សង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍បាយ័ន និងស្ថានីយទូរទស្សន៍ហង្ស ដែលសុទ្ធតែបានផ្អាកការប្រកួតភ្លាមៗ ដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួន២សប្តាហ៍ កន្លងមកនេះ គឺបានបើកការប្រកួតជាធម្មតាវិញហើយ នៅចុងសប្តាហ៍នេះ ដែលធ្វើឱ្យការប្រកួតប្រដាល់នៅតាមសង្វៀនឯកជន នៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យនេះ មានចំនួន៤សង្វៀនវិញ និងមាន១១កម្មវិធីប្រកួត។
ទាក់ទងទៅនឹងការប្រកួតប្រដាល់គុនខ្មែរ នៅចុងសប្តាហ៍នេះ ត្រូវបានលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រាប់នៅក្នុងគ្រុបតេឡេក្រាមថា៖ «នៅសប្តាហ៍នេះ មានការបើកការប្រកួតគ្រប់សង្វៀនវិញហើយ»។
គួរបញ្ជាក់ថា សង្វៀនបាយ័នស្ទឹងមានជ័យ ត្រូវបានបិទការប្រកួតចំនួន៤កម្មវិធីភ្លាមៗ កាលពីថ្ងៃទី២០ និងទី២១ ខែមីនា បន្ទាប់ពីសង្វៀននេះ បានរៀបចំកម្មវិធីប្រកួតនៅយប់ថ្ងៃសុក្រ ទី១៩ ខែមីនា បានរួចរាល់ ហើយការបិទការប្រកួតភ្លាមៗនេះ ត្រូវបានលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ កាលគ្រានោះថា ដើម្បីចូលរួមរក្សាការពារបញ្ហាចម្លងនៃជំងឺកូវីដ១៩ និងដើម្បីសុវត្ថិភាពដល់កីឡាករ គ្រូបង្វឹក និងគណៈកម្មការប្រកួតផងដែរ។
ប៉ុន្តែនៅចុងសប្តាហ៍នេះ សង្វៀនបាយ័នស្ទឹងមានជ័យ នឹងបើកការប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំង៥របស់ខ្លួនវិញ គឺនៅថ្ងៃសុក្រ កម្មវិធីប្រកួតគូបូតា ដោយចាប់ផ្តើមពីយប់ម៉ោង៧ ដល់ម៉ោង៩ ហើយនៅថ្ងៃសៅរ៍មាន៣កម្មវិធី រួមមានការប្រកួតកម្មវិធី Champion ពីម៉ោង៨ព្រឹក ដល់ម៉ោង១០, ការប្រកួតរបស់ Super Whisky ពីរសៀលម៉ោង៣ ដល់ម៉ោង៥ និងការប្រកួតកម្មវិធីភេសជ្ជៈ Wurkz ពីម៉ោង ៦ល្ងាចដល់ម៉ោង៨យប់ ចំណែកនៅថ្ងៃអាទិត្យ គឺការប្រកួតរបស់ Carabao ពីល្ងាចម៉ោង៦ ដល់យប់ម៉ោង៨។
ដោយឡែកការប្រកួតប្រដាល់នៅសង្វៀនហង្សមាស ដែលបានផ្អាកការប្រកួតចំនួន២សប្តាហ៍ ដោយសារបុគ្គលិកមួយចំនួន ដែលធ្វើការងារនៅស្ថានីយ៍ទូរទស្សន៍ហង្សមាស ជាពិសេសក្រុមសិល្បៈ បានកើតជំងឺកូវីដនោះ ក៏បានបើកការប្រកួតវិញផងដែរ នៅយប់ថ្ងៃសៅរ៍នេះ គឺការប្រកួតជម្រុះដណ្តើមពាន ដែលពេលនេះ ជិតបញ្ចប់វគ្គជម្រុះតាមពូល១៦នាក់ចុងក្រោយហើយ។
តាមរយៈការបើកឱ្យមានការប្រកួតឡើងវិញ របស់សង្វៀនបាយ័នស្ទឹងមានជ័យ និងសង្វៀនហង្សមាស នេះ បានធ្វើឱ្យការប្រកួតប្រដាល់នៅចុងសប្តាហ៍នេះ មាន៤សង្វៀនវិញ សរុបមាន១១កម្មវិធី ព្រោះសង្វៀន CNC ដែលបានបើកការប្រកួតរហូតមកនោះ មាន៤កម្មវិធី (នៅថ្ងៃសៅរ៍មាន២ និងថ្ងៃអាទិត្យ មាន២កម្មវិធី) និងសង្វៀនថោន ដែលមាន១កម្មវិធី ប្រកួតនៅល្ងាចថ្ងៃអាទិត្យ៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)