អតីតកីឡាករជើងខ្លាំង ឡៅ ស៊ីណាត ដែលបានវិវឌ្ឍខ្លួនទៅជាគ្រូបង្វឹកទៅហើយនោះ មានការសង្ឃឹម និងជឿជាក់ខ្ពស់ទៅលើកីឡាករជើងថ្មី សំ អាន ថា នឹងអាចមានលទ្ធភាពដណ្តើមបានប្រាក់លាន សម្រាប់ការប្រកួតម៉ារ៉ាតុង នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ ស្របពេលដែលបេក្ខភាពមានបទពិសោធប្រកួតជើងវង្សា សេន កុសល និង គង់ ហូវ សុទ្ធតែបារម្ភទៅលើសមត្ថភាពជើងថ្មី សំ អាន និងបេក្ខភាពទី៤ សេក ថាវរី។
ឡៅ ស៊ីណាត ដែលជាគ្រូជំនួយរបស់កីឡាករ សំ អាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «សំ អាន ទើបហ្វឹកហាត់ឡើងប្រកួតបានត្រឹម២ឆ្នាំទេ ប៉ុន្តែគេមានសមត្ថភាពល្អ ហើយសម្រាប់បេក្ខភាពទាំង៤នាក់ ដែលត្រូវប្រកួតដណ្តើមប្រាក់លាន លើកនេះ ខ្ញុំមើលឃើញថា សមត្ថភាព សំ អាន កំពុងល្អខ្លាំង អាចមានលទ្ធភាពយកឈ្នះជើងចាស់ទាំងនេះបាន»។
បងប្រុសបង្កើតរបស់ជើងខ្លាំង ឡៅ ចិត្ត្រា និង ឡៅ ចន្ទ្រា រូបនេះ បានបញ្ជាក់ពីចំណុចខ្លាំងរបស់ កីឡាករ សំ អាន ថា៖« សម្រាប់ស្នៀតប្រកួត សំ អាន មានកណ្តាប់ដៃធ្ងន់ ហើយគេកម្លាំងល្អ និងធនទៅនឹងការវ៉ៃឡុករបស់ដៃគូ ដូច្នេះ សម្រាប់ការប្រកួតដណ្តើមប្រាក់លាននេះ ខ្ញុំជឿថា សំ អាន មានសង្ឃឹមឈ្នះដល់៨០ភាគរយ ខណៈកន្លងមក សំ អាន ធ្លាប់បានឈ្នះប្រាក់រង្វាន់នេះម្តងហើយ»។
តាមប្រវត្តិប្រកួតរបស់គូដណ្តើមប្រាក់លាន ទម្ងន់៦០គីឡូក្រាម ប្រចាំសប្តាហ៍ទី៦៨នេះ គឺអ្នកប្រដាល់ សំ អាន និង សេក ថាវរី ធ្លាប់ប្រកួតឡើងប្រកួតប្រហាក់ប្រហែលគ្នា ដោយក្នុងនោះ សំ អាន ប្រកួតបាន៣២ដង ឈ្នះ២៣ ចាញ់៦ ស្មើ៣ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៤ដង រីឯ សេក ថាវរី ប្រកួតបាន៣៥ដង ឈ្នះ២៥ ចាញ់៥ ស្មើ៥ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៦លើក។
ប៉ុន្តែ គង់ ហូវ និង សេន កុសល គឺមានបទពិសោធប្រកួតច្រើន បើប្រៀបធានទៅនឹង សំ អាន និង សេក ថាវរី ដោយក្នុងនោះ គង់ ហូវ ធ្លាប់ប្រកួតបាន៧៧ដង ឈ្នះ៦៦ ១០ ស្មើ១ដង ក្នុងនោះផ្តួលដៃគូឱ្យសន្លប់បាន១១លើក ចំណែក សេន កុសល ប្រកួតបាន៨៩ដង ឈ្នះ៧១ចាញ់១៦ ស្មើ២ដង ក្នុងនោះផ្តួលដៃគូឱ្យសន្លប់១៧ដង។
យ៉ាងណាក៏ដោយ សេន កុសល ដែលបានទៅហ្វឹកហាត់ជាមួយ លោក ធន់ សុភា ជាបណ្តោះអាសន្ននោះ ត្រូវបានលោក ធន់ សុភា បានប្រាប់ថា៖ «សេន កុសល មកហាត់ត្រៀមនៅជាមួយខ្ញុំ ហើយស្ថានភាពដូចជាមិនសូវបានល្អ និងលំបាកឈ្នះជើងថ្មីៗណាស់ គឺបើប៉ះ សំ អាន ពិតជាឧបសគ្គធំហើយ ហើយបើជួប សេក ថាវរី ក៏មិនងាយស្រួលដែរ ព្រោះជើងថ្មីទាំង២នាក់នេះ ហាត់ល្អ ប្រកួតល្អណាស់ ហេតុនេះ សេន កុសល រំពឹងឈ្នះមិនលើស៥០ភាគរយនោះទេ»។
ចំណែក គង់ ហូវ ដែលបានឆ្លៀតទៅដើររកឃ្មុំ ដើម្បីលក់យកប្រាក់មកជួយទប់ទល់ជីវភាពខ្វះខាតនៅក្នុងគ្រួសារនោះ បាននិយាយថា៖ «នៅក្នុងគ្រួសារ ខ្ញុំមានបន្ទុកមើលថែទាំចិញ្ចឹមឪពុកម្តាយចាស់ផង មានប្រពន្ធ និងកូន ផង ហេតុនេះពេលវេលាហ្វឹកហាត់បានតិចតួច ហើយមួយរយៈនេះ ប្រកួតមិនសូវបានល្អ។ ខ្ញុំមិនដែលប្រកួតជាមួយ សំ អាន និង សេក ថាវរី ទេ ទែពួកគេ ជាជើងខ្លាំងជំនាន់ក្រោយ ហេតុនេះខ្ញុំមិនហ៊ាននិយាយមុនទេ ចំណែក សេន កុសល ខ្ញុំធ្លាប់ឈ្នះ២ និងចាញ់២ដង អ៊ីចឹងជារួម ខ្ញុំសង្ឃឹមឈ្នះត្រឹម៥០ភាគរយ តែធានាវ៉ៃអស់ពីសមត្ថភាព»៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)