• រិន ដាវីត ដណ្តើមបានប្រាក់លាន ដូចការប្តេជ្ញាចិត្ត តែ ហ៊ឹម គឹមរៀង មិនតូចចិត្ត នឹងការសន្លប់
    ប្រដាល់ក្នុងស្រុក 4 months ago 112 Views

    កីឡាករ​​ជម្រើស​ជាតិ ​ រិន ដាវីត ដែល​ទើប​​​បាត់​​ម៉ូតូ កាលពី​ថ្ងៃ​សប្តាហ៍​មុន​នោះ ​បាន​ឈ្នះ​ប្រាក់លាន សម្រាប់ការ​ប្រកួតម៉ារ៉ាតុង ទម្ងន់​៥៤​គីឡក្រាម នៅ​លើ​សង្វៀនថោន កាល​ពី​ថ្ងៃអាទិត្យ ម្សិល​មិញ ដូច​ការ​ប្តេជ្ញា​ចិត្ត ដើម្បីសន្សំលុយ​ទិញ​ម៉ូតូ បានជិះ​វិញ ចំណែក ហ៊ឹម គឹមរៀង មិន​បាន​បង្ហាញ​ការ​តូច​ចិត្ត​ទៅនឹង​ការ​ចាញ់​សន្លប់ ក្រោម​ទម្ងន់ជាង ដាវីត នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នោះ​ទេ។

    តាម​រយៈការ​ប្រកួត កាលពី​ម្សិល​មិញ​នោះ រិន ដាវីត បាន​យក​ឈ្នះ សុខ រិទ្ធ ដែល​បាន​ឡើង​ប្រកួតជំនួស ភួន ឡាំង​កូស៊ីន ដោយ​ពិន្ទុ​ជា​ឯក​ច្ឆន្ទ ៥-០ នៅ​ក្នុង​វគ្គ​ជម្រុះ​៣​ទឹក ចំណែក ហ៊ឹម គឹមរៀង បាន​បុក​ជង្គង់ចូល​ពេញៗ បណ្តាល​ឱ្យ ជី ឆៃលី ដួល និង​ចុករមួល មិនអាច​បន្តការ​ប្រកួតបាន នៅត្រឹមទឹក​ទី​២។

    យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ដែល​ត្រូវបាន​ធ្វើ​ឡើង ក្នុង​ថ្ងៃ​តែ​មួយ​នោះ ហ៊ឹម គឹមរៀង ​​ត្រូវ​បាន រិន ដាវីត ទាត់​ប៊ិះ​ចំជង្គង់​ឆ្វេង បណ្តាល​ឱ្យ​ដួល​ជាមួយ​ការ​ឈឺ​ចាប់ ធ្វើ​ឱ្យ​អាជ្ញា​កណ្តាល​រាប់ ភ្លាមៗ នៅដឹម​ទឹក​ទី​១ ហើយនៅ​ពេល​ប្រកួតបន្ត​នោះ រិន ដាវីត បានទាត់​មួយជើង​បន្ថែម​ទៅ​លើ​របួស​ចាស់នោះ បណ្តាល គឹមរៀង ដួល​ដេក​ចុក​រមួល​ឈឺ​ចាប់យ៉ាង​ខ្លាំង និងមិនអាច​ក្រោក​ឈរ​បន្តការ​ប្រកួត​ទៀត​បាន។

    ការ​ផ្តួល ហ៊ឹម គឹមរៀង នៅ​ត្រឹម​ទឹក​ទី​១​នេះ ​វាមិន​ត្រឹម​តែបានជួយ​ឱ្យ រិន ដាវីត ក្លាយ​ជា​ម្ចាស់​ជើង​ឯក ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​លេខ​១ ចំនួន៣,៤​លាន​រៀល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជ័យជម្នះ​នេះ ក៏​បានជួយ​ឱ្យ ដាវីត សម្រេច​បានការ​សង​សឹក ចំពោះ​ការ​ចាញ់ ហ៊ឹម គឹមរៀង ទាំង​មិនអស់ចិត្ត ចំនួន​៣​លើក​កន្លង​មក​ផងដែរ។​

    ទាក់ទង​ទៅនឹង​ការ​ប្រកួត​ទាំង​២​លើក កាល​ពី​ថ្ងៃអាទិត្យ​នោះ រិន ដាវីត បាន​និយាយ​ថា៖​ «កីឡាករ សុខ រិទ្ធ គាត់​ចេញមួយៗ តែ​ធ្ងន់ ប៉ុន្តែ​តាម​រយៈនៃ​ការ​ប្រកួត​នេះ គាត់​ចូល​អត់​ចុះ​ជាមួយ​យើង ចំណែក​ ហ៊ឹម គឹមរៀង គឺ​ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​គាត់ ពេល​ប្រកួត​ជាមួយ ជី ឆៃលី ហើយ​ឃើញ​ថា គាត់រាង​ឈឺ​ជើង អ៊ីចឹង​ខ្ញុំ​បាន​ដឹងចំណុច​ខ្សោយ​នេះ ទើប​ខ្ញុំទាត់ជើង​ក្រោម រហូត​ធ្វើ​ឱ្យ​គាត់ មាន​បញ្ហាជើង មិនអាច​បន្តការ​ប្រកួតនេះ​បាន»។

    ​ចំណែកកីឡាករ ហ៊ឹម គឹមរៀង បាន​ប្រាប់​ពី​មូល​ហេតុ ដែល​បណ្តាល​ឱ្យ​រូបគេ ចាញ់ រិន ដាវីត យ៉ាង​ផុត​ស្រួយ បែបនេះ​ថា៖​«កាល​ប្រកួតជម្រុះជាមួយ ជី ឆៃលី គឺ​ពេលខ្ញុំបុក​ជង្គង់ទៅ ចំ​កែង​ដៃ​របស់​គាត់ ​ធ្វើឱ្យ​ជង្គង់​របស់​ខ្ញុំ​មាន​បញ្ហា មានន័យ​ថា ខ្ញុំ​មាន​របួស​ជាប់​ខ្លួន​ទៅ​ហើយ មុន​ការ​ប្រកួត​ផ្តាច់ព្រ័ត្រនេះ អ៊ីចឹង​ហើយ​នៅពេល​ ​រិន ដាវីត បាន​ទាត់ ចូលចំគន្លាក់ជើង​​មាន​របួស​នោះ​ ធ្វើ​ឱ្យ​ភ្លាត់​ជង្គង់​តែ​ម្តង»។

    តែ​ទោះបីជា​យ៉ាង​ណា ហ៊ឹម គឹមរៀង មិន​បាន​បង្ហាញ​ការ​តូច​ចិត្ត ឬ​សោកស្តាយ ចំពោះការ​ចាញ់ រិន ដាវីត នៅវគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ទេ។ គឹមរៀង ដែល​បាន​ប្រាក់រង្វាន់​១,៨លាន​រៀល បាន​បញ្ជាក់ថា៖​«ខ្ញុំមាន​អារម្មណ៍​សប្បាយ​ចិត្តទៅ​វិញ​ទេ ដែល​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​បើសិនជា​មានឱកាស ​បាន​មក​ប្រកួត​កម្ម​វិធីនេះ​ម្តង​ទៀត ខ្ញុំ​នឹង​ខំ​ប្រឹង​ហ្វឹក​ហាត់​ឱ្យ​បានខ្លាំង​ជាង​នេះ ដើម្បី​ដណ្តើម​ឱ្យបាន​ប្រាក់​លាននេះ ត្រឡប់​ទៅ​វិញ»៕

  • Loading...
  • Recent Posts