• ព្រឹត្តិការណ៍ថ្មី នៅ CNC គឺ ជើងខ្លាំង អាចឈ្នះបានខ្សែក្រវាត់២ និងលុយ១ម៉ឺនដុល្លារ
    ប្រដាល់ក្នុងស្រុក 3 weeks ago 154 Views

    អ្នក​ប្រដាល់​ជើងខ្លាំង១នាក់ ក្នុងចំណោម​បេក្ខភាពទាំង​៨នាក់ ដែល​ត្រូវបាន​ជ្រើស​រើស​ឱ្យ​ចូល​រួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ថ្មី «អ្នក​តស៊ូគុនខ្មែរ កំពូល​ជើង​ឯក» របស់​សង្វៀន CNC អាច​នឹង​ទទួល​បាន​ខ្សែ​ក្រវាត់​២ និង​​ប្រាក់រង្វាន់​សរុបចំនួន​១ម៉ឺន​ដុល្លារ បើ​សិនជា​រូបគេ ​អាចជម្នះ​ការ​ប្រកួត និង​ដណ្តើម​​បាន​ជ័យជម្នះ ទាំង​២ដំណាក់​កាល ខណៈ​​ការ​ប្រកួតនេះ នឹង​ចាប់​ដំណើរ​ការ​ ​ពី​ថ្ងៃទី​៣ ខែមេសា ខាង​មុខ​នេះ ត​ទៅ។

    «អ្នក​តស៊ូគុនខ្មែរ កំពូល​ជើង​ឯក» ​គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត ដែលត្រូវបាន​ច្របាច់បញ្ចូល​ នូវ​​លក្ខខណ្ឌ​ប្រកួតកាន់តែពិសេស​ ​ប្លែក ជក់​ចិត្ត ​រំភើប និងមានឆាក​​ប្រយុទ្ធកាន់តែ​ស្រួច​ស្រាវ ព្រោះ​​ការ​​ប្រកួត​ថ្មី​នេះ មានទាំង​ការប្រកួត​ជម្រុះ​ដណ្តើម​យកខ្សែ​ក្រវាត់​ថ្មី និងការ​ប្រកួតដាក់​​ខ្សែ​ក្រវាត់ គឺ​មាន​ន័យ​ថា អ្នក​ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់ថ្មី នឹង​ត្រូវ​ឡើងទៅ​ប្រកួត​ដាក់​ខ្សែ​ក្រវាត់​​ជាមួយ​ជើងខ្លាំង ឃីម បូរ៉ា អ៊ីចឹង​បើ​សិនជាអ្នក​នោះ ​មាន​សមត្ថ​ភាព ​អាច​យក​ឈ្នះ​ ឃីម បូរ៉ា ទៀត​នោះ ​គឺ​គេ​នឹងទទួល​បានខ្សែ​ក្រវាត់​២ និង​ប្រាក់រង្វាន់​សរុបចំនួន​១ម៉ឺន​ដុល្លារ។

    លោក ម៉ា ស៊ីថេត អ្នក​គ្រប់​គ្រង​កម្ម​វិធី​កីឡា​​ប្រដាល់​ប្រចាំ​នៅ​សង្វៀន CNC បាន​ប្រាប់​​ថា៖​ «​កីឡាករ ដែល​ទទួល​បានតំណែង​ជើង​ឯក នៅ​ក្នុងការ​ប្រកួត​ប្រជែង​ រវាង​​បេក្ខភាពទាំង​៨នាក់ នឹង​ទទួល​បាន​​ខ្សែ​ក្រវាត់១ និង​ប្រាក់រង្វាន់​ចំនួន​៥០០០​ដុល្លារ ហើយ​​ម្ចាស់ជើង​ឯក​រូប​នោះ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ដាក់ខ្សែ​ក្រវាត់ ជាមួយ ឃីម បូរ៉ា ដែលជា​អ្នក​ឈ្នះខ្សែ​ក្រវាត់​១​ទៀត និង​​បាន​ប្រាក់​រង្វាន់​​​៥០០០ដុល្លារ អ៊ីចឹង​​មានន័យ​ថា បើ​សិនជា​អ្នក​នោះ អាច​បន្ត​យក​ឈ្នះ ឃីម បូរ៉ា ទៀត គឺគាត់នឹង​ទទួល​បានប្រាក់រង្វាន់ សរុបចំនួន​​១ម៉ឺន​ដុល្លារ និងខ្សែក្រវាត់​ចំនួន​២»។

    ​ ​យ៉ាង​ណា​មិញ ចំពោះ​បេក្ខភាព​ទាំង​៨​នាក់ ដែល​ត្រូវ​ប្រកួត នៅដំណាក់កាល​ទី​១ ត្រូវបាន​ជ្រើសរើស​រួច​ហើយ ដោយ​បានបែង​ចែក​ការ​ប្រកួត​ជា​២ពូល ក្នុង​នោះ​ពូល​A​ មាន​កីឡាករ សូត្រ វាសនា, ឈុត សេរីវ៉ាន់ថង, ម៉ឺន មេឃា និង ឡុង ជិន រីឯ​​​ក្រុមពូល​B មាន​អ្នក​ប្រដាល់​ចិត្ត​ធំ ចាន់ សំអាត, សោម វិឆ័យ, វេង សុភ័ក្រ និង តាញ់ មករា។

    សម្រាប់​រូប​មន្ត​ប្រកួត គឺ​នៅតាមពូលទាំង​២​នេះ ​​ត្រូវ​​ធ្វើការ​ប្រកួត​សន្សំ​ពិន្ទុ ដើម្បី​រក​បេក្ខភាពទទួល​បាន​​លេខ​១ និង​លេខ​២ នៅតាមពូលទាំង​២ ឡើងទៅ​ប្រកួត​វគ្គ​ខ្វែង ឬ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ​យក​អ្នក​ឈ្នះ​ឡើង​ទៅ​​ប្រកួត​នៅ​ផ្តាច់ព្រ័ត្រ ដោយ​​ម្ចាស់​ជើង​ឯក នឹង​ទទួល​បាន​ខ្សែ​ក្រវាត់​១ និង​ប្រាក់រង្វាន់​៥០០០ដុល្លារ រីឯអ្នក​លេខ​២​បាន​​២០០០ដុល្លារ អ្នក​លេខ​៣​បាន​១៥០០ដុល្លារ និង​អ្នក​លេខ​៤ បាន១០០០ដុល្លារ។

    បន្ថែម​ទៅ​លើ​ការ​ឈ្នះ​ខ្សែ​ក្រវាត់ និងលុយ​៥០០០​ដុល្លារ​នោះ គឺ​ម្ចាស់​ជើង​ឯក​រូប​នេះ នឹងឡើង​ទៅ​ប្រកួត​ដាក់ខ្សែ​ក្រវាត់ជាមួយជើងខ្លាំង ឃីម បូរ៉ា ដោយ​ក្នុង​ដំណាក់​កាលនេះ អ្នក​ឈ្នះ​នឹង​ទទួល​បានខ្សែ​ក្រវាត់​ថ្មី​មួយ​ទៀត អមជាមួយ​​ប្រាក់រង្វាន់​៥០០០ដុល្លារ រីឯ​អ្នក​ចាញ់​បាន​​លេខ​២ ក៏​ទទួលបាន​​ប្រាក់រង្វាន់​២០០០ដុល្លារ ផងដែរ៕

  • Loading...
  • Recent Posts