Posts